ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ស្នើ​ឱ្យ​អាជ្ញា​ធរ​ខិត​ខំ​ស្វែង​រក​មនុ​ស្ស​បាត់​ខ្លួន​៣០​នាក់​ក្នុង​ការ​បាក់​ដី

1 ថ្ងៃ មុន

ទី​ក្រុង​ប៉េកាំង៖ មាន​ហេតុ​ការណ៍​បាក់​ដី​ដ៏​ធំ​មួយ​នៅ​ខេត្ត​ស៊ីឈាន់ (Sichuan)​ ប្រទេស​ចិន​បណ្ដាល​ឱ្យ​បាត់​ខ្លួន​មនុស្ស​​យ៉ាង​តិច​៣០​នាក់​​រហូតដល់​សព្វ​ថ្ងៃ​​រក​មិន​ទាន់​ឃើញ​នៅ​ឡើយ​ទេ​។​ ​នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​​ចិន​ស៊ី​ស៊ី​ធី​វី (CCTV)។ អាជ្ញា​ធរ​កំពុង​តាម​រក​​​​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​​ជួយ​សង្គ្រោះ​អ្នក​ដែល​អាច​នៅ​រស់​រាន​មាន​ជីវិត​។ បើ​​ពួក​គេ​មិន​អាច​នៅ​រស់​ទាំង​​​អស់​ទេ​​ រក​ឃើញ​ប៉ុណ្ណា​យក​ប៉ុណ្ណឹង​។​ ឬ​បើ​រក​មិន​ឃើញ​អ្នក​នៅ​រស់​សូម្បី​តែ​ម្នាក់​…

ទី​ក្រុង​ប៉េកាំង៖ មាន​ហេតុ​ការណ៍​បាក់​ដី​ដ៏​ធំ​មួយ​នៅ​ខេត្ត​ស៊ីឈាន់ (Sichuan)​ ប្រទេស​ចិន​បណ្ដាល​ឱ្យ​បាត់​ខ្លួន​មនុស្ស​​យ៉ាង​តិច​៣០​នាក់​​រហូតដល់​សព្វ​ថ្ងៃ​​រក​មិន​ទាន់​ឃើញ​នៅ​ឡើយ​ទេ​។​ ​នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​​ចិន​ស៊ី​ស៊ី​ធី​វី (CCTV)។ អាជ្ញា​ធរ​កំពុង​តាម​រក​​​​យ៉ាង​ដុត​ដៃ​ដុត​ជើង​ដើម្បី​​ជួយ​សង្គ្រោះ​អ្នក​ដែល​អាច​នៅ​រស់​រាន​មាន​ជីវិត​។ បើ​​ពួក​គេ​មិន​អាច​នៅ​រស់​ទាំង​​​អស់​ទេ​​ រក​ឃើញ​ប៉ុណ្ណា​យក​ប៉ុណ្ណឹង​។​ ឬ​បើ​រក​មិន​ឃើញ​អ្នក​នៅ​រស់​សូម្បី​តែ​ម្នាក់​ យ៉ាង​ហោច​ណាស់​បង្ហាញ​ការ​ខិត​ខំ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដែរ​។

ហេតុ​ការណ៍​បាក់​ដី​​នោះ​កើត​ឡើង​នៅ​ភូមិ​ជីន​ភីង (Jinping) ​ទី​ក្រុងយី​ប៊ីន (Yibin) ​​​។ អាជ្ញា​ធរ​បញ្ជាក់​ថា​មនុស្ស​រាប់​សិប​នាក់​កំពុង​បាត់​ខ្លួន​នៅ​ទី​តាំង​​​ភូមិ​សាស្ត្រ​ដ៏​​​គ្រោះ​ថ្នាក់​ជា​ទី​​បំផុត​។ ទូរ​ទស្សន៍​ស៊ី​ស៊ី​ធីវី​ផ្សាយ​ថា​ផ្ទះ​របស់​អ្នក​ស្រុក​ដប់​ខ្នង​នៅ​សុខ​ៗ​ស្រាប់​តែ​បាក់​គ្រិប​ចូល​ទៅ​ក្នុង​ដី​ប្រៀប​​​ដូចជា​​ព្រះ​ធរណី​ស្រូប​ ខណៈ​ដែល​មនុស្ស​ជាង​៣០​​​នាក់​​ក៏​បាន​បាត់​ខ្លួន​មួយ​រំពេច​។

