ខេត្តតាកែវ ៖ នៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ និងបណ្តាឃុំ ស្រុកមួយចំនួននៃខេត្តកំពត ដែលជាប់នឹងព្រំប្រទល់ស្រុកត្រាំកក់ អ្នកណាក៏ដឹងថា លោករស់ ម៉ៅ ជាកសិករដាំបន្លែតាមបែបធម្មជាតិ និងជាកសិករគំរូមួយរូបដែលពូកែបង្កើតគំនិតច្នៃប្រឌិតប្លែកៗដែរ ។ ជោគជ័យរបស់លោកត្រូវបានសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកចុះផ្សាយជាហូរហែ។
ជួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាព លោករស់ ម៉ៅ រៀបរាប់ថា ដំបូងឡើយនៅភូមិចមពលនេះ គ្រួសាររបស់លោកមានជីវភាពក្រីក្រជាងគេ ក្រៅពីលក់កម្លាំងពលកម្មបន្តិចបន្តួច គឺមិនអាចធ្វើអ្វីផ្សេងបានឡើយ សូម្បីតែការដាំបន្លែ និងការចិញ្ចឹមសត្វផ្សេងៗ ក៏មិនបានផលដែរ ហេតុនេះលោកត្រូវរកប្រាក់ដោយរត់ម៉ូតូឌុបផង ស៊ីឈ្នួលរែកដីផង លក់នំបញ្ចុកផង ហើយនៅតែមិនអាចផ្គត់ផ្គង់គ្រួសាររបស់លោកបានគ្រប់គ្រាន់ទៀត ។
លុះនៅអំឡុងឆ្នាំ២០០១ អង្គការសេដាកបានចុះមកដល់ភូមិចមពលនេះ ហើយបានណែនាំ និងបង្រៀនពីវិធីដាំបន្លែ និងការចិញ្ចឹមសត្វផ្សេងៗ ព្រមទាំងពន្យល់កសិករឱ្យធ្វើស្រែតាមវិធីប្រើពូជស្រូវតិច គឺណែនាំឱ្យស្ទូងស្រូវមួយដើមក្នុង១ដំណោត ហើយឱ្យប្រើតែជីធម្មជាតិដែលផលិតពីលាមកសត្វ និងស្លឹកឈើបុ៉ណ្ណោះ ។ ម្យ៉ាងទៀត ក្រោយពីកសិករក្នុងភូមិដាំបន្លែ និងចិញ្ចឹមសត្វតាមការណែនាំរួច អង្គការសេដាកបានចេញច្បាប់អភិរក្សមួយ គឺផាកពិន័យទៅលើសត្វស៊ីដំណាំ និងបានប្រាប់ទៅអ្នកនៅក្នុងភូមិថា បើសត្វពាហនៈរបស់ពួកគាត់ស៊ីដំណាំម្តង ត្រូវសងប្រាក់បុ៉ន្មាន ? ស៊ី២ដងត្រូវសងប្រាក់បែបណា ?
ចាប់តាំងពីពេលនោះមក គ្រួសារលោកបានរៀនបណ្តើរ អនុវត្តដាំបន្លែ និងចិញ្ចឹមសត្វបណ្តើរ រហូតដល់លោកទទួលជោគជ័យ គឺនៅអំឡុងឆ្នាំ២០០៦ ហើយពេលនោះគាត់ក៏បានចូលប្រឡងផ្នែកកសិកម្មពីការដាំល្ហុងនៅអគ្គនាយកដ្ឋានកសិកម្ម ទទួលបានពានរង្វាន់លេខ១ ផងដែរ ។ លោកនិយាយថា «ការទទួលជោគជ័យទៅបាន មិនមែនយើងធ្វើ១ថ្ងៃ ឬ២ថ្ងៃនោះទេ» ។
លោកបញ្ជាក់ថា មកដល់ពេលនេះ ការដាំបន្លែ ចិញ្ចឹមត្រី ដោយមិនប្រើគីមីនៅក្នុងបរិវេណផ្ទះរបស់លោក គឺមានបន្លែជាង៤០មុខ និងកន្លែងចិញ្ចឹមត្រី៥កន្លែងតូចៗ រួមទាំងកសិដ្ឋានចិញ្ចឹមមាន់នៅខាងលិចភូមិមួយកន្លែងទៀត ។ លោកថា ការដាំបន្លែ គឺមិនត្រូវការអ្វីធំដុំទេ គឺ មានតែធុងស្នោ បាវស៊ីម៉ងត៍ និងដបទឹកក្រូច ក៏យើងអាចដាំបានដែរ ហើយការចំណាយទឹកស្រោចស្រពតិចបំផុត ។
