ខេត្តឧត្តរមានជ័យ ៖ បងប្អូនស្រី៣នាក់ និងក្មេងប្រុស២នាក់បានចេញបាត់ពីផ្ទះអស់រយពេល៣យប់មកហើយ ឪពុកម្តាយសាច់ញាតិនាំគ្នាតាមស្វែងរកតែរកមិនឃើញ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ធ្នូ ២០១៤ នៅក្នុងភូមិគោកអាណយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។
បុរសឈ្មោះក្រឹង រិន អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះប្រឹម អ៊ួន អាយុ៤៦ឆ្នាំ មានកូន៩នាក់ ក្នុងនោះស្រី៧នាក់ មានទីលំនៅក្នុងភូមិ-ឃុំខាងលើបានអះអាងថា មុនពេលភ្ញាក់ផ្អើល កូនស្រីរបស់ខ្លួនឈ្មោះរិន សុផល អាយុ២៦ឆ្នាំ ជាស្ត្រីមេម៉ាយមានកូនប្រុស២នាក់ នៅតូចៗ ទី២-ឈ្មោះរិន សុធី ភេទស្រី អាយុ១៧ឆ្នាំ ទី៣-ឈ្មោះរិន សូវៀត ភេទស្រី អាយុ១៤ឆ្នាំ ទាំងពីរនាក់នៅលីវ។ បុរសដដែលបានបញ្ជាក់ថា កន្លងមកមានស្ត្រីម្នាក់បានដើរចូលមកផ្ទះរបស់គាត់ ហើយបាននិយាយបបួលកូនរបស់គាត់ឲ្យចាកចេញពីផ្ទះទៅរកការងារធ្វើ។
ក្រោយមកទៀតស្ត្រីដែលមកបបួលនោះតែងតែព្យាយាមទូរស័ព្ទមកជួបនិយាយជាមួយកូនៗរបស់គាត់ជាញឹកញាប់ ស្រាប់នៅថ្ងៃទី២៣ ធ្នូ ២០១៤ ពេលរូបគាត់ទាំងពីរនាក់ត្រឡប់មកធ្វើស្រែចំការវិញបាត់កូនៗចំនួន៣នាក់ និងចៅប្រុសតូចៗ២នាក់ ដោយមិនដឹងថា ទៅទីណា ឬចាញ់បោកគេនាំយកទៅលក់ក៏អាចថាបានដែរ។
រូបគាត់ទាំងពីរនាក់ប្តីប្រពន្ធបានបន្តថា ក្រោយពីបាត់កូននោះរូបគាត់ទាំងពីរនាក់ និងសាច់ញាតិមានជីវភាពក្រីក្រផង បាននាំគ្នីគ្នាខិតខំដើរស្វែងរកសាកសួរគេឯងនៅក្នុងភូមិរហូតទៅដល់ភូមិអូរចញ្ចៀន ឃុំអន្លង់វែង បានចេញពន្លឺខ្លះៗ ដោយអ្នកភូមិបានឃើញកាលពីយប់ថ្ងៃទី២៤ ធ្នូ ២០១៤នោះកូនរបស់គាត់ដេកស្នាក់នៅក្នុងភូមិនេះ លុះព្រឹកឡើងគេមិនដឹងថា ចាកចេញទៅទីណាទេ ដោយមានការព្រួយបារម្ភពីកូនរូបគាត់ទាំងពីរនាក់ប្តីប្រពន្ធបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរភូមិ-ឃុំ និងសមត្តកិច្ចឲ្យជួយធ្វើការអន្តរាគមន៍ តែមកដល់ពេលនេះនៅមិនទាន់ឃើញនៅឡើយទេ៕
ចែករំលែកព័តមាននេះ