ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ក្រើនរំលឹក​ដល់សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​បង្កើន​ការ​ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ឱ្យ​បាន​ម៉ឹង​ម៉ាត់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ និង​ជា​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ធ្វើការ​ណែនាំ​អោយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​អនុវត្ត​អោយ​បាន​ម៉ឺងម៉ាត់ ម៉ត់ចត់…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ និង​ជា​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​ធ្វើការ​ណែនាំ​អោយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវ​អនុវត្ត​អោយ​បាន​ម៉ឺងម៉ាត់ ម៉ត់ចត់ ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង នៅ​ក្នុង​មូលដ្ឋាន និង​គ្រប់គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បាន​ល្អ ដោយ​ធានា​បាន​ថា ជនបរទេស ដែល​ស្នាក់​នៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ គឺ​សុទ្ធតែ​ជា​ជន​ដែល​ស្នាក់​នៅ​ដោយ​ស្របច្បាប់ ។

ការ​ណែនាំ​បែប​នេះ​របស់​លោក ឃួ​ង ស្រេង បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​១០ កុម្ភៈ ២០២៥​នេះ ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​សង្កាត់​ទាំង​១០៥ ត្រូវ​យកចិត្ត​ដាក់​ឲ្យ​បាន​ម៉ឹង​ម៉ាត់ ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ក្មេង​ទំនើង នៅ​ក្នុង​មូលដ្ឋាន ដោយ​ត្រូវ​ណែនាំ​រហូត​ដល់​ភូមិ ដើម្បី​ធ្វើ​យ៉ាងណា កុំឱ្យ​មាន​ក្រុម​ក្មេង​ទំនើង បង្ក​ភាព​ចលាចល បាត់​សណ្តាប់ធ្នាប់​ក្នុង​សង្ក​ម​។ សម្រាប់​អាជ្ញាធរ​ខណ្ឌ​នៅ​ជាយក្រុង ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក នៃ​ខេត្ត នៅ​ជាប់​ព្រំប្រទល់ ជាមួយ​រាជធានី​ភ្នំពេញ ឱ្យ​បាន​ប្រទាក់ក្រឡា​គ្នា ដើម្បី​ទប់ស្កាត់​បទល្មើស​ឆ្លង​ព្រំប្រទល់ ឲ្យ​បាន ពិសេស​ក្រុម​ក្មេង​ទំនើង​នេះ តែ​ម្តង ។

អភិបាល​រាជធានី បាន​បន្ត​ថា ជា​ធម្មតា​បទល្មើស​កើត​មាន យើង​ត្រូវ​ស្រាវជ្រាវ ប​ង្ក្រ​ប​ហើយ តែ​អ្វី​ដែល​សំខាន់​ទៀត​នោះ គឺ​ការ​បង្កើន​កម្លាំង​ពួនស្ទាក់ ដើម្បី​ទប់ស្កាត់​បទល្មើស​។ បើ​ទីតាំង​ស្មុ​ក​ស្មាញ មាន​ហានិភ័យ ត្រូវ​ដាក់​ប៉ុស្តិ៍​ប្រចាំការ​នៅ​ទីនោះ ។

បន្ថែម​ពី​នះ លោក ឃួ​ង ស្រេង បាន​ជំរុញ​ឱ្យ​ខណ្ឌ​ទាំង​១៤ ពង្រឹង​លើ​ការ​គ្រប់គ្រង​វត្តមាន​ជនបរទេស ដែល​ស្នាក់​នៅ​ខុន​ដូរ អា​ផាត​មិន សណ្ឋាគារ ផ្ទះសំណាក់ និង​ផ្ទះ​ជួល ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ឱ្យ​បាន​ល្អ ដោយ​ធានា​បាន​ថា ជនបរទេស ដែល​ស្នាក់​នៅ​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ គឺ​សុទ្ធតែ​ជា​ជន​ដែល​ស្នាក់​នៅ​ដោយ​ស្របច្បាប់ មិន​មាន​បទល្មើស ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី ជំរុញ​ឱ្យ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ បន្ត​បាញ់ថ្នាំ​មូស ដើម្បី​សុខមាលភាព​ប្រជា​ណ​ល​រដ្ឋ បើ​ទោះបី​យើង​បើក​យុទ្ធនាការ ១​លើក​មក​ហើយ កាលពីដើម​ខែមករា ឆ្នាំ​២០២៥ តែ​ដោយសារ​ឆ្នាំ​នេះ មូស​ច្រើន​ខុស​ពី​ធម្មតា ទើប​យើង​បន្ត​ការ​បាញ់ថ្នាំ​សម្លាប់​មូស​បន្ថែម​ទៀត​។ ជាមួយ​និង​ការ​ជំរុញ​ឱ្យ​មានការ​ផ្សព្វផ្សាយ​ពី​សកម្មភាព​បាញ់ថ្នាំ​សម្លាប់​មូស​នេះ​ឱ្យ​បាន​ច្រើន ទូលំទូលាយ និង​គ្រប់​មធ្យោបាយ ពិសេស​តាម​បណ្ដាញ​សង្គម​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ខាង​មុខ​នេះ គឺជា​ទិវា នៃ​ក្តី​ស្រលាញ់ ដូច្នេះ​ក្នុង​នាម​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ឱ្យ​បាន​ល្អ ជូន​ប្រជាពលរដ្ឋ ពិសេស​នៅ​គ្រប់កន្លែង​សប្បាយភាព​ទាំងអស់ នៅ​ក្នុង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