ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​កំណើត​ និង​ឈ្មោះ​សិល្បៈ​បុរាណ​ «អាយ៉ៃ»

10 ឆ្នាំ មុន

អាយ៉ៃ​ជា​ទម្រង់​សិល្បៈ​ទស្សនីយ​ភាព​មួយ​ ដែល​មាន​ប្រជា​ប្រិយ​ភាព​ធំ​ធេង​នៅ​ប្រទេស​កម្ពុជា​ ហើយ​ទម្រង់​សិល្បៈ​នេះ​បាន​ឈ្មោះ​មក​ពី​សិល្ប​ករ​ដ៏​ល្បី​ល្បាញ​ម្នាក់​គឺ​ពូយ៉ៃ​ ។​ ជា​ទម្រង់​សិល្បៈ​ចម្រៀង​ឆ្លង​ឆ្លើយ​ ឬ​ជា​ប្រភេទ​សិល្បៈ​ដេញ​ប្រាជ្ញា​គ្នា​ដោយ​ច្រៀង​ចោទ​ និង​ឆ្លើយ​ដោះ​ស្រាយ​សំណួរ​ ឬ​ប្រស្នា​នានា​ដោយ​សំនួន​វោហារ​ ជា​កំណាព្យ​កាព្យ​ឃ្លោង​ឥត​ព្រាង​ទុក​ ដែល​ភាគ​ច្រើន​ច្រើន​មាន​លក្ខណៈ​

អាយ៉ៃ​ជា​ទម្រង់​សិល្បៈ​ទស្សនីយ​ភាព​មួយ​ ដែល​មាន​ប្រជា​ប្រិយ​ភាព​ធំ​ធេង​នៅ​ប្រទេស​កម្ពុជា​ ហើយ​ទម្រង់​សិល្បៈ​នេះ​បាន​ឈ្មោះ​មក​ពី​សិល្ប​ករ​ដ៏​ល្បី​ល្បាញ​ម្នាក់​គឺ​ពូយ៉ៃ​ ។​ ជា​ទម្រង់​សិល្បៈ​ចម្រៀង​ឆ្លង​ឆ្លើយ​ ឬ​ជា​ប្រភេទ​សិល្បៈ​ដេញ​ប្រាជ្ញា​គ្នា​ដោយ​ច្រៀង​ចោទ​ និង​ឆ្លើយ​ដោះ​ស្រាយ​សំណួរ​ ឬ​ប្រស្នា​នានា​ដោយ​សំនួន​វោហារ​ ជា​កំណាព្យ​កាព្យ​ឃ្លោង​ឥត​ព្រាង​ទុក​ ដែល​ភាគ​ច្រើន​ច្រើន​មាន​លក្ខណៈ​បញ្ឆិត​បញ្ឆៀង​បង្កើត​ឱ្យ​មាន​ន័យ​ពីរ​ផ្ទុយ​គ្នា​ ឬ​កំប្លុក​កំប្លែង​ថែម​ទៀត​​ផង ។​

