ខេត្តកណ្តាល ៖ ម្ចាស់ហាងកាហ្វេយីហោ «បុបា្ផកំពូលភ្នំ» ដែលជាស្ត្រីមេម៉ាយ ព្រមទាំងកូនស្រីទោល និងស្ត្រីអ្នកបំរើការងារផ្ទះម្នាក់ទៀតត្រូវជនប្រដាប់អាវុធបាញ់សំលាប់ផ្តាច់ពូជយ៉ាងព្រៃផ្សៃចំថ្ងៃឆ្លងបុណ្យភ្ជុំបិណ្ឌនៅក្នុងផ្ទះដែលស្ថិតនៅខាងលិចរង្វង់មូលរូបសំណាកតាខ្មៅ ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ការបាញ់សំលាប់ផ្តាច់ពូជនេះ មិនបានធ្វើឱ្យមានការភ្ញាក់ផ្អើលភ្លាមៗដល់សមត្ថកិច្ច និងប្រជាពលរដ្ឋនៅជិតខាងទេ ទោះបីមនុស្សទាំង៣នាក់ត្រូវបានបាញ់សំលាប់ដោយគ្រាប់កាំភ្លើងក្តី។ ការបាញ់ប្រហារដែលមិនបង្កឱ្យមានការភ្ញាក់ផ្អើលភ្លាមៗនេះបានបង្ហាញថា ឃាតកគឺជាអ្នកមានជំនាញខាងបាញ់កាំភ្លើងខ្ទប់សំលេង។ ការឆោឡោភ្ញាក់ផ្អើលពីការប្រទះឃើញសាកសពស្ត្រីទាំង៣នាក់ គឺរំលងបានមួយយប់ ទើបប្អូនប្រុសរបស់ជនរងគ្រោះមកផ្ទះបងស្រីក៏បានប្រទះឃើញអ្នកទាំង៣ ដេកស្លាប់លើពូកក្នុងបន្ទប់តែមួយជាមួយគ្នា ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅ រាប់ពាន់នាក់ទៅចោមរោមមើលពពាក់ពពូនស្ទើរស្ទះចរាចរណ៍កណ្តាលក្រុងកាលពីព្រឹកថ្ងៃទី៩ តុលា ។
សមត្ថកិច្ចចំរុះបានទៅធ្វើការពិនិត្យនៅក្នុងផ្ទះកើតហេតុឃើញស្ត្រីរងគ្រោះ៣នាក់ ដេកស្លាប់នៅក្នុងបន្ទប់តែមួយ បន្ទាប់ពីត្រូវជនប្រដាប់អាវុធប្រើកាំភ្លើងខ្លីបាញ់ចំក្បាលម្នាក់មួយគ្រាប់។ បន្ទាប់ពីការត្រួតពិនិត្យនោះ សមត្ថកិច្ចបានរកឃើញប្រាក់ចំនួន១ម៉ឺនដុល្លារសហរដ្ឋអាមេរិក លាក់ទុកនៅខាងក្រោមពូកដែលជនរងគ្រោះដេកស្លាប់ពីលើ។ បើតាមការអះអាងរបស់ប៉ូលិសបច្ចេកទេសថា ជនរងគ្រោះត្រូវជនមិនស្គាល់មុខប្រើកាំភ្លើងខ្លីបាញ់ សំលាប់រួមគ្នាកាលពីថ្ងៃទី៨ តុលា គឺស្លាប់កាលពីជាង១០ម៉ោងមុនពេលចុះទៅពិនិត្យ។ បើតាមការសន្និដ្ឋានរបស់មន្ត្រីសមត្ថកិច្ចប៉ូលិសថា ការបាញ់សំលាប់ខាងលើ គឺជាអំពើឃាតកម្ម ព្រោះឃាតករបានបាញ់សំលាប់ផ្តាច់ពូជលើជនរងគ្រោះ ហើយឃាតកមិនបានធ្វើការរើកកាយរុករកទ្រព្យសម្បត្តិមានតំលៃ ឬលុយកាក់ក្នុងផ្ទះនោះឡើយ ព្រោះប្រាក់របស់ជនរងគ្រោះនៅក្រោមពូក១ម៉ឺនដុល្លារ និងម៉ូតូធុនគុបជ្រុងមួយគ្រឿងនៅជាន់ក្រោមក៏ឃាតកមិនបានយកទៅដែរ។
ជនរងគ្រោះទាំង៣នាក់ ត្រូវបានគេស្គាល់១-ឈ្មោះសុខ ជាស្រី្តម្ចាស់ផ្ទះ មេម៉ាយអាយុ៤៨ឆ្នាំ ២-ឈ្មោះធេង មួយគា អាយុ១៧ឆ្នាំ ជាកូនស្រីតែមួយរបស់ស្ត្រីម្ចាស់ផ្ទះ និង៣-ឈ្មោះប៉ាច ស្រីនី ភេទស្រី អាយុ២៤ឆ្នាំ ជាអ្នកបំរើការងារផ្ទះ។ អ្នកទាំងអស់គ្នាមានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ទាក់ទិននឹងករណីបាញ់សំលាប់ខាងលើនេះ បើតាមសាច់ញាតិជនរងគ្រោះបានអះអាងថា គឺជាករណីប្លន់ប្រដាប់អាវុធ ព្រោះក្រោយពេលកើតហេតុចិញ្ចៀនពេជ្ររបស់ស្ត្រីម្ចាស់ផ្ទះមានតំលៃ២ពាន់ដុល្លារ និងខ្សែ.