ជិត៣ថ្ងៃហើយក្រោយការបាត់ដានយន្តហោះជើងហោះហើរ MH 370 របស់ក្រុមហ៊ុនអាកាសចរណ៍ MALAYSIA AIRLINES ដែលដឹកមនុស្ស២៣៩នាក់ ក្នុងនោះមានជនជាតិចិនដល់ទៅជាង១៥០នាក់ ដែលវាសនារបស់ពួកគេនៅតែពុំទាន់ដឹងច្បាស់រហូតមកទល់ពេលនេះ ។មជ្ឈមណ្ឌលត្រួតពិនិត្យការហោះហើរនៅស៊ូបាង ម៉ាឡេស៊ី បានបាត់ការទាក់ទងជាមួយយន្តហោះប៊ូអុីង ៧៧៧-២០០ នោះ ១ម៉ោងក្រោយការហោះចេញពីទីក្រុងគូឡាឡាំពួរ ។ ពួកអ្នកជំនាញការបានធ្វើការពន្យល់ពីអាថ៌កំបាំងធំមួយចំនួនជុំវិញការបាត់យន្តហោះនេះ ។
តើយន្តហោះអាចបាត់ការទាក់ទងភ្លាមៗបែបណា ? ពួកអ្នកវិភាគបានលើកឡើងពីលទ្ធភាព៣ ។ ទី១-យន្តហោះហោះចូលក្នុងភ្នំទឹក ហើយបាត់ការត្រួតត្រា ។ ទី២-គ្រោះថ្នាក់មួយចំនួនកើតមានចំពោះពួកអ្នកបើក ។ ទី៣-ការទាក់ទងពីអាកាសមកដីត្រូវកាត់ផ្តាច់មកពីមានការខូច ។ពួកអ្នកត្រួតពិនិត្យនៅលើដីតាមដានយន្តហោះតាមផ្លូវ៣ គឺតាមរ៉ាដា តាមការទាក់ទងគ្នាដោយមាត់ផ្ទាល់ និងតាមរយៈប្រព័ន្ធទំនាក់ទំនងទិន្នន័យអាកាស-ដីផ្អែកលើបច្ចេកវិទ្យាគមនាគមន៍តាមផ្កាយរណប ។
ពេលមធ្យោបាយទាំង៣នោះលែងមានយន្តហោះអាចចាត់ទុកថាបាត់ដាន ។ លោក WIL-LIAM WALDOCK ដែលបណ្តុះបណ្តាលការសើុបអង្កេតលើបណ្តាគ្រោះថ្នាក់នៅសាកលវិទ្យាល័យ EMBRY-RIDDLE AERONAUTICAL នៅក្រុង PRESCOTT សហរដ្ឋអាមេរិកយល់ថា អវត្តមានការទាក់ទងបង្ហាញថា មានអ្វីកើតមានភ្លាមៗ ហើយសាហាវបំផុត។ ប្រសិនបើមានបញ្ហាមេកានិកតូចតាច ឬក៏មានអ្វីដែលធ្ងន់ធ្ងរខ្លាំងដូចជាម៉ាស៊ីនទាំងពីររបស់យន្តហោះគាំងលែងដើរជាដើមនោះ ពួកអ្នកបើកក៏អាចមានពេលបញ្ជូនសញ្ញាអាសន្នបានដែរ ។
កាលពីថ្ងៃទី១ មិថុនា ឆ្នាំ២០០៩ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍បារាំង AIR FRANCE ជើងហោះហើរ AF 447 ជាយន្តហោះធុន AIRBUS A330-200 បានធ្លាក់ក្នុងមហាសមុទ្រអាត្លង់ទិកជាមួយមនុស្ស២២៨នាក់ ។ រន្ទះបាញ់ពីដំបូងចាត់ទុកថា ជាមូលហេតុនៃគ្រោះថ្នាក់នេះ ។ ក៏បុ៉ន្តែរបាយការណ៍សើុបអង្កេតចេញផ្សាយ៣ឆ្នាំក្រោយមកបង្ហាញថា បញ្ហាបច្ចេកទេស និងកត្តាមនុស្សជាប្រភពនៃគ្រោះថ្នាក់នោះ ។
ការបាត់យន្តហោះ MH-370 ពិតជាមានអាថ៌កំបាំងខ្លាំងប្រហែលជាវាកើតមានពេលយន្តហោះកំពុងហោះនឹងពុំមែនក្នុងដំណាក់កាលគ្រោះថ្នាក់បំផុតពេលហោះឡើង ឬពេលចុះឡើយ ។ យោងតាមស្ថិតិពីគ្រោះថ្នាក់យន្តហោះពាណិជ្ជកម្មធ្វើដោយក្រុមហ៊ុនប៊ូអុីងថា គ្រោះថ្នាក់ពេលយន្តហោះកំពុងបើកក្នុងកម្ពស់នឹងអាចកើតមានត្រឹម៩% ទេ ។ ពួកអ្នកជំនាញការយល់ថា យន្តហោះស្រាប់តែខូចភ្លាមៗពេលកំពុងហោះ ។ វាអាចធ្លាក់ដាំក្បាលត្រង់តែម្តងពេលកំពុងហោះលឿន ។