បើ​តាម​ឯក​សារ​ទស្សនីយ​ភាព​ខ្មែរ​ ឱ្យ​ដឹង​ថា​ បើ​តាម​លោក​ម៉េង​ ហ៊ុន​ វរសិល្ប​ករ​ដែល​ជា​សាស្ត្រា​ចារ្យ​តន្ត្រី​ប្រពៃណី​ដ៏​ល្បី​ល្បាញ​នៅ​ប្រទេស​កម្ពុជា​ឱ្យ​ដឹង​ថា​ សិល្បៈ​អាយ៉ៃ​មាន​ប្រភព​កំណើត​ចេញ​ពី​ចម្រៀង​ប្រប​កៃ​ គឺ​ចម្រៀង​ឆ្លង​ឆ្លើយ​គ្នា​ដែល​មាន​ប្រុស​ម្ខាង​ និង​ស្រី​ម្ខាង​ ឈរ​តម្រៀប​គ្នា​ជា​ជួរ​ទល់​មុខ​គ្នា​ទះ​ដៃ​ព្រម​គ្នា​ជា​ចង្វាក់​ ហើយ​ច្រៀង​ត​គ្នា​ទៅ​វិញ​ទៅ​មក​ ពិសេស​នៅ​ពេល​លេង​ល្បែង​ប្រជា​ប្រិយ​ចោល​ឈូង​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ​ឯង​ ។​ ក្រោយ​មក​ចម្រៀង​ប្រប​កៃ​នេះ​ ត្រូវ​សម្រួល​ដោយ​គំនិត​ច្នៃ​ប្រឌិត​របស់​បុព្វ​បុរស​សិល្ប​ករ​ខ្មែរ​ដែល​បាន​បំភ្លៃ​ឱ្យ​ក្លាយ​ទៅ​ជា​ចម្រៀង​ឆ្លង​ឆ្លើយ​រវាង​ស្រី​ និង​ប្រុស​ដែល​មាន​វង់​តន្ត្រី​ភ្លេង​ការ​ប្រគំ​ជូន​ ប៉ុន្តែ​វង់​តន្ត្រី​នេះ​ត្រូវ​ពង្រីក​ឱ្យ​មាន​ឧបករណ៍​ដេញ​ ដំ​ ផ្លុំ​ កូត​ ជា​ច្រើន​ដូច​ជា​ទ្រខ្សែ​បី​ ឬ​ទ្រ​ខ្មែរ​ ចាប៉ី​ដង​វែង​ ទ្រអ៊ូ​ ទ្រសោ​ ក្រពើ​ ខ្លុយ​ ប៉ីប​បុស​ ស្គរ​ដៃ​ ក្រាប់​​…។​ ហើយ​ទម្រង់​ថ្មី​នេះ​មាន​ឈ្មោះ​ថា​ ភ្លេង​វង់​ធំ​ ។​
ចម្រៀង​ប្រប​កៃ​ ឬ​ភ្លេង​វង់​ធំ​នេះ​ មាន​កំណើត​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​នៅ​ប្រទេស​កម្ពុជា​ ។​ ប៉ុន្តែ​រហូត​មក​ដល់​ចុង​សតវត្ស​ទី​១៩​ និង​ដើម​សតវត្ស​ទី​២០​ ទើប​ពូយ៉ៃ​ (១៨៧៨-១៩៥៨)​ ដែល​មាន​ដើម​កំណើត​នៅ​ភូមិ​ឈើ​នាង​ខ្ពស់​ ឃុំ​ព្រះ​និព្វាន​ ស្រុក​គង​ពិសី​ ខេត្ត​កំពង់​ស្ពឺ​ ដែល​ជា​សមា​ជិក​ម្នាក់​សម្តែង​ក្នុង​ក្រុម​សិល្បៈ​ភ្លេង​វង់​ធំ​មួយ​ក្រុម​ នៅ​ភូមិ​ត្រពាំង​ទា​ ឃុំ​ពង​ទឹក​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ (នៅ​ខាង​ត្បូង​ផ្លូវ​ជាតិ​ភ្នំពេញ​-កំពង់​ស្ពឺ​)​ បាន​ធ្វើ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​ថ្មី​សម្រាប់​ទម្រង់​សិល្បៈ​នេះ​ឡើង។ គឺ​ដោយ​សារ​ការ​ប៉ិន​ប្រសប់​របស់​ពូយ៉ៃ​ដែល​ជា​អ្នក​ចម្រៀង​យ៉ាង​ពូកែ​ សំឡេង​ពីរោះ​ ប្រសប់​ប្រើ​សំនួន​វោហារ​ឥត​ព្រាង​ទុក​ ។​ ចេះ​រាំ​ និង​ចេះ​សម្តែង​កំប្លុក​កំប្លែង​ ព្រម​ទាំង​ចេះ​ក្បាច់​គុន​ផង​នោះ​ បាន​ធ្វើ​ឱ្យ​ទស្សនិក​ជន​ទូទៅ​ចាប់​អារម្មណ៍​លើ​រូប​គាត់​រហូត​ដល់​ ក្រោយៗ​មក​ពេល​គេ​ទៅ​មើល​ការ​សម្តែង​វង់​ភ្លេង​ធំ​ ដែល​មាន​ពូយ៉ៃ​ជា​សមា​ជិក​នោះ​ គេ​តែង​តែ​និយាយ​ថា​ ទៅ​មើល​ពូយ៉ៃ​ ឬ​ទៅ​មើល​អាយ៉ៃ​ (​សម្រាប់​ទស្សនិក​ជន​ដែល​មាន​អាយុ​ច្រើន​ជាង​សិល្ប​ករ​យ៉ៃ)​ យ៉ាង​ដូច្នេះ​ទៅ​វិញ​ ។​ គឺ​ដោយ​សារ​ការ​និយម​របស់​អ្នក​ស្រុក​ដែល​ប្រើ​ពាក្យ​ថា​ ទៅ​មើល​អាយ៉ៃៗ​ យ៉ាង​ដូច្នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ឈ្មោះ​ពូយ៉ៃ​ ក្លាយ​ជា​ឈ្មោះ​ទម្រង់​សិល្បៈ​ចម្រៀង​ឆ្លង​ឆ្លើយ​ «អាយ៉ៃ» ជំនួស​ភ្លេង​វង់​ធំ​ជា​រៀង​រហូត​មក​ ។​

