ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អធិការ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន ១២០​រូប ទទួល​បាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌

23 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ មន្ត្រី​អធិការ​ការងារ នៃ​អគ្គនាយកដ្ឋាន​ការងារ អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា និង មន្ទី​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី​ភ្នំពេញ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សរុប​ចំនួន…

រាជធានីភ្នំពេញ​ ៖ មន្ត្រី​អធិការ​ការងារ នៃ​អគ្គនាយកដ្ឋាន​ការងារ អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា និង មន្ទី​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី​ភ្នំពេញ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សរុប​ចំនួន ១២០​រូប បាន​បំពេញ​នីតិវិធី​ធ្វើ​សម្បថ​ស្រប​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដើម្បី​ក្លាយជា​នគរបាល​យុត្តិធម៌​ ។ ពិធី​សម្បថ​នេះ​ប្រព្រឹត្ត​ទៅ​នា​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​នេះ ត្រូវ​បាន​ផ្តល់​ជូន​អធិការ​ការងារ ដើម្បី​ពង្រឹង​ការ​អនុ​វត្តបទ​ប្បញ្ញត្តិ​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ សន្ដិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​ជា​ពិសេស ​៖

១. ត្រួតពិនិត្យ​និង​តាមដាន​ការ​អនុ​វត្តបទ​ប្បញ្ញត្តិ​នៃ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ សន្ដិសុខ​សង្គម និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ។​ 

២. លើកកម្ពស់​លក្ខខណ្ឌ​ការងារ លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ ការ​អនុវត្ត​របប​សន្តិសុខ​សង្គម និង​ទំនាក់ទំនង​វិជ្ជាជីវៈ នៅ​តាម​រោងចក្រ សហគ្រាស គ្រឹះស្ថាន ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

៣. ជំរុញ​រោងចក្រ សហគ្រាស​គ្រឹះស្ថាន ដើម្បី​ប្រែក្លាយ “​សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ​” ពោល​គឺជា​កន្លែងធ្វើការ​ដែល​គោរព​តាម​ច្បាប់ ធានា​បាន​នូវ​សុខដុម​នី​យ​កម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ប្រកបដោយ​គុណភាព និង​ផលិតភាព​ការងារ​ខ្ពស់ ​។

សម្រាប់​អធិការ​ការងារ​នៅ​តាម​មន្ទី​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​តាម​បណ្តា​ខេត្ត​នានា​ចំនួន ១៣៦​រូប​ទៀត នឹង​បំពេញ​នីតិវិធី​ធ្វើ​សម្បថ​ជា​នគរបាល​យុត្តិធម៌ នៅ​តាម​សាលាដំបូង​ខេត្ត តាម​កាលកំណត់​ជា​បន្តបន្ទាប់​។ ចំពោះ​មុខ អធិការ​ការងារ​នៅ​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ព្រះ​សីហ​នុ​ចំនួន ១១​រូប បាន​បំពេញ​នីតិវិធី​សម្បថ​រួច​ហើយ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ​ ។

គួរ​បញ្ជាក់​ថា ដើម្បី​ពង្រឹង​កិច្ច​ការងារ​អធិការកិច្ច​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព មន្ត្រី​អធិការ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ទទួល​វគ្គ​សុក្រឹតការ ស្តី​ពី ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ក្នុង​វិស័យ​ការងារ និង​សន្តិសុខ​សង្គម​ដល់​អធិការ​ការងារ​ផង​ដែរ​។ វគ្គ​វិ​ក្រឹ​ត​ការ​ទាំងនោះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង និង​លើកកម្ពស់​សមត្ថភាព​អធិការកិច្ច​ការងារ​ក្នុង​ការ​ត្រួតពិនិត្យ​អនុវត្ត​លក្ខខណ្ឌ​ការងារ លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ របប​សន្តិសុខ​សង្គម និង​សេរីភាព​សមាគម​នៅ​សហគ្រាស គ្រឹះស្ថាន ស្រប​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន ​។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ក៏​បាន​រៀបចំ​សកម្មភាព​ការងារ​បន្ត​ សម្រាប់​ពង្រឹងសមត្ថភាព​អធិការ​ការងារ​ផង​ដែរ ក្នុង​នោះ​រៀបចំ​វគ្គ​បណ្តុះបណ្តាល ​ដល់​មន្ត្រី​ផ្សះផ្សារ​វិវាទ​ការងារ​ដោយ​សហការ​ ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO, រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​អធិការ​ការងារ ដែល​ទទួល​បាន​នីតិ​សម្បទាន​ ជា​នគរបាល​យុត្តិធម៌​ដោយ​សហការ​ ជាមួយ​ក្រសួងយុត្តិធម៌​ផង​ដែរ​ ៕ អត្ថបទសហការ