ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញ​ ៖ ការ​ពង្រឹង​ការ​ធ្វើ​អធិការកិច្ច​តាមរោងចក្រ សហគ្រាស គឺ​ដើម្បី​ធានា​បរិយាកាស​ការងារ​នៅ​កម្ពុជា ​ឱ្យ​កាន់តែ​ប្រសើរ និង​ទាក់ទាញ​វិនិយោគិន​បរទេស​

1 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ អ្នកជំនាញ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​មើលឃើញ​ថា ការ​ពង្រឹង​ការ​ធ្វើ​អធិការកិច្ច​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង…

រាជធានីភ្នំពេញ​ ៖ អ្នកជំនាញ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​មើលឃើញ​ថា ការ​ពង្រឹង​ការ​ធ្វើ​អធិការកិច្ច​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើ​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប សម្រាប់​ឆ្នាំ ​២០២៥ នេះ​គឺជា​ពង្រឹង​ការ​គោរព​ច្បាប់​ការងារ សិទ្ធិ​កម្មករ និង​បង្កើត​ឱ្យ​មាន​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ប្រសើរ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគិន​បរទេស​ថ្មី​ៗ​ចូល​មក​ក្នុងស្រុក​បន្ថែម​ទៀត ​។

លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ បាន​លើក​ឡើង​ថា យន្តការ​ពង្រឹង​ការ​ធ្វើ​អធិការកិច្ច​របស់​ក្រសួង​ការងារ​គឺជា​យន្តការ​មួយ​ដើម្បី​លើកកម្ពស់​ការ​អនុវត្ត​ច្បាប់​របស់​និយោជក​ក្នុង​ការ​យកចិត្តទុកដាក់​ផ្តល់​អត្ថប្រយោជន៍​ឱ្យ​បាន​ពេញលេញ​ទៅ​ដល់​កម្មករនិយោជិត​នៅ​កម្ពុជា ដើម្បី​កុំឱ្យ​មាន​វិវាទ​កើតឡើង​នៅ​កន្លែងធ្វើការ​។ ដើម្បី​ធានា​បាន​ថា ម្ចាស់​រោងចក្រ សហគ្រាស​ទាំងនោះ​មិន​កេងប្រវ័ញ្ច និង​ផ្តល់​អត្ថប្រយោជន៍​បាន​ពេញលេញ​តាម​ច្បាប់​ការងារ​ដែល​មាន​ចែង​ជា​ធរមាន ជា​ពិសេស​លើ​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំឆ្នាំ​ ។

អ្នកជំនាញ​រូប​នេះ បាន​គូសបញ្ជាក់​បន្ថែម​ថា កាលណា​ប្រទេស​កម្ពុជា​ធ្វើ​បាន​យ៉ាង​ត្រឹមត្រូវ និង​ហ្មត់ចត់​បែប​នេះ កម្ពុជា​ខ្លួនឯង​នឹង​ប្រែ​ក្លាយជា​ប្រទេស​ដែល​មាន​បរិយាកាស​ល្អ​សម្រាប់​អ្នក​វិនិយោគ​បរទេស​ដែល​កំពុង​រកស៊ី និង​កំពុង​ពិចារណា​មក​បោះទុន​វិនិយោគ​ចូល​មក​ប្រទេស​កម្ពុជា​។ បរិយាកាស​ល្អ​នេះ​ផង​ដែរ កម្ពុជា​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​មក​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន និង​បង្កើត​ការងារ​ជា​ច្រើន​កន្លែង​ដល់​ពលរដ្ឋ​កម្ពុជា​ផង​ដែរ​។

