ខេត្តបាត់ដំបង ៖ កុមារប្រុសស្រី០២នាក់បងប្អូន ត្រូវបានអគ្គិភ័យឆក់យកជីវិតយ៉ាងអាណោចអាធ័មបំផុត ជាមួយនឹងអីវ៉ាន់ចាប់ហួយនៅក្នុងតូបលក់ដូរ ពេលពួកគេកំពុងដេកលក់ កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៣០ មករា ស្ថិតនៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខណៈដែលម្ដាយកំពុងជាប់ដៃរវល់ធ្វើស្មៅដំណាំ តាមទម្លាប់ដែលគាត់ធ្វើនៅពេលរាត្រី ។
តាមរយៈរបាយការណ៍ការិយាល័យពន្លត់អគ្គិភ័យបានឱ្យដឹងថា ក្មេងដែលស្លាប់ក្នុងអណ្ដាតភ្លើងក្នុងតូបលក់ដូរនោះ ម្នាក់ឈ្មោះ ស៊ីថា សាវឌី ភេទស្រី អាយុ១២ឆ្នាំ (បង) និងម្នាក់ទៀតឈ្មោះ ស៊ីថា សុវណ្ណដា ភេទប្រុស អាយុ០៥ឆ្នាំ (ប្អូន) រីឯម្ដាយឈ្មោះ ហ៊ុន សុគន្ធី អាយុ៤០ឆ្នាំ តែស្វាមីគាត់ទៅធ្វើការងារនៅប្រទេសថៃ ។
អធិការស្រុកថ្មគោល លោក សេង លុច បានប្រាប់ថា អគ្គិភ័យដ៏កាចសាហាវនោះ បានឆេះតូបលក់ចាប់ហួយរបស់ជនរងគ្រោះ ដែលធ្វើអំពីឈើប្រក់ និងជញ្ជាំងស័ង្កសី មានទំហំ០៥ម៉x១២ម៉ បានរងការខូចខាតទាំងស្រុងតែម្ដង ។ លោកបាននិយាយថា នៅពេលមានអគ្គិភ័យកើតឡើង កូនប្រុសស្រីទាំង០២នាក់ បានដេកក្នុងតូបលក់ដូរ ដែលមានទំនិញជាច្រើនមុខ ថែមទាំងមានប៊ីដុងសាំង និងហ្គាសផង ។
លោកថា ក្រោមរៀបចំឲ្យកូនៗចូលដេកក្នុងតូប គាត់បានចាក់សោពីខាងក្រៅ រួចហើយគាត់ចេញទៅធ្វើស្មៅដំណាំចម្ងាយពីផ្ទះប្រមាណ១៥០ម៉ែត្រ ដែលជាទម្លាប់របស់គាត់ធ្វើពេលយប់ ។ លុះមានអគ្គិភ័យកើតឡើង ទើបគាត់រត់មកផ្ទះ ខណៈកូនទាំង០២នាក់ កំពុងត្រូវអគ្គិភ័យប្រឹងលេប
យកជីវិតពួកគេយ៉ាងរន្ធត់ជាមួយនឹងអីវ៉ាន់ចាប់ហួយ ។
អ្នកភូមិបានព្យាយាមចេញជួយអន្តរាគមន៍ រីឯរថយន្តពន្លត់អគ្គិភ័យ មិនអាចចេញទៅជួយសង្គ្រោះ ឬ ទប់ស្កាត់បានទាន់ពេលទេ ព្រោះវាឆេះលឿនពេក ។ បើតាមការស្រង់សម្ដីពីម្ដាយជនរងគ្រោះ អ្នកស្រី ហ៊ុន សុគន្ធី បានផ្ដល់ព័ត៌មានបឋមជូនសមត្ថកិច្ចថា ជារៀងរាល់យប់ ក្រោយពីរៀបចំឲ្យកូនទាំង០២នាក់ចូលដេកក្នុងតូបលក់ដូរ គាត់តែងចេញទៅធ្វើស្មៅដំណាំខាងក្រោយផ្ទះ ព្រោះធ្វើពេលយប់ត្រជាក់ស្រួល ម្យ៉ាងពេលថ្ងៃជាប់លក់ដូរគ្មានពេលធ្វើស្មៅទេ ។
សមត្ថកិច្ចបានស្រង់សម្ដីជនរងគ្រោះទៀតថា នៅម៉ោងកើតហេតុ គាត់គ្រាន់តែបានឮសម្លេងផ្ទុះនៅឯកផ្ទះគាត់ លុះគាត់ងាកមើល ស្រាប់តែមានភ្លើងឆេះតូបលក់អីវ៉ាន់ ឃើញតែអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ។ គាត់បានរត់ទៅមើល និងព្យាយាមចូលជួយកូនៗរបស់គាត់ ដែលកំពុងស្ថិតក្នុងអណ្ដាតភ្លើងយ៉ាងខ្លោចផ្សា ។ ប៉ុន្តែមិនអាចចូលទៅកៀក ឬមានមធ្យោបាយចូលជួយកូនៗឡើយ បានត្រឹមឈរស្រែកយំផង ស្រែកហៅឲ្យគេជួយផង ។ ទីបំផុត ជីវិតកូនទាំង០២នាក់ ត្រូវស្លាប់យ៉ាងរន្ធត់ក្នុងអណ្ដាតភ្លើង ជាមួយនឹងអីវ៉ាន់គ្រប់មុខនៅក្នុងតូប ។