ដើម្បី​​​​បង្ការ​គ្រោះ​ថ្នាក់​ផ្សេង​ៗ​​ អាជ្ញា​ធរ​​បាន​​ចុះ​ទៅ​ជម្លៀសអ្នក​​រស់​នៅ​ម្ដុំ​នោះ​២​រយ​នាក់​​​ និង​អំពាវ​នាវ​​ឱ្យ​​ប្រជា​ជន​​ទាំង​អស់​ជៀស​វាង​ឱ្យ​ឆ្ងាយ​ពី​តំបន់​នោះ​។ មើល​ទៅ​ស្ថាន​ភាព​ដី​នៅ​ទី​នោះ​ហាក់​ដូច​ជា​មិន​ស្រួល​ប៉ុន្មាន​ទេ​ មាន​ន័យ​ថា​ស្រួល​មិន​ស្រួល​អាច​នឹង​មាន​ករណី​បាក់​ដី​​​កើត​​ឡើង​​​ជា​បន្ត​ទៀត​។ ដំណឹង​នេះ​បាន​លេច​ឮ​ដល់​ប្រធានា​ធិប​តី​ចិន លោ​កស៊ី​ជីន​ពីង​រួច​ហើយ​។

លោក​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ហេតុ​ការណ៍​នេះ​ និង​​​ជំរុញ​ឱ្យ​អាជ្ញា​ធរ​ខិត​ខំ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ស្វែង​រក​​​អ្នក​បាត់​ខ្លួន និង​​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​​​ឱ្យ​មក​នៅ​កម្រិត​ទាប​បំផុត​​តាម​ដែល​​អាច​ធ្វើ​ទៅ​បាន​។ ក្រសួង​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ជាតិ​ថ្លែង​ថា​សំណាង​ល្អ​មនុស្ស​២​នាក់​ត្រូវ​គេ​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា​។

នាយក​រដ្ឋ​មន្ត្រី​ចិន លោក​លី​ឆៀង​ (Li Qiang) ​ក៏​​អំពាវ​នាវ​​ឱ្យ​អាជ្ញា​ធរ​ស៊ើប​អង្កេត និង​ត្រួត​ពិនិត្យ​មើល​ស្ថាន​ភាព​ភូមិ​សាស្ត្រ​នៅ​ក្បែរ​ៗ​នោះ​​​ដើម្បី​បង្ការ​គ្រោះ​ថ្នាក់​។ លោក​ក៏​បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ជន​នៅ​ក្បែរ​ៗ​នោះ​បើ​មើល​ស្ថាន​ភាព​ហាក់​ដូច​ជា​មិន​ស្រួល​ទេ​គួរ​តែ​ប្រញាប់​ចាក​ចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគេ​ជា​បន្ទាន់​ដើម្បី​ជៀស​វាង​សោក​នាដ​កម្ម​ដូច​ករណី​ខាង​លើ​នេះ​។​

អ្នក​រស់​នៅ​ក្នុង​​ភូមិ​ខាង​លើ​នេះ​​​ប្រាប់​ថា​​​​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ឧស្សាហ៍​មាន​​ថ្ម​​រអិល​ធ្លាក់​​ពី​កំពូល​ភ្នំ​ ឬ​ចង្កេះ​ភ្នំ​ជា​ហូរ​ហែ​​។ ​ក្រុម​អ្នក​ផែន​ដី​វិទ្យា​ក៏​បាន​​ចុះ​ទៅ​ស្ទង់​មើល​កម្រិត​គ្រោះ​ថ្នាក់​នៃ​ស្ថាន​ភាព​ភូមិ​សាស្ត្រ​នៅ​​ទី​​នោះ​កាល​ពី​ចុង​ឆ្នាំ​២០២៤​។ ទី​ភ្នាក់​ងារ​ព័ត៌​មាន​ស៊ីន​ហួ​ផ្សាយ​​ថា​​គណៈ​កម្ម​ការ​ជាតិអភិ​វឌ្ឍ និង​កំណែ​ទម្រង់​បាន​​បញ្ចេញ​ថវិកា​​៥០​លាន​យ័ន្ត​ ឬ​ស្មើ​នឹង​៦,៩​លាន​ដុល្លារ​អាមេរិក​ដើម្បី​គាំទ្រ​ការ​រៀប​ចំ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឡើង​វិញ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