ខេត្តព្រៃវែង ៖ យ៉ាងហោចណាស់មានមនុស្សក្មេងចាស់៤នាក់បានស្លាប់បាត់បង់ជីវិត និង២នាក់បានបាត់ខ្លួន ខណៈពេលជិះរថយន្តឆ្លងកាត់ទំនប់បង្ហៀរទឹកមួយកន្លែងដែលមានជម្រៅជាង២ម៉ែត្រ ហើយត្រូវខ្សែទឹកហូរនាំធ្លាក់ចេញពីខ្នងទំនប់លិចបាត់។
ហេតុការណ៍នេះ កើតឡើងកាលពីចន្លោះម៉ោង៧ទៅ៨យប់ថ្ងៃទី២៩ កញ្ញា ២០១៣ ចំណុចផ្លូវទំនប់បង្ហៀរទឹក ស្ថិតក្នុងភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ និងបានធ្វើឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ កញ្ញា ២០១៣ បន្ទាប់ពីមានអ្នកនេសាទជិះទូកទៅប្រទះឃើញបុរសជនជាតិបរទេសម្នាក់នៅអណ្តែតតោងដើមប្រេងខ្យល់កណ្តាលទឹកតែម្នាក់ឯង និងខំស្រែកឡូងៗឱ្យគេជួយ តែគ្មាននរណាម្នាក់ស្តាប់បានទេ បន្ទាប់មកក៏រាយការណ៍ទៅប្រាប់សមត្ថកិច្ចឱ្យមកជួយស្រង់បុរេសជនបរទេសនោះឡើងមកលើគោក ។
តាមការឱ្យដឹងពីសមត្ថកិច្ចមុនដំបូងគេនឹកស្មានថា ជនបរទេសម្នាក់នោះជិះទូក ហើយលិចលង់តែម្នាក់ឯងនោះទេ ព្រោះបុរសជនបរទេសម្នាក់នោះមិនចេញភាសាអង់គ្លេសទេ ហើយខ្មែរក៏មិនចេះនិយាយស្តាប់គ្នាមិនបាន ប៉ុន្តែក្រោយមកស្រាប់តែប្រទះឃើញសាកសពស្ត្រីជនជាតិបរទេសម្នាក់អណ្តែតមកដល់មាត់ច្រាំងក្បែរផ្លូវ ក្រោយពីស្រង់រួច ក៏ស្រាប់តែឃើញសពក្មេងប្រុស២នាក់ទៀត អណ្តែតមកដល់ច្រាំងដែរ ទើបធ្វើឱ្យមានការជ្រួលច្របល់ឡើង ។ តាមរយៈការគូររូបបង្ហាញពីសំណាក់បុរសជាជនបរទេសដែលនៅរស់នោះ ទើបដឹងថា ពួកគេមានគ្នា៧នាក់ ជិះរថយន្តឆ្លងកាត់ទំនប់បង្ហៀរទឹក ហើយត្រូវខ្សែទឹកហូរនាំធ្លាក់ចេញពីខ្នងទំនប់ បណ្តាលឱ្យលិចរថយន្តបាត់ ។
លោកសេង សុភក្តិ ស្នងការរងនគរបាលខេត្តបានឱ្យដឹងថា តាមរយៈការពិនិត្យសាកសពស្ត្រីរងគ្រោះ២នាក់ដែលស្លាប់បាត់បង់ជីវិត គឺជាជនបរទេស ចំណែកឯក្មេងប្រុស២នាក់ដែលស្លាប់ដែរនោះ ជាជនជាតិខ្មែរ ដោយឡែកមនុស្សដែលបាត់ខ្លួន២នាក់ផ្សេងទៀត ម្នាក់គឺអ្នកបើកបររថយន្ត ជាជនជាតិខ្មែរ និងម្នាក់ទៀតនៅមិនទាន់ដឹងថា ជាជនជាតិខ្មែរ ឬបរទេសនៅឡើយទេ ហើយសមត្ថកិច្ចក៏កំពុងតែបន្តការតាមរកផងដែរ រីឯរថយន្តដែលត្រូវខ្សែទឹកហូរនាំលិចបាត់នោះម៉ាកកាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-8239 ធ្វើដំណើរមកពីទីរួមស្រុកបាភ្នំ ទិសដៅឡើងទៅកាន់ផ្លូវជាតិលេខ១១ សំដៅទីក្រុងព្រៃវែង ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនបរទសខាងលើមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ ហើយមកដល់ពេលនេះសមត្ថកិច្ចកំពុងដុតដៃជើង តាមស្វែងរកអ្នកដែលបាត់ខ្លួនបន្តទៀត ៕
ចែករំលែកព័តមាននេះ