បើតាមរបាយការណ៍អធិការស្រុកថ្មគោល ដែលបានសួរនាំជនរងគ្រោះបានឲ្យដឹងថា នៅក្នុងតូបលក់អីវ៉ាន ក្រៅពីអីវ៉ាន់ចាប់ហួយគ្រប់មុខ មានម៉ូតូ០១គ្រឿង ម៉ាស៊ីនបូមទឹក០១គ្រឿង សាំង០២ប៊ីដុង កំប៉ុងហ្គាសជាច្រើនទៀត ដែលគាត់ដាក់លក់ក្នុងតូប ។ ជារៀងរាល់យប់ កូនគាត់ទាំង០២ដេកនៅក្នុងតូបនោះ ហើយគាត់ចាក់សោទ្វារខាងក្រៅ មុនពេលគាត់ចេញទៅធ្វើស្មៅដំណាំ ខណៈស្វាមីគាត់ទៅធ្វើការងារនៅប្រទេសថៃ យូរៗទើបមកស្រុកម្ដង ។
ជុំវិញអគ្គិភ័យ ដែលបានផ្ដាច់ផ្ដិលជីវិតមនុស្ស០២នាក់ យ៉ាងកាចសាហាវនេះ លោក សេង លុច អធិការស្រុកថ្មគោលបានប្រាប់ថា ពេលយប់កូនៗចូលដេក ម្ដាយបានបើកភ្លើងបំភ្លឺ តែមិនបើកកង្ហាទេ។ លោកបានសួរនាំជនរងគ្រោះយ៉ាងល្អិតល្អន់អំពីចំណុចនេះ ហើយជនរងគ្រោះ ក៏បានសន្និដ្ឋានជំហានដំបូងថា អគ្គិភ័យនេះ ទំនងអាចបង្កឡើយដោយការ «ទុស្សេខ្សែភ្លើង»។ ហើយពេលអគ្គិភ័យឆេះពេញបន្ទុក ហើយឆេះកាន់តែខ្លាំងនៅពេលឆេះប៊ីដុងសាំង និងផ្ទុះកំប៉ុងហ្គាស ។ សូម្បីតែរថយន្តពន្លត់អគ្គីភ័យ ក៏មិនអាចជួយទាន់ពេលដែរ ព្រោះភ្លើងឆេះលឿន ហើយការផ្ដល់ព័ត៌មានមានការយឺតយ៉ាវ។ ពេលនេះ អាជ្ញាធរ និងសមត្ថកិច្ចជំនាញ បាននិងកំពុងចុះពិនិត្យចំណុចកើតហេតុ និងជួយឧបត្ថម្ភដល់គ្រួសារជនរងគ្រោះ ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី០១ មករា រហូតដល់ថ្ងៃទី៣០ មករា ដើមឆ្នាំ២០២៥ នេះ នៅក្នុងខេត្តបាត់ដំបង អគ្គិភ័យបានកើតឡើងចំនួន១២លើកជាបន្តបន្ទាប់ ។ អគ្គិភ័យដែលបានកើតឡើងនេះ បណ្ដាលឲ្យឆេះផ្ទះ ឆេះចម្ការស្វាយរាប់សិបហិកតា ឆេះតូបលក់ទំនិញ ។ល។ ក្រៅពីខូចខាតផ្ទះសម្បែងជាច្រើនខ្នង តូបលក់អីវ៉ាន់ប៉ុន្មានតូប និងដំណាំស្វាយរាប់ម៉ឺនដើម អគ្គិភ័យដ៏កាចសាហាវនាខែមករា ដើមឆ្នាំនេះ បានឆក់យកជីវិតមនុស្សអស់០៣នាក់ហើយ ។
ដូច្នេះ ប្រជាពលរដ្ឋគួរតែមានការប្រុងប្រយ័ត្ន ចំពោះអគ្គិភ័យ «ភ្លើងធូប ភ្លើងទៀន ភ្លើងចង្គ្រាន និង ខ្សែភ្លើងដែលតរញ៉េរញ៉ៃនៅក្នុងផ្ទះ» គូរតែត្រួតពិនិត្យឲ្យបានម៉ត់ចត់ មុនពេលចាកចេញពីផ្ទះ ព្រោះនេះជារដូវក្ដៅ ដែលអគ្គិភ័យ ងាយនឹងកើតឡើងដោយយថាហេតុ ៕
ចែករំលែកព័តមាននេះ