បន្ទាប់ពីមានការផ្សព្វផ្សាយតាមវិទ្យុ ឬទូរទស្សន៍ថា បន្លែរបស់លោកមិនប្រើគីមី ធ្វើឱ្យភ្ញៀវដែលធ្វើដំណើរឆ្លងកាត់នៅតំបន់នេះ តែងតែចូលមកទិញយកទៅបរិភោគគ្រប់ៗគ្នា រហូតមានអ្នកខ្លះទិញទុកហូបពេញមួយសប្តាហ៍ និងមានអ្នកខ្លះបានឱ្យលោកផ្ញើបន្លែតាមរថយន្តឈ្នួលថែមទៀតផង ។ ក្រៅពីនេះ មានអង្គការមួយចំនួនចុះមកទស្សនកិច្ចស្វែងយល់ពីការដាំដំណាំរបស់លោក ជាពិសេសពេលថ្មីៗនេះមានអង្គការមួយបានដឹកនាំសមាជិកមកទស្សនកិច្ចចំនួន៤០នាក់ ក្នុងគោលបំណងចង់ស្វែងយល់ពីវិធីសាស្ត្រក្នុងការដាំបន្លែរបស់លោកផងដែរ ។
ឥឡូវនេះ ជារៀងរាល់ព្រឹកគ្រួសារលោកតែងតែកាត់បន្លែទាំងនេះយកទៅលក់នៅផ្សារដោយលក់ថ្លៃជាងបន្លែដែលប្រើជីគីមីបន្តិចបន្តួច គឺក្នុងមួយគីឡូក្រាមលើស៥០០រៀល ហើយក្នុងមួយថ្ងៃអាចរកចំណូលជាមធ្យមបាន២០.០០០រៀល ធ្វើឱ្យគ្រួសារលោកមានលទ្ធភាពគ្រប់គ្រាន់អាចឱ្យកូនបន្តការសិក្សានៅសាកលវិទ្យាល័យបាន ។
ដោយឡែក ទាក់ទិននឹងការធ្វើជី និងថ្នាំសម្លាប់សត្វល្អិត លោកនិយាយថា ពេលនេះលោកមិនបាច់ចំណាយប្រាក់ទិញពីក្រៅមកទេ គឺ ផលិតដោយខ្លួនឯង ហើយលោកបានកំណត់ខ្លួនឯងថា ក្នុងមួយឆ្នាំត្រូវបង្កើតគំនិត ឬច្នៃប្រឌិតអ្វីមួយដែលប្លែក គឺមិនត្រូវដាំដុះតាមវិធីដដែលៗនោះទេ ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៤ នេះ លោករកឃើញគំនិតថ្មីមួយដោយដាក់ឈ្មោះថា «ការចិញ្ចឹមមាន់លើអាកាស» មានន័យថា លោកចិញ្ចឹមមាន់ដោយដាក់ទ្រុងលើរងបន្លែ គឺ ផ្តល់ផលប្រយោជន៍នៅពេលលាមកសត្វមាន់ធ្លាក់ចូលទៅក្នុងគុម្ពបន្លែ ហើយនៅឆ្នាំក្រោយ លោកគ្រោងនឹងចិញ្ចឹមសត្វកន្ធាយ ដើម្បីទុកជាការអភិវឌ្ឍខ្លួន ។
លោកបន្តថា សព្វថ្ងៃនេះនៅភូមិចមពល មានប្រជាជនចំនួន២៦០គ្រួសារ ក្នុងនោះប្រជាកសិករជាង១០០គ្រួសារអនុវត្តផ្នែកកសិកម្មតាមអង្គការសេដាក ដោយដាំដុះគ្រប់ដំណាំទាំងអស់មិនប្រើជីគីមីទេ ។ ដោយឡែកចំពោះការធ្វើស្រែ បន្ទាប់ពីលោកអនុវត្តតាមអង្គការសេដាកឃើញថា ការចំណាយ ក៏ដូចជារក្សាទុកពូជស្រូវ គឺមានចំនួនតិចសម្រាប់ដីស្រែ១ហិកតា តែទិន្នន័យកើនឡើងជាបន្តបន្ទាប់ចាប់ពី១តោនរហូតដល់៧,៥តោន បើធៀបទៅនឹងការធ្វើស្រែពីមុនៗក្នុងទំហំដីដូចគ្នា លោកទទួលបានផលត្រឹមតែ១តោនបុ៉ណ្ណោះ ។ ក្រោយពីមានបទពិសោធន៍ក្នុងការធ្វើស្រែតាមបែប ប.វ.ស របស់អង្គការសេដាក រហូតមកដល់ពេលនេះ លោកក៏មានពូជស្រូវមួយចំនួនទុកជូនប្រជាកសិករផងដែរ ដោយលក់ក្នុងតម្លៃ៤.០០០រៀលក្នុងមួយគីឡូក្រាម គឺថ្លៃជាងពូជស្រូវធម្មតា ៕
ចែករំលែកព័តមាននេះ