ឯក​សារ​ទស្សនីយ​ភាព​ខ្មែរ​ ឱ្យ​ដឹង​ទៀត​ថា​ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ អាយ៉ៃ​នៅ​តែ​ជា​ទម្រង់​សិល្បៈ​ដែល​មាន​ប្រជា​ប្រិយភាព​យ៉ាង​ធំ​ធេង​នៅ​ក្នុង​សង្គម​យើង​ ព្រោះ​ជា​ទី​ចូល​ចិត្ត​ទាំង​ប្រជា​ជន​នៅ​ទីក្រុង​ និង​នៅ​ជន​បទ​ ។​ ឯ​តន្ត្រី​ជូន​អាយ៉ៃ​​ បច្ចុប្បន្ន​ភាគ​ច្រើន​មាន​ឧបករណ៍​ទ្រ​ ក្រពើ​ ឃឹម​ ខ្លុយ​ និង​ស្គរ​ដៃ​ ។ គេ​ឃើញ​សិល្បៈ​នេះ​ចែក​ជា​ពីរ​ប្រភេទ​គឺ​ ៖

១-​អាយ៉ៃ​ឆ្លង​ឆ្លើយ​ (ភាគ​ច្រើន​ស្រី​ម្ខាង​ ប្រុស​ម្ខាង​ ច្រៀង​ឆ្លង​ឆ្លើយ)​ ជា​កំណាព្យ​កាព្យ​ឃ្លោង​ដោយ​ឥត​ព្រាង​ទុក​ ។​
២-​អាយ៉ៃ​រឿង​ គឺ​ជា​ទម្រង់​អាយ៉ៃ​ដដែល​ប៉ុន្តែ​សម្តែង​ជា​រឿង​ ផ្សេងៗ​ ភាគ​ច្រើន​ជា​រឿង​កំប្លុក​កំប្លែង​ ដែល​យើង​អាច​ប្រើ​ពាក្យ​សម្គាល់​បណ្តោះ​អាសន្ន​ទៅ​តាម​លក្ខណៈ​ពិសេស​ក្នុង​ការ​សម្តែង​នេះ​ថា​ អាយ៉ៃ​រឿង​ គឺ​ជា​ប្រភេទ​ «ល្ខោន​ធ្វើ​ពើ» ។​

ចំពោះ​ការ​សិក្សា​រៀន​សូត្រ​សិល្បៈ​អាយ៉ៃ​នេះ​តាំង​ពី​ដើម​រៀង​មក​ គឺ​ប្រើ​ការ​និយម​តាម​វិធី​បុរាណ​ គឺ​ដំបូង​សិស្ស​រៀន​ពី​គ្រូ​ផ្ទាល់​ ដោយ​ទន្ទេញ​ចាំ​មាត់​ រួច​ក្រោយ​មក​ទើប​បំបែក​ ឬ​ច្នៃ​ប្រឌិត​ទៅ​តាម​និស្ស័យ​របស់​ខ្លួន​ដែល​មាន​បន្ថែម​ទៀត​ ។​

ប៉ុន្តែ​ក្រោយ​មក​ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ដែល​បាន​ចាប់​អារម្មណ៍​ដ៏​ខ្លាំង​ក្លា​បំផុត​អំពី​ការ​បាត់​បង់​សិល្បៈ​ប្រជា​ប្រិយ​របស់​ជាតិ​ ដែល​ជា​កេរ​មរតក​កាត់​ថ្លៃ​ពុំ​បាន​ និង​ជា​តំណាង​ឱ្យ​បញ្ញា​ញាណ​របស់​បុព្វ​បុរស​ដូនតា​ខ្មែរ​នោះ​ សម្តេច​តេជោ​ បាន​ផ្តល់​អនុសាសន៍​ជា​ច្រើន​ ហើយ​ញឹក​ញាប់​ ដើម្បី​ឱ្យ​អ្នក​ធ្វើ​ការ​ងារ​វប្បធម៌​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​មរតក​ទាំង​អស់​នេះ​ ។​

គឺ​ដោយ​ការ​អនុវត្ត​ទៅ​តាម​អនុសាសន៍​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នេះ​ហើយ​ ទើប​មក​ដល់​ឆ្នាំ​២០០០​ សិល្បៈ​អាយ៉ៃ​នេះ​ ត្រូវ​បាន​គេ​លើក​បញ្ចូល​ទៅ​ក្នុង​កម្ម​វិធី​សិក្សា​ជា​ផ្លូវ​ការ​នៅ​ក្នុង​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ក្រោម​ការ​គ្រប់​គ្រង​ផ្ទាល់​របស់​មហា​វិទ្យា​ល័យ​សិល្បៈ​តូរ្យ​តន្ត្រី​ ជា​រៀង​រហូត​មក​ ៕