រាជធានីភ្នំពេញ ៖ តារាចម្រៀងដែលចាប់អាជីពតាំងពីនៅវ័យកុមារប្រចាំផលិតកម្មឆ្លងដែន កញ្ញា សុភ័ក្រ្ត កុសុមៈ ពេលនេះពេញក្រមុំលូតលាស់ជាមួយរូបសម្រស់ផូរផង់ និងនៅតែប្រកបអាជីពសិល្បៈដូចមុនដដែលក្រោយពីបាត់មុខជាយូរកន្លងមក ។ តាំងពីលាឈប់ពីផលិតកម្មឆ្លងដែន និងរស្មីនាគមាសមក សុភ័ក្ត្រកុសុមៈ នៅមិនទាន់រកឃើញទ្រនំថ្មីនៅឡើយទេ ទោះជានាងមានទេពកោសល្យល្អបែបណាក៏ដោយ ។ ដោយសារតែមានប្រវត្តិច្រៀងក្នុងផលិតកម្មល្បីឈ្មោះ កុសុមៈប្រកាន់គោលជំហររឹងមាំថា នាងមិនច្រៀងឱ្យផលិតកម្មក្នុងស្រុកណាទេ បើមិនបានផលិតកម្មពេញនិយម ។
នាងសុភ័ក្ត្រ កុសុមៈ បានសាងជីវិតនៅលើវិថីសិល្បៈចម្រៀងតាំងពីវ័យកុមារមកម្លេ៉ះ ។ កាលនៅតូចនាងធ្វើឱ្យគេកោតសរសើរណាស់ដោយសារតែនាងជាក្មេងតូចល្អិត តែសំឡេងពីរោះរណ្ដំដូចមនុស្សចាស់ ។ ក្នុងពេលដែលពេលវេលាប្ដូរផ្លាស់ សុភ័ក្ត្រ កុសុមៈ បានបាត់មុខពីវេទិកាសិល្បៈអស់ជាច្រើនឆ្នាំ បន្ទាប់ពីទ្រនំល្បីឈ្មោះរបស់នាងដួលរលំបិទមុខជំនួញមក ។ លុះរយៈប្រមាណជាជិត២ឆ្នាំចុងក្រោយនេះកុសុមៈបានវិលត្រឡប់មកវិញបង្ហាញទាំងរូបសម្រស់ស្រស់សោភាពេញវ័យក្រមុំ ដោយអ្នកណាក៏ថានាងជានារីវ័យក្មេងស្រស់ស្អាតខុសដាច់ឆ្ងាយកាលពីនៅកុមារ ។ ជាមួយនឹងការប្រកាសខ្លួនវិលត្រឡប់មកពិភពសិល្បៈវិញ កុសុមៈដែលធ្លាប់មានប្រវត្តិច្រៀងពីរោះតាំងពីក្មេងត្រូវស្ថានីយទូរទស្សន៍ជាច្រើនជ្រើសរើសឱ្យចូលរួមសម្ដែងដើម្បីទទួលយកភាពទាក់ទាញក្រោយឃ្លាតឆ្ងាយពីពិភពសិល្បៈយូរឆ្នាំ ។
ក្នុងជំនួបជាមួយអ្នកយកព័ត៌មានកោះសន្ដិភាពកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ សុភ័ក្រ្ត កុសុមៈ បានថ្លែងទាំងសម្ដីសំដៅសមជានារីខ្មែរពេញវ័យក្រមុំ និងទឹកមុខស្រស់ថ្លាថានាងឃ្លាតឆ្ងាយមួយរយៈធំពីការងារសិល្បៈដោយសារតែទុកពេលសិក្សាឱ្យពេញលេញដូចយុវវ័យទូទៅឱ្យបានចប់សព្វគ្រប់ ។ ម្យ៉ាងទៀតក្រៅពីរៀននាងឆ្លៀតពេលសិក្សាមុខជំនាញខាងកែសម្រស់ដើម្បីមានជំនាញមួយច្បាស់ ។ ព្រោះតែស្រឡាញ់សិល្បៈតាំងពីតូច ហើយនៅតែនឹកសិល្បៈរហូត ដូច្នេះហើយពេលនាងនៅរៀនបន់ឱ្យតែឆាប់ចប់ដើម្បីបានបំពេញតួនាទីដូចកាលពីនៅពីក្មេង ។ សិល្បៈនាងមិនចោលទេព្រោះជារបស់បានមកពីធម្មជាតិដែលមនុស្សណាក៏ចង់បាន ។
អតីតសមាជិកចម្រៀងផលិតកម្មឆ្លងដែនរូបនេះនិយាយថា នាងចូលច្រៀងវិញយូរខែមកហើយ តែអត់ទាន់បានចូលច្រៀងប្រចាំផលិតកម្មល្បីក្នុងស្រុកណាមួយឡើយ ។
ទោះជានាងមិនបានចូលច្រៀងប្រចាំផលិតកម្មធំក៏នាងមិនអន់ចិត្តទេ ព្រោះស្ថិតនៅលើកាសម្លឹងឃើញរបស់ម្ចាស់ផលិតកម្ម ម្យ៉ាងសម្រាប់នាងបើឱ្យទៅទំលើកន្លែងថ្មីពេកនាងយល់ថាមិនល្អទេ ។ នាងមិនគិតថាតម្កើងតម្លៃខ្លួនទេ តែជាការយល់ឃើញផ្ទាល់ខ្លួន ហើយនាងក៏ធ្លាប់ប្រឡូកក្នុងផលិតកម្មល្បីដែរ ទើបប្រកាន់គោលជំហរបែបនេះ ។ សូម្បីតែផលិតកម្មក្រៅស្រុកក៏នាងច្រៀងឱ្យផលិតកម្មដែលគេស្គាល់ដូចជារៃមាស តោមាសជាដើម ។តារាដែលប្រកាន់គោលជំហរមិនច្រៀងឱ្យផលិតកម្មមិនល្បីរូបនេះថ្លែងថា ទោះបីនាងមិនទាន់បានចូលផលិតកម្មល្បីណាមួយក្ដីតែគោលដៅសិល្បៈរបស់នាងបានសម្រេចដូចការគិតហើយ ព្រោះពេលនេះនាងវិលមកច្រៀងវិញបម្រើអារម្មណ៍មហាជនដូចមុន ៕
ចែករំលែកព័តមាននេះ