ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរនៅតែហាមចុះលេងទឹករណ្ដៅនៅភ្នំ​ចំបាប់​ ព្រោះ​មានសារធាតុគីមី

1 អាទិត្យ មុន
  • តាកែវ

ខេត្តតាកែវ​ ៖ ​រណ្ដៅ​ដែល​កើត​ពី​ការ​បំផ្ទុះ​យក​ថ្ម​មួយ នៅ​ភ្នំ​ចំបាប់ ក្នុងភូមិ​រំចេក ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ មានទឹក​ខៀវស្រងាត់ ថ្លា​ដូច​កញ្ចក់…

ខេត្តតាកែវ​ ៖ ​រណ្ដៅ​ដែល​កើត​ពី​ការ​បំផ្ទុះ​យក​ថ្ម​មួយ នៅ​ភ្នំ​ចំបាប់ ក្នុងភូមិ​រំចេក ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ មានទឹក​ខៀវស្រងាត់ ថ្លា​ដូច​កញ្ចក់ រំលេច​សោភ័ណ​ភាព​គួរ​ឱ្យ​ចង់ទៅ​ទស្សនា​កម្សាន្ត ។ ទោះជា​យ៉ាងណា​ក្ដី​មិន​គួរ​ចុះ​លេង​ទេ ព្រោះ​អាច​គ្រោះថ្នាក់​ដល់​សុខភាព ។

លោក​ភួ​ន ឈី​ម អភិបាលស្រុក​បាទី ដែល​បាន​ទៅ​ពិនិត្យ​មើល​ទឹក​ល្អាង​ភ្នំ​ចំបាប់ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា លោក​បាន​ផ្ដល់​ដំណឹង​ដល់​ប្រជាពលរដ្ឋ​មិន​ឱ្យទៅ​ចុះ​ងូតទឹក​លេង​នៅ​ទីនោះ​ទៀត ដោយសារ​ទឹក​មាន​សារធាតុ​គីមី ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ ។ កាលពី​អំឡុង​ឆ្នាំ​២០២០-​២០២១ ធ្លាប់​មាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ ទៅ​ទស្សនា និង​ងូតទឹក​លេង​នៅ​ទីនោះ ។

ដោយឡែក​យោង​តាម​ការ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​កន្លង​មក​របស់​លោក​កែវ រតនា ថា រណ្ដៅ​ជីក​ថ្ម​ទាំង​អស់នោះ​កើតឡើង​ដោយសារ​គេ​យក​រំសេវ​ដាក់​បំផ្ទុះ​យក​ថ្ម​លក់ ដូច្នេះ​ទឹក​នេះ​មិន​ស្អាត​ល្អ​ទេ ។ ទឹក​ក្នុង​រណ្ដៅ​អាច​ផ្ទុក​ដោយសារ​ធាតុគីមី ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែក ។

រណ្ដៅ​រំសេវ​នៅ​ភ្នំ​ចំបាប់​អាច​នឹង​មាន​សេសសល់​សារធាតុ​គីមី​មួយ​ចំនួន ដូច​ជា សារជាតិ​កំបោរ ជា​ពិសេស​សារធាតុ​តេ​អុ​ិ​ន​តេ​(TNT) ដែល​វា​គឺជា​ការ​លាយ​បញ្ចូល​រវាង​បូ​ន​(C) អុ​ី​ដ្រូ​ហ្សែ​ន​(H) នី​ត្រូ​សែន (N) និង​អុកស៊ីហ្សែន (O) ដែល​កូដ​វា​គឺ C7H5N3O6 ។ សារធាតុ​ទាំងនេះ​គេ​ប្រើប្រាស់​ដើម្បី​ងាយស្រួល​យក​ថ្មភ្នំ រ៉ែ ឬ​ការ​បង្កើត​ផ្លូវ​ក្រោម​ដី កាត់​ភ្នំ ជាដើម ។

បច្ចុប្បន្ន​ការ​ប្រើ​គ្រាប់បែក​បំផ្ទុះ គឺជា​វិធីសាស្ត្រ​មួយ​ក្នុង​ចំណោម​វិធីសាស្ត្រ​ជា​ច្រើន ហើយ​គ្រាប់បែក​ទាំងនោះ​ផ្ទុក​ទៅ​ដោយសារ​ធាតុ TNT ក្រោយ​ពី​បំផ្ទុះ​យក​ថ្ម ឬ​រ៉ែ ជា​ទូទៅ​ការដ្ឋាន​ទាំងនោះ​បន្សល់​នូវ​រណ្ដៅ ជ្រៅ​ៗ ដែល​មិន​មាន​ចរន្ត​ហូរ​ចេញចូល ហើយ​ទឹក​ដែល​ដក់​ក្នុង​រណ្ដៅ​ទាំងនោះ គឺ​ពោរពេញ​ទៅ​ដោយសារ​ធាតុគីមី​ជា​ច្រើន រួម​ទាំង​តេ​អុ​ិ​ន​តេ​(TNT) ផង​ដែរ ។

ក្រៅពី​នេះ​ទៀត​ការ​ប៉ះពាល់​រ៉ាំរ៉ៃ​ជាមួយ​សារធាតុ​តេ​អុ​ិ​ន​តេ​(TNT) អាច​ធ្វើ​ឱ្យ​ខូច​ថ្លើម និង​តម្រង​នោម ។ ជាមួយនឹង​ការ​ប៉ះពាល់​ម្តង​ហើយ​ម្តងទៀត អាច​បណ្តាល​ឱ្យ​ចំនួន​កោសិកា​ឈាម​ចុះ​ទាប (​ភាពស្លេកស្លាំង​) និង​ការ​ខូចខាត​ប្រព័ន្ធ​សរសៃប្រសាទ ។ រោគ​សញ្ញា​ផ្សេង​ទៀត​ពី​ការ​ប៉ះពាល់​រយៈពេល​វែង រួម​មាន ឈឺក្បាល ងងុយដេក ឈឺទ្រូង និង​ពិបាក​ដកដង្ហើម ។ ហូរ​ទឹកមាត់ ដង្ហើម​ខ្លី ក្អក និង​ហើម​សួត​ក៏​ត្រូវ​បាន​គេ​រាយការណ៍​ផង​ដែរ ។

ការ​ប៉ះពាល់​កម្រិត​ខ្ពស់ អាច​រំខាន​ដល់​សមត្ថភាព​ឈាម​ក្នុង​ការ​ដឹកនាំ​អុក​ស៊ី​សែន បណ្តាល​ឱ្យ​ឈឺក្បាល អស់កម្លាំង វិលមុខ និង​មាន​ពណ៌​ខៀវ​ចំពោះ​ស្បែក និង​បបូរមាត់ជាដើម ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