ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋដែលមានមុខរបរលក់អីវ៉ាន់ចាប់ហួយបន្តិចបន្តួចនៅតាមជនបទ កំពុងប្រឈមនឹងការចាញ់បោកជនទុច្ចរិក ដោយម្នាក់ៗអស់ប្រាក់រាប់លានរៀល និងរាប់ពាន់ដុល្លារតាមរយៈការបន្លំធ្វើជាតំណាងចែកចាយផលិតផល ឬទំនិញនានា ដោយប្រើល្បិចកត់មុខទំនិញចូលក្នុង «បុង» រួចសុំបង់ប្រាក់ជាមុន និងដឹកទំនិញមកប្រគល់ជូនម៉ូយតាមក្រោយ តែបានប្រាក់ដល់ដៃហើយនាំគ្នាឡើងរថយន្តដាក់មេប្រូចបិទទូរស័ព្ទបាត់ដំណឹងសូន្យឈឹងតែម្ដង ។
ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី១៩ មករា នៅចំណុច «អូរតូច» ស្ថិតក្នុងភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ មានសេចក្ដីរាយការណ៍ថា មានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម មានប្រុស០២នាក់ ស្រី០៣នាក់ ជិះរថយន្តប្រភេទទួរីស១២កៅអី (ស្ដារិក) ពណ៌ស ពាក់ស្លាកលេខកណ្ដាល 2B-6650 ដោយអះអាងថា ពួកគេជាតំណាងក្រុមហ៊ុន«លីហួរ» លក់ផលិតផល និងទំនិញគ្រប់ប្រភេទ។ ជនទុច្ចរិតមានប្រុស មានស្រីមួយក្រុមនេះ បានឈប់រថយន្ត ដើម្បីលូងលោមលក់ទំនិញឲ្យប្រជាពលរដ្ឋម្នាក់ឈ្មោះទង សុវ័ន្ត ភេទស្រី អាយុ៣៥ឆ្នាំ ជាអ្នកលក់ចាប់ហួយកំប៉ិកកំប៉ុកនៅចំណុច«អូរតូច»ខាងលើ។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនមួយក្រុមនេះអះអាងថា ពួកខ្លួនជាតំណាងឲ្យក្រុមហ៊ុនលក់ទំនិញ ហើយពួកគេជិះរថយន្ត ដើរលក់ទំនិញគ្រប់មុខ គ្រប់ទីកន្លែង ។ ប៉ុន្តែពេលចុះជួបជាមួយជនរងគ្រោះខាងលើនេះ គេមិនដឹងថា តើជនរងគ្រោះ ត្រូវក្រុមជនទុច្ចរិតនិយាយលូងលោម ឬប្រើល្បិចកលដ៏គម្រក់បែបណាទេ ស្រាប់តែក្រោយពេលក្រុមរថយន្តនោះជិះចេញផុតបន្តិច ក៏មានការផ្អើលឆោឡោថា អ្នកលក់អីវ៉ាន់ចាក់បោកគេ ទិញអីវ៉ាន់ បង់ប្រាក់គ្រប់ចំនួនហើយ មិនបានអីវ៉ាន់បានតែវិក្កយបត្រ ហើយបិទទូរស័ព្ទគ្រប់ប្រព័ន្ធទាក់ទងមិនបានសោះ» ។
ពាក់ព័ន្ធនឹងករណីនេះ តាមរយៈទូរស័ព្ទជនរងគ្រោះឈ្មោះ ទង សុវ័ន្ត បានថ្លែងនៅព្រឹកថ្ងៃទី ២២ មករា ដោយរៀបរាប់ប្រាប់ថា អ្នកស្រីមិនធ្លាប់ឃើញក្រុមជនