រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់-ស្រាល បន្ទាប់ពីដើរឆ្លងផ្លូវត្រូវរឺុម៉កម៉ូតូបើកមកបុកចំពីមុខពេញទំហឹង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧និង៥០នាទីយប់ ថ្ងៃទី ២៩ កក្កដា ២០១៤ នៅចំណុចមុខខារ៉ាអូរខេនគរសំរិទ្ធ ផ្លូវ១៨២ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះទី១. ឈ្មោះ ពេជ្រ ស្រីរី ភេទស្រី អាយុ២៤ឆ្នាំ ជាមេការនៅខារ៉ាអូរខេនគរសំរិទ្ធ របួសធ្ងន់ ,ទី២.ឈ្មោះ ហួត ណាវី ភេទស្រី អាយុ៤៣ឆ្នាំ ជាបុគ្គលិកផ្នែកអនាម័យ នៅក្នុងខារ៉ាអូរខេ នគរសំរិទ្ធ និងជនរងគ្រោះទី៣.ឈ្មោះ ស៊ុន លីវណ្ណហេង ភេទប្រុសអាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូក ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរឺុម៉កម៉ូតូបើកដោយបុរសម្នាក់តាមផ្លូវ១៨២ ក្នុងទិសដៅពីកើត មកលិច មកដល់ចំណុចកើតហេតុក៏បានទៅបុកមនុស្សប្រុស-ស្រី៣នាក់កំពុងដើឆ្លងផ្លូវ ក្នុងទិសដៅ ពីជើងទៅត្បូងពេញទំហឹងបណ្តាលឱ្យរបួសធ្ងន់ស្រាល៣នាក់ ហើយអ្នកបើករឺុម៉កម៉ូតូបានព្យាយាមបើកគេចខ្លួន ក៍ជ្រុលទៅបុកពីក្រោយរថយន្តឡិចស៊ីស RX-300 បណ្តាលឱ្យបាក់កាងក្រោយ ធ្វើឱ្យរឺុម៉កម៉ូតូទៅមុខលែងរួច។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសន្តិសុខខារ៉ាអូរខេ នគរសំរិទ្ធបីយកទៅសង្រ្គោះនៅក្នុងគ្លីនិកឯកជនក្បែរកន្លែងកើតហេតុ ហើយសមត្ថកិច្ចបានចុះមកវាស់វេង យករឺុម៉កម៉ូតូបង្កទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