ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិត្យ​ វិច្ឆិកា​ សង្សារ​​បែក​ចិត្ត​ទៅ​​រៀប​ការ​គូថ្មី​ ចុក​ទ្រូង​​ស្ទើរ​បែក​ផ្ញើ​​ចម្រៀង​ទុក​​ជា​ចំណង​​ដៃ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ តារា​ចម្រៀង​មាឌ​មាំ​ និង​ជា​នាយ​ទាហាន​ឆត្រ​យោង​ លោក​ទិត្យ​ វិច្ឆិកា​ បាន​សរសេរ​ពី​អារម្មណ៍​សោក​សៅ​ក្នុង​បេះដូង​របស់​ខ្លួន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ បន្ទាប់​ពី​សង្សារ​របស់​ខ្លួន​បែក​ចិត្ត​ទៅ​រៀប​ការ​ជាមួយ​បុរស​ថ្មី​ ។​ ការ​សរសេរ​រៀប​រាប់​ពី​ទុក្ខ​សោក​ និង​អាឡោះ​អាល័យ​គូ​ស្នេហ៍​របស់​អតីត​តារា​ចម្រៀង​នៅ​ក្នុង​ផលិត​កម្ម​រ៉ុក​រូប​នេះ​ បន្ទាប់​ពី​លោក​ទើប​តែ​មាន​

រាជធានីភ្នំពេញ​ ៖ តារា​ចម្រៀង​មាឌ​មាំ​ និង​ជា​នាយ​ទាហាន​ឆត្រ​យោង​ លោក​ទិត្យ​ វិច្ឆិកា​ បាន​សរសេរ​ពី​អារម្មណ៍​សោក​សៅ​ក្នុង​បេះដូង​របស់​ខ្លួន​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ បន្ទាប់​ពី​សង្សារ​របស់​ខ្លួន​បែក​ចិត្ត​ទៅ​រៀប​ការ​ជាមួយ​បុរស​ថ្មី​ ។​ ការ​សរសេរ​រៀប​រាប់​ពី​ទុក្ខ​សោក​ និង​អាឡោះ​អាល័យ​គូ​ស្នេហ៍​របស់​អតីត​តារា​ចម្រៀង​នៅ​ក្នុង​ផលិត​កម្ម​រ៉ុក​រូប​នេះ​ បន្ទាប់​ពី​លោក​ទើប​តែ​មាន​ឱកាស​បាន​បង្ហាញ​មុខ​មាត់​ជា​ថ្មី​ឡើង​វិញ​តាម​ទូរទស្សន៍​នានា​ ក្រោយ​ពេល​ដែល​លោក​បាន​កសាង​កំហុស​នា​ពេល​កន្លង​មក​នោះ​ ។​

គេ​មិន​ដឹង​ថា​ អនុស្សាវ​រីយ៍​ និង​ចំណង​ស្នេហ៍​របស់​តារា​ចម្រៀង​រូប​នេះ​បាន​សាង​ឡើង​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ឡើយ​ ប៉ុន្តែ​តាម​ពាក្យ​ពេចន៍​ដែល​លោក​សរ​សេរ​នោះ​ គឺ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​ លោក​ទិត្យ​ វិច្ឆិកា​ និង​សង្សារ​ ស្រឡាញ់​គ្នា​ជាយូរ​មក​ហើយ​ និង​ធ្លាប់​សាង​អនុស្សាវ​រីយ៍​ដ៏​ផ្អែម​ល្ហែម​ជា​បន្ត​បន្ទាប់​ ។​ នៅ​ទីបំផុត​ស្នេហា​របស់​តារា​ចម្រៀង​ទិត្យ​ វិច្ឆិកា​ បាន​ឈាន​ដល់​ផ្លូវ​បំបែក​ ដោយ​មិន​អាច​បក​ក្រោយ​បាន​ បន្ទាប់​ពី​ភាគី​ខាង​ស្រី​ងាក​ទៅ​សាង​អនាគត​ជាមួយ​បុរស​ផ្សេង​ ។​