កមាសបានបាត់ និងកងដៃរបស់កូនស្រីក៏ត្រូវបានបាត់ដែរ រួមទាំងលុយកាក់មួយចំនួនទៀតផង។ ក្រុមសាច់ញាតិនិយាយថា ជនរងគ្រោះធ្លាប់ពាក់គ្រឿងអលង្ការមានតំលៃទាំងនោះនៅជាប់នឹងខ្លួន។ បើតាមសាច់ញាតិជនរងគ្រោះបានឱ្យដឹងទៀតថា បានជាមានការឆោឡោ និងដឹងថាមានអ្នកស្លាប់នៅក្នុងផ្ទះ គឺនៅព្រលឹមថ្ងៃទី៩ តុលា ប្អូនប្រុសបានមកផ្ទះជនរងគ្រោះជាបងដើម្បីដាស់ឱ្យបើកទ្វារលក់ដូរ តែខណៈមកដល់ឃើ់ញផ្ទះមិនទាន់បើកទ្វារក៏បានស្រែកហៅ តែមិនមានអ្នកណាឆ្លើយតបទេ។ ពេលនោះក៏រុញទ្វារដើរចូលទៅក្នុងផ្ទះហើយស្រែកហៅ តែស្ងាត់ឈឹងដដែល។ ដោយមានការសង្ស័យក៏ដើរឡើងទៅជាន់លើ ទើបប្រទះឃើញអ្នកទាំង៣ដេកស្លាប់លើពូកនៅក្នុងបន្ទប់តែមួយជាមួយគ្នា ធ្វើឱ្យប្អូនប្រុសស្លុតរន្ធត់ ហើយរត់ចេញមកខាងក្រៅផ្ទះស្រែកឆោឡោឡើង។
បើតាមអ្នករស់នៅជិតខាងបានឱ្យដឹងថា នៅព្រឹកថ្ងៃទី៨ តុលា ត្រូវនឹងថ្ងៃឆ្លងបុណ្យភ្ជុំបិណ្ឌគេបានឃើញស្ត្រីជាម្ចាស់ផ្ទះយកចង្ហាន់ទៅវត្ត តែការត្រឡប់មកវិញ មិនដឹងពេលណានោះទេ។ ប្រភពអ្នកជិតខាងបានធ្វើការកត់សំគាល់ថា ចាប់ពីម៉ោងប្រហែល១២ថ្ងៃត្រង់ ក្នុងថ្ងៃដដែល គេសង្កេតឃើញផ្ទះជនរងគ្រោះបិទទ្វារជាប់រហូត ហើយក៏មិនមានការចាប់អារម្មណ៍នោះទេ ព្រោះថ្ងៃនោះជាថ្ងៃភ្ជុំ ផ្ទះលក់កាហ្វេគុយទាវក៏ផ្អាកការលក់ដូរដែរ។ ការមិនឃើញបើកទ្វារនេះ គ្រប់គ្នានឹកស្មានតែម្ចាស់ផ្ទះនេះទៅលេងស្រុកកំណើត។ លុះរហូតដល់យប់ទៀតក៏មិនបានឮសំលេងអ្វីប្លែកចេញពីផ្ទះជនរងគ្រោះនោះឡើយ លុះព្រឹកឡើងក៏ផ្អើលថា ម្ចាស់ផ្ទះត្រូវគេសំលាប់។
បើទោះបីជាបែបណាក្តីសមត្ថកិច្ចបានសន្និដ្ឋានករណីបាញ់សំលាប់ខាងលើ គឺជាករណីឃាតកម្ម ហើយឃាតកអាចគ្រោងទុកជាមុនជាយូរមកហើយ ទើបឆក់ឱកាសធ្វើសកម្មភាពចំថ្ងៃបុណ្យភ្ជុំបិណ្ឌដែលប្រជាពលរដ្ឋភាគច្រើនចាកចេញពីក្រុងទៅស្រុកកំណើតរៀងៗខ្លួនស្ទើរស្ងាត់ក្រុង។ មន្ត្រីប៉ូលិសបានបង្ហាញថា ជនប្រដាប់អាវុធនោះទំនងជាអ្នកមានជំនាញខាងប្រើកាំភ្លើងទៀតផង ទើបបាញ់មិនឮសំលេង ហើយ សូម្បីតែសំបកគ្រាប់ក៏ជននោះប្រមូលយកទៅអស់មិនបន្សល់ទុកនៅកន្លែងកើតហេតុឡើយ។
ឃាតកម្មព្រៃផ្សៃនេះមិនទាន់ត្រូវបានចាត់ទុកថា ជាអំពើប្លន់ ឬយ៉ាងណានោះទេ ល្គឺកណាចាប់ជនដៃដល់មិនទាន់បាន។ ទោះបីជាបែបណាជនដៃដល់ពិតជាមនុស្សស្គាល់គ្នាជាមួយម្ចាស់ផ្ទះនេះ ហើយស្គាល់ជិតសិទ្ធថែមទៀតផង ទើបអាចចូលដល់ក្នុងផ្ទះ ខណៈផ្ទះបិទទ្វារសំរាកលក់ដូរ។ ការសំលាប់មនុស្សក្នុងផ្ទះមិនលើកលែងជីវិតណាមួយនេះ ព្រោះតែឃាតកនោះជាមនុស្សដែលស្គាល់មុខគ្នាច្បាស់មិនអាចទុកនរណាឱ្យនៅរស់ទេ តែឃាតកនោះភ្លេចថា អ្វីដែលខ្លួនបានធ្វើនោះ អាចនឹងបន្សល់ទុកដានណាមួយសំរាប់ការសើុបអង្កេតរបស់ប៉ូលិសជាមិនខាន៕
ចែករំលែកព័តមាននេះ