ក្រោយការវាយប្រហារភេរវកម្មថ្ងៃទី១១ កញ្ញា ២០០១ នៅក្រុងញូវយ៉ក បណ្តាយន្តហោះលើពិភពលោក គេដាក់ទ្វារការពារគ្រាប់សម្រាប់បន្ទប់បើកបររបស់យន្តហោះ ដើម្បីអាចឱ្យពួកអ្នកបើកមានពេលគ្រប់គ្រាន់រាយការណ៍មកដី ប្រសិនបើយន្តហោះត្រូវចាប់ពង្វាងដោយពួកភេរវករ ។
សារព័ត៌មានចិនរិះគន់ម៉ាឡេស៊ីខ្លាំងបំផុត
សារព័ត៌មានចិនរិះគន់ខ្លាំងបំផុតចំពោះអាជ្ញាធរម៉ាឡេស៊ី និងក្រុមហ៊ុន MALAYSIA AIRLINES កាលពីថ្ងៃទី១០ មីនា ចំពោះការគ្រប់គ្រងលើរឿងបាត់យន្តហោះ ដោយបរិហារថា ពុំមានវិធានការសន្តិសុខគ្រប់គ្រាន់ ហើយមានប្រតិកម្មយឺតយ៉ាវ ។
កាសែតផ្លូវការចិន GLOBAL TIMES គូសបញ្ជាក់ក្នុងបទបរិយាយរបស់ខ្លួនថា អាជ្ញាធរម៉ាឡេស៊ីពុំអាចគេចពីការទទួលខុសត្រូវទាំងឡាយឡើយ ។ ប្រតិកម្មពីដំបូងរបស់ម៉ាឡេស៊ីពុំរហ័សរហួន ហើយក៏គ្មានសេចក្តីរាយការណ៍ភ្លាមៗពីក្រុមហ៊ុន MALAYSIA AIRLINES និងបណ្តាអ្នកទទួលខុសត្រូវខាងសន្តិសុខដែរ ។
ចំណែកកាសែត CHINA DAILY វិញនិយាយថា សេណារីយូ៉ភេរវកម្មពុំអាចបដិសេធឡើយ និងថាអាជ្ញាធរម៉ាឡេស៊ីនិងអន្តរជាតិនៅតែពុំអាចនិយាយថា តើអ្នកណាជាអ្នកដំណើរដែលឡើងជិះយន្តហោះប្រើអត្តសញ្ញាណក្លែងក្លាយ ។ ប្រការដែលមនុស្សអាចឡើងជិះយន្តហោះប្រើលិខិតឆ្លងដែនក្លែងក្លាយនាំឱ្យយើងយល់ថា បណ្តាញសន្តិសុខលើពិភពលោកនៅពុំទាន់ល្អខ្លាំង ពិសេសសម្រាប់បណ្តាព្រលានយន្តហោះ ។
ក្រោយការបាត់យន្តហោះនេះ ការសង្ស័យលើការវាយប្រហារភេរវកម្មមានកាន់តែខ្លាំងនាថ្ងៃទី៩ មីនា ។ ម៉ាឡេស៊ីធ្វើការសើុបអង្កេតលើពួកអ្នកដំណើរសង្ស័យ៤នាក់ជិះក្នុងយន្តហោះ។ ក្នុងចំណោមជនសង្ស័យទាំង៤នាក់នោះ យ៉ាងតិច២នាក់ប្រើលិខិតឆ្លងដែនអឺរុ៉បដែលលួចពីបុរសជនជាតិអូទ្រីសម្នាក់ និងលួចពីបុរសអុីតាលីម្នាក់ ។ អាមេរិកដែលមានជនជាតិគេ៣នាក់ជិះក្នុងយន្តហោះនោះដែរបានបញ្ជូនភ្នាក់ងារ FBI មក ដោយបញ្ជាក់ថា មកដល់ដំណាក់កាលនេះនៅពុំទាន់មានភស្តុតាងពីភេរវកម្មនៅឡើយ ។
អ្នកទទួលខុសត្រូវម៉ាឡេស៊ីម្នាក់និយាយថា ការតាមរុករកយន្តហោះបាត់ដានចាប់តាំងពីជាង៤៨ម៉ោងមកហើយ នៅតែពុំទាន់ទទួលបានលទ្ធផលណាមួយនាថ្ងៃទី១០ មីនា ។
នាយកអាកាសចរណ៍ម៉ាឡេស៊ី លោក AZHARUDDIN ABDUL RAHMAN ថ្លែងថា គួរឱ្យសោកស្តាយដែលយើងនៅពុំទាន់រកឃើញអ្វីសោះទាក់ទិនដល់យន្តហោះបាត់ ។ ខាងអាកាសចរណ៍វៀតណាម កាលពីយប់ថ្ងៃទី៣ មីនា ប្រទះឃើញបំណែកសង្ស័យជាបំណែកយន្តហោះក្នុងដែនទឹកនៃឆ្នេរសមុទ្ររបស់ខ្លួន ក៏បុ៉ន្តែនៅពុំទាន់មានការអះអាងបញ្ជាក់នៅឡើយ ៕
ចែករំលែកព័តមាននេះ