ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទំនិញគេចពន្ធ​​ពី​ថៃ ​រួច​ពី​គយ​មកជាប់​​​អន្ទាក់​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ រថយន្ត​ម៉ាក​កា​ម​រី​មួយ​គ្រឿង​ដែល​ដឹក​ទំនិញ​ចូល​ពី​ប្រទេស​ថៃ​គេចពន្ធ រួច​ពី​គយ​បែរជាមក​ជាប់អន្ទាក់​កងកម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តនៅ​ចំ​កណ្តាល​ក្រុង​សិរី​សោភ័ណ​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ រថយន្ត​ម៉ាក​កា​ម​រី​មួយ​គ្រឿង​ដែល​ដឹក​ទំនិញ​ចូល​ពី​ប្រទេស​ថៃ​គេចពន្ធ រួច​ពី​គយ​បែរជាមក​ជាប់អន្ទាក់​កងកម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តនៅ​ចំ​កណ្តាល​ក្រុង​សិរី​សោភ័ណ​ទៅ​វិញ ។​ ការ​ស្ទាក់​ចាប់​ឃាត់​រថយន្ត​ដឹក​ទំនិញគេចពន្ធ​នេះ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បាន​ធ្វើ​ឡើង​កាល​ពី​វេ​លាម៉ោង​១១​ និង​២​នាទី​ព្រឹក ​ថ្ងៃ​ទី​០៤ កុម្ភៈ​ ២០១៥ នៅ​ចំណុច​ភូមិ​សូ​ភី  សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​​។

លោក​វរសេនីយ៍ទោ​ ចាប សុ​ផា​ប្ញ​ទ្ធិ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ឲ្យ​ដឹង​ថា​ ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​កម្លាំង​សម្ងាត់​ថា ​មាន​រថយន្ត​កា​មរី​១​គ្រឿង​ដឹក​ទំនិញគេចពន្ធ លោក​បាន​​​រាយការណ៍ជូន​លោក​ឧត្ត​សេនីយ៍​ស្នងការ​ស្នើ​សុំ​គោលការណ៍ និងមានការ​សម្របសម្រួល​ពី​ស្ថា​ប័នអយ្យការ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។

កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ធ្វើការ​ស្ទាក់​ចាប់​ឃាត់​រថយន្ត​១​គ្រឿង​ម៉ាក​កា​ម​រី ពណ៌​ទឹកប្រាក់​ ស៊េរី​១៩៩៥ ពាក់​ស្លាក​លេខ​ខាង​មុខ បាត់ដំបង 2A.2722 ខាងក្រោយ​គ្មាន​ពាក់​ស្លាក​លេខ អ្នកបើកបរ​រថយន្ត​គេចខ្លួន​បាត់ ។ ក្រោយ​ពី​​​ចាប់​ឃាត់​រថយន្ត​មាន​បុរស​ម្នាក់បាន​ចេញ​មុខ​មក​អះអាង ​និង​ទទួលខុសត្រូវ ដែល​គេ​បាន​ស្គាល់​ថា​ ជា​ម្ចាស់​រថយន្ត​ឈ្មោះ ស៊ឹ​ម ចិត្រ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ​មានមុខ​របរជា​អ្នក​បើករថយន្ត​ឈ្នួល ។

​លោកនាយ​ការិយាល័យបាន​បញ្ជាក់​ថា​ តាម​ការ​ត្រួត​ពី​និត្យ​ទំនិញ​នៅ​ក្នុង​រថយន្ត​គេ​ឃើញ​មាន​ដឹក​ទឹកក្រូច​សម្រាប់​ក្មេង​ហូប​ម៉ាក DEEDO (​ប្រភេទ​ទឹក​រាវ​)​ដោយ​គ្មាន​បង្កាន់ដៃ​ពន្ធ​នាំ​ចូល ។​ ម្យ៉ាង​រថយន្តនេះ​ខុស​ច្បាប់​​ចរ​ចរណ៍​​បិទ​ស្គ​ត់​ខ្មៅ​ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច ដែល​បំរើ​ឲ្យ​ការ​ដឹក​ទំនិញគេចពន្ធ​ខុសច្បាប់​។​

ចំពោះ​ទំនិញ​ និង​រថយន្ត ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត តែ​គេ​នៅ​មិន​ទាន់​បាន​ត្រួតពិនិត្យ​រាប់​ឲ្យ​ដឹង​ពី​ចំនួន​កេស​ ចំនួន​ដប ឬ​ក៏​ទំនិញ​ហួស​កាលបរិច្ឆេទ​នៅឡើយ​ទេ រង់ចាំ​ស្ថាប័ន​អយ្យការ​សាលាដំបូង​ខេត្តបង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​រួម​គ្នា ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

    ​​