រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានកំពុងរងចាំមើកទណ្ឌិត សម រង្ស៊ី នឹងធ្វើការស្នើសុំជួយពីរដ្ឋបាលលោកត្រាំ យ៉ាងណាទៀត បើលោកនិយាយរិះគន់ប្រធានាធិបតីអាមេរិករូបនេះថា និយាយមិនដែលការពិតនោះទេ ។
ការលើកឡើង របស់សម្តេចមហាបវរធីបតី ខណៈដែលសម្តេចបានយកវីដេអូមួយរបស់ទណ្ឌិត សម រង្សី ដែលនិយាយរិះគន់ទៅលើលោក Donald Trump មុនក្លាយជា ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងបទសម្ភាសន៍មួយក្នុងសារព័ត៌មាន The Cambodia Daily ដោយសម្តេចចាំមើលថា តើអ្នកនយោបាយចាស់វស្សា និងជាជនឱកាសនិយមដែល តែងតែអួតពីការគាំទ្ររបស់អាមេរិករូបនេះនឹងស្នើសុំការជួយពីរដ្ឋបាលរបស់លោក Donald Trump យ៉ាងណាទៀតទៅ ។ នៅលើបណ្តាញសង្គម នារាត្រីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះនូវវីដេអូរបស់ទណ្ឌិត សម រង្សី ដែលបានផ្តល់បទសម្ភាសន៍ជាមួយ The Cambodia Daily កាលពីថ្ងៃ១២ កញ្ញា ២០២៤ ដែលក្នុងវីដេអូនេះទៀតសោត ទណ្ឌិត សម រង្សី បានធ្វើការរិះគន់ទៅលើបុគ្គលិកលក្ខណៈរបស់លោក Donald Trump ដែលពេលនោះ ជាបេក្ខជនប្រធានាធិបតី ។
ភ្ជាប់មកជាមួយវីដេអូខាងលើនេះ សម្តេចមហាបវរធិបតី លើកឡើងថា«ឃើញវីដេអូនេះធ្វើឲ្យខ្ញុំនឹកឃើញ នៅពេលកន្លងមកដែលខ្ញុំតែងតែឃើញអ្នកនយោបាយចាស់វស្សា និងជាជនឱកាសនិយម សម រង្ស៊ី តែងតែយកខ្លួនទៅភ្ជាប់ជាមួយនឹងអ្នកដែលឈ្នះដូចជា លោកស្រី អ៊ុង សានស៊ូជី នៅភូមា កាលពីលោកស្រីឈ្នះការបោះឆ្នោតនៅឆ្នាំ២០១៥ ។ ហើយតែងតែដាក់ខ្លួនឆ្ងាយពីបុគ្គលដែលចាញ់ ឬមានបញ្ហា» ។
បន្ថែមលើនេះ សម្តេចនាយករដ្ឋមន្ត្រី ថែមទាំងបញ្ជាក់ថា «ការដែលលោក សម រង្ស៊ី ហ៊ាន និយាយបែបនេះនៅក្នុងរយៈពេលជាង១ខែមុនការបោះឆ្នោត នៅសហរដ្ឋអាមេរិក ប្រហែលជាគាត់គិតថា ប្រធានាធិបតី Donald Trump នឹងមិនទទួលបានជោគជ័យក្នុងការបោះឆ្នោតដែលនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកានោះទេ បើយោងតាមការស្ទង់មតិជាច្រើននាពេលនោះ ។ តែផ្ទុយទៅវិញប្រជាពលរដ្ឋអាមេរិកបានបោះឆ្នោតឲ្យលោក Donald Trump ឈ្នះ និងក្លាយជាប្រធានាធិបតីទី៤៧ របស់អាមេរិក» ។
ជាមួយនឹងការរំលឹកអំពីបទសម្ភាសន៍ទណ្ឌិត សម រង្សី ហើយនោះសម្តេចធិបតី ថែមទាំងចោទជាសំណួរថា «ខ្ញុំរង់ចាំមើលថា តើអ្នកនយោបាយចាស់វស្សា និងជាជនឱកាសនិយម សម រង្សី ដែលតែងតែអួតពីការគាំទ្ររបស់អាមេរិកនឹងស្នើសុំការជួយពីរដ្ឋបាលរបស់លោក Donald Trump យ៉ាងណាទៀតទៅ ។ តើគាត់ត្រូវធ្វើមុខក្រាស់ ឬដាក់ខ្លួនហើយបែរមកនិយាយល្អអំពីលោក Donald Trump ដើម្បីបានការជួយឬទេ0x017d7
បើភស្តុតាងដែលបង្ហាញអំពីការរិះគន់វាយប្រហារបស់គាត់លើបុគ្គលិកលក្ខណៈរបស់លោក Donald Trump មានច្បាស់យ៉ាងនេះ ។ សង្ឃឹមថា គាត់មិនចោទថា ការសម្ភាសន៍នេះក្លែងក្លាយ ហើយជាការកាត់តតាមប្រព័ន្ធ AI ទៅចុះ» ។
សម្តេចមហាបវរធិបតីបានគូសបញ្ជាក់ថា៖«ខ្ញុំជឿថា មានមនុស្សជាច្រើនក៏នឹងកំពុងរង់ចាំមើលអាកប្បកិរិយា និងសកម្មភាពរបស់អ្នកនយោបាយចាស់វស្សាឱកាសនិយមម្នាក់នេះ ជាមួយរដ្ឋាភិបាលលោក Donald Trump ទៅជាយ៉ាងណា?» ។
យោងតាមវីដេអូដែលសម្តេចមហាបវរធិបតីបង្ហោះនោះទណ្ឌិត សម រង្ស៊ីបាននិយាយយ៉ាងដូច្នេះថា៖«ខ្ញុំកត់សម្គាល់ហើយមិនមែនតែខ្ញុំទេ ថា លោកត្រាំ គាត់មិនសូវនិយាយការពិតទេ! គាត់និយាយបំភ្លើសហើយគាត់ធ្វើប្រជាភិថុតយករឿងដែលបំប៉ោង ឬរឿងប្រឌិតយកមកនិយាយ រួចហើយអ្នកជឿគាត់ងាយពេក ។ បើប្រជាពលរដ្ឋយកមកគិតពិចារណាមែនទែនទៅ គួរតែជ្រើសរើសអ្នកដឹកនាំដែលនិយាយអ្វីឈរលើការពិត កុំបំភ្លើស កុំបំប៉ោង ដូចលោកត្រាំដែលជាទម្លាប់របស់គាត់» ៕
ចែករំលែកព័តមាននេះ