តារា​ចម្រៀង​រូប​នេះ​ បាន​ទម្លាយ​ពី​ភាព​បែក​បាក់​នេះ​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ ។ លោក​រ៉ាយ​រ៉ាប់​ពី​ទុក្ខ​សោក​ និង​ស្នាម​អនុស្សាវ​រីយ៍​ទាំង​ឡាយ​ដែល​ធ្លាប់​បាន​សាង​រួម​គ្នា​ ដែល​វា​នៅ​តែ​ដក់​ជាប់​ក្នុង​ប្រអប់​បេះ​ដូង​លោក​នៅ​ឡើយ​ ។​ លោក​ទិត្យ​ វិច្ឆិកា​ បាន​សរ​សេរ​កាល​ពី​ពេល​ ថ្មីៗ​នេះ​ថា​ «បើ​គ្មាន​អនុស្សាវ​រីយ៍​ល្អ​ ប្រហែល​ជា​បង​គ្មាន​ការ​ឈឺ​ចាប់​ទេ​ ពេល​នេះ​បង​ចុក​ក្នុង​ទ្រូង​ណាស់​ ប៉ុន្តែ​បង​ត្រូវ​តែ​ទ្រាំ​ ទោះ​បី​បង​ឆ្កួត​ ឬ​ត្រូវ​ស្លាប់​ក៏​ដោយ​ ។ ត្រូវ​សាង​អនា​គត​ឱ្យ​ល្អ​ណា​៎​អូន​ ។ បើ​ថ្ងៃ​ណា​នឹក​បង​ ត្រូវ​ចាំ​ថា​ បង​បាន​ស្លាប់​ហើយ​ ។ ត្រូវ​ថែ​គូ​អនា​គត​របស់​អូន​​​​​​​​​​​​​​​​​ឱ្យ​បាន​ល្អ​ណា​៎ កុំ​ឱ្យ​អភ័ព្វ​ដូច​បង​ទៀត​ ។ អូន​ជា​នារី​ដ៏​ល្អ​របស់​បង​ ស្នាម​ញញឹម​របស់​បង​នឹង​មាន​ម្តង​ទៀត​ ពេល​ដែល​បង​កាត់​ចិត្ត​ពី​អូន​បាន​ ។ បង​ស្រឡាញ់​អូន​ណាស់​ ។​ សូម​ឱ្យ​គូ​ថ្មី​របស់​អូន​ថែរក្សា​អូន​ឱ្យ​បាន​ល្អ​រហូត​ដល់​ចាស់​រៀង​ខ្លួន​ ។ ចាត់​ទុក​ថា​ អនុស្សាវ​រីយ៍​ដ៏​ផ្អែម​ល្ហែម​របស់​ពួក​យើង​ទាំង​ពីរ​ជា​សុបិន​ទៅ​ចុះ​ ។ ការ​នឹក​ គិត​ ស្រឡាញ់​របស់​បង​ទៅ​លើ​អូន​គឺ​ទុក​សម្រាប់​ថ្ងៃ​ដែល​បង​ស្លាប់​ទៅ​ចុះ​ ។​ ថ្ងៃ​នេះ​បង​ឈឺ​ចាប់​ តែ​ថ្ងៃ​ក្រោយ​បង​សង្ឃឹម​ថា​ អូន​នឹង​មាន​សុភ​មង្គល​ល្អ​ ។ បើ​មាន​និស្ស័យ​ជាតិ​ក្រោយ​បង​សូម​ជួប​អូន​ម្តង​ទៀត​ តែ​កុំ​ឱ្យ​ដូច​ជាតិ​នេះ​ទៀត​ ។​

កុំ​ភ្លេច​ណា​៎ បង​បាន​ទុក​ចម្រៀង​មួយ​បទ​សម្រាប់​ជូន​អូន​ជា​អនុស្សាវ​រីយ៍​ ហើយ​ក៏​ជា​ចំណង​ដៃ​ គឺ​បទ​ «ឃើញ​ចន្ទ​នឹក​អូន» ។ អូន​ជា​នារី​ម្នាក់​ដែល​បង​ស្រឡាញ់​ស្មើ​នឹង​កែវ​ភ្នែក​របស់​បង​ ។​ អរគុណ​ដែល​អូន​ស្រឡាញ់​ និង​អាណិត​បង​រហូត​មក​ នេះ​ជា​កម្ម​របស់​យើង​ទេ​អូន​ ។ ថែ​ខ្លួន​ណា​៎អូន​ ។ បង​ទុក​អូន​នៅ​ក្នុង​បេះ​ដូង​បង​ជា​រៀង​រហូត​ លា​ហើយ» ។​