ដោយឡែក លោក​បណ្ឌិត ឈ​ត ប៊ុ​ន​ថង អ្នកជំនាញ​ផ្នែក​ទស្សន​វិទ្យា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​គូសបញ្ជាក់​ផង​ដែរ​ថា លោក​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​យន្តការ​ពង្រឹង​ការ​ធ្វើ​អធិការកិច្ច​របស់​ក្រសួង​ការងារ​ពីព្រោះ​ដើម្បី​ត្រួតពិនិត្យ និង​ធ្វើ​ឱ្យ​បណ្តា​ម្ចាស់​រោងចក្រ សហគ្រាស អនុវត្ត​បាន​ពេញលេញ និង​ត្រឹមត្រូវ​នូវ​ប្រាក់​ឈ្នួល​អប្បបរមា និង​អត្ថប្រយោជន៍​ជា​ច្រើន​ផ្សេង​ៗ​ទៀត ​។ លោកបណ្ឌិត​រូប​នេះ​មើលឃើញ​ថា ការ​ដាក់​ចេញ​នូវ​យន្តការ​នេះ ត្បិត​តែ​មិនមែន​ជា​រឿង​ថ្មី​ក៏​ពិតមែន ក៏​ប៉ុន្តែ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​សុខ​ទុក​បងប្អូន​កម្មករ តាម​រយៈ​ការ​តាមដាន​យ៉ាង​ម៉ឺងម៉ាត់​បំផុត​នូវ​កាតព្វកិច្ច​របស់​និយោជក​លើ​អត្ថប្រយោជន៍​កម្មករ ជៀសវាង​មានការ​កេងប្រវ័ញ្ច និង​ផ្តល់​អត្ថប្រយោជន៍​មិន​ពេញលេញ​ណាមួយ​ ។

គួរ​បញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី​ ១៨ ខែមករា ឆ្នាំ​ ២០២៤ បាន​ចេញ​សេចក្តីណែនាំ និង​ក្រើនរំលឹក​ដល់​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប ត្រូវ​អនុវត្ត​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៥ ចាប់ពី​ថ្ងៃ​ទី ​១ ខែមករា ឆ្នាំ​ ២០២៥ តទៅ ដោយ​ត្រូវ​ទូទាត់​ចំនួន ២ ​ដង ក្នុង ​១ ​ខែ ​។

ទន្ទឹម​នឹង​នេះ ម្ចាស់​ឬ​នាយក​សហគ្រាស គ្រឹះស្ថាន ត្រូវ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ចំនួន ២​ដង ក្នុង​១​ឆ្នាំ រួម​និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ ជូន​កម្មករនិយោជិត​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ​។ ក្នុង​ករណី​មានការ​ខកខាន​ទូទាត់ ឬ​គណនា​ដោយ​មិន​បាន​ត្រឹមត្រូវ ដែល​នាំ​ឱ្យ​មាន​វិវាទ​ការងារ​កើតឡើង អធិការ​ការងារ​នឹង​ចាត់វិធានការ​ផាកពិន័យ​សហគ្រាស គ្រឹះស្ថាន​នោះ យ៉ាង​តឹងរ៉ឹង​តាម​ច្បាប់​ជា​ធរមាន​ ។

ក្នុង​ករណី​សង្ស័យ​ថា ការ​គណនា​ប្រាក់​ឈ្នួល ប្រាក់​បំណាច់​អតីតភាព​ការងារ និង​/​ឬ​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ អនុវត្ត​មិន​បាន​ត្រឹមត្រូវ​តាម​ច្បាប់ សូម​បងប្អូន​កម្មករនិយោជិត ឬ​សហជីព​ដែល​ជា​តំណាង​របស់​បងប្អូន​កម្មករនិយោជិត​ជូនដំណឹង​មក​អធិការ​ការងារ តាម​រយៈ​ប្រព័ន្ធ​ទាន់​ហេតុការណ៍​លេខ ១២៩៧ ឬ ១២៨៦ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន ជៀសវាង​ការ​យក​ជម្រើស​តវ៉ា​តាម​រយៈ​ការ​បិទផ្លូវ​សាធារណៈ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​អាច​ឈាន​ដល់​ការ​ប្រព្រឹត្ត​ល្មើសច្បាប់​ជាយថាហេតុ​ ៕ អត្ថបទសហការ