ខេត្តកំពង់ចាម ៖ ក្រមុំជនបទម្នាក់ឈ្មោះសិត ស្រួ អាយុ២២ឆ្នាំ នៅភូមិត្រពាំងថ្ម ឃុំត្រពាំងគ ស្រុកជើងព្រៃ បានចេញទៅច្រូតស្មៅនៅវាលស្រែមួយកន្លែងដែលមានចម្ងាយប្រហែលជា៥០០ម៉ែត្រពីផ្ទះ នារសៀលថ្ងៃទី២៥ តុលា ត្រូវឃាតករចាប់រំលោភសេពសន្ថវៈ និងអារ.កសម្លាប់បំបិទមាត់ ។ រហូតមកដល់វេលាម៉ោង៣រសៀលថ្ងៃទី២៦ តុលា សមត្ថកិច្ចនៅមិនទាន់ស្រាវជ្រាវចាប់ជនសង្ស័យណាមួយបាននៅឡើយទេ ។ ទោះបីជាបែបណាការរំលោភសម្លាប់យ៉ាងព្រៃផ្សៃបែបនេះច្រើនតែប្រព្រឹត្តឡើងដោយមនុស្សស្គាល់គ្នា ។
តាមមន្ត្រីនគរបាលស្រុកជើងព្រៃបានឱ្យដឹងថា ជារៀងរាល់ថ្ងៃនារីរងគ្រោះតែងទៅរកស្មៅគោជាមួយម្ដាយរបស់នាង ។ នៅថ្ងៃកើតហេតុនាងបានចេញពីផ្ទះវេលាម៉ោង២រសៀល ដោយទៅតែម្នាក់ឯងនោះទេ រហូតដល់ល្ងាចថ្ងៃទី២៥ តុលា ក្រុមគ្រួសារមិនឃើញនាងត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យឪពុកម្ដាយព្រមទាំងបងប្អូនសាច់ញាតិមានក្ដីកង្វល់និងបាននាំគ្នាចេញទៅតាមរក ។ ប្រភពដដែលបានបន្តថា ការស្វែងរករហូតដល់វេលាម៉ោង៦ល្ងាចថ្ងៃទី២៥ តុលា ទើបប្រទះឃើញសពនាងក្នុងស្ថានភាពត្រូវគេចាប់សម្រាតដល់ជង្គង់និងមានស្នាមអារ.កត្រង់ចំណុចវាលស្រែចម្ងាយពីភូមិត្រពាំងថ្ម ប្រមាណ៥០០ម៉ែត្រ ។
តាមការសន្និដ្ឋានឃាតករអាចត្រូវនារីរងគ្រោះស្គាល់ ទើបចាប់រំលោភបំពេញចំណង់កាមតណ្ហាឆ្អែតឆ្អន់ហើយ ក៏អារ.កសម្លាប់បំបិទមាត់តែម្ដង ។ រហូតមកដល់រសៀលថ្ងៃទី២៦ តុលា លោកវរសេនីយ៍ទោ ហេង វុទ្ធី អធិការនគរបាលស្រុកជើងព្រៃ បានចាត់ឱ្យកម្លាំងចុះទៅដល់ផ្ទះកើតហេតុព្រមទាំងបានហៅជនសង្ស័យ២នាក់មកសួរនាំនៅប៉ុស្ដិ៍រដ្ឋបាលឃុំត្រពាំងគ តែជនទាំងនោះឆ្លើយថា មិនមានពាក់ព័ន្ធនឹងហេតុការណ៍នេះទេ ។ មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីមានហេតុការណ៍ខាងលើនេះលោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ស្នងការនគរបាលខេត្តបានចាត់ឱ្យកម្លាំងនគរបាលបច្ចេកទេសចុះទៅពិនិត្យសពនារីរងគ្រោះដែលរងការរំលោភសម្លាប់ដ៏ឃោរឃៅនេះ ។
ពេលនេះសមត្ថកិច្ចស្រុកកំពុងតែសហការគ្នាធ្វើការស្រាវជ្រាវតាមវែកមុខជនសង្ស័យជាឃាតករដែលអាចមិនយូរនោះទេ ពិតជានឹងត្រូវចាប់ខ្លួនបានមិនខាន ព្រោះតែនារីរងគ្រោះស្លាប់ក្នុងភូមិដែលនាងរស់នៅ មិនមែនស្លាប់នៅកន្លែងឆ្ងាយពីស្រុកកំណើតនោះទេ ៕
ចែករំលែកព័តមាននេះ