លោក​ទិត្យ​ វិច្ឆិកា​ បាន​សរសេរ​ន័យ​បទ​ចម្រៀង​នោះ​ថា​ «ព្រះ​ចន្ទ​គឺ​ដួង​ជីវិត​របស់​ខ្ញុំ​ សូម​ជាតិ​ក្រោយ​ឱ្យ​ខ្ញុំ​កើត​មក​មាន​ពន្លឺ​ដូច​ព្រះ​ចន្ទ​ ព្រោះ​កើត​មក​ដូច​ជា​ថោក​ពេក​ហើយ​ ។​ ជីវិត​ ការ​ងារ​ និង​សេចក្តី​ស្រឡាញ់​ ហួស​ហើយ​ជាតិ​នេះ​ កើត​មក​ធ្វើ​អី​បើ​ទឹក​ភ្នែក​ស្រក់​រាល់​ថ្ងៃ​បែប​នេះ​ ។ សូម​អង្វរ​ផង​ចុះ​ ម៉ោង​នេះ​ ស្អែក​ ឬ​នៅ​ពេល​ ឆាប់ៗ​នេះ​ ក៏​បាន​សូម​លោក​បំផ្លាញ​ជីវិត​ខ្ញុំ​ចោល​ចុះ​ ។​ ពេល​នេះ​ខ្ញុំ​បាត់​ អ្វីៗ​អស់​ហើយ​ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា​ កុំ​ឱ្យ​ខ្ញុំ​មាន​ជីវិត​បន្ត​ទៅ​ទៀត​អី។​ ជាតិ​ក្រោយ​កើត​ជា​សត្វ​ឆ្កែ​ក៏​បាន​ដែរ​ សូម​តែ​កុំ​ឱ្យ​មាន​ទុក្ខ​ទៀត​ ។

ជាតិ​នេះ​ខ្ញុំ​រស់​ទាំង​ឈឺ​ចិត្ត​ពេញ​ក្នុង​ទ្រូង​ ខ្ញុំ​មិន​ចង់​សង​សឹក​ជាមួយ​អ្នក​ដែល​ធ្វើ​អាក្រក់​ដាក់​ខ្ញុំ​នោះ​ទេ​ ព្រោះ​ខ្លាច​បាប​ ។​ អ៊ីចឹង​មាន​តែ​ព្យាយាម​បំផ្លាញ​ជីវិត​ខ្លួន​ឯង​ចោល​ប៉ុណ្ណោះ​ ។ ត្រូវ​ចាំ​ពេល​ដែល​ខ្ញុំ​ស្លាប់​ ខ្ញុំ​បិទ​ភ្នែក​មិន​ជិត​ទេ​ ហើយ​អ្នក​នឹង​មាន​វិប្បដិ​សារៈ​អស់​មួយ​ជីវិត​» ។​ ទំនង​ជា​ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​កុំ​ឱ្យ​ស្លុត​ស្លុង​ទៅ​ក្នុង​ផ្លូវ​ស្នេហា​ ដែល​ព្រាត់​ប្រាស់​នេះ​ ក្នុង​ពេល​ដែល​លោក​កំពុង​តែ​ចាប់​ផ្តើម​ដើរ​លើ​វិថី​សិល្បៈ​ជា​ថ្មី​ឡើង​វិញ​ផង​នោះ​ លោក​ទិត្យ​ វិច្ឆិកា​ សរសេរ​ប្រយោគ​មួយ​ឃ្លា​ចុង​ក្រោយ​ថា​ «ថ្ងៃ​ខាង​មុខ​ ខ្ញុំ​នឹង​ព្យាយាម​យក​ជ័យ​ជម្នះ​ពី​អ្វី​ដែល​ខ្ញុំ​បាត់​បង់​ត្រឡប់​មក​វិញ​» ។​ ការ​បែក​បាក់​ស្នេហ៍​បណ្តាល​​មក​ពី​មូល​ហេតុ​អ្វី​នោះ​ មិន​ត្រូវ​លោក​ទិត្យ​ វិច្ឆិកា​ បញ្ជាក់​ឱ្យ​បាន​ច្បាស់​ឡើយ​ ៕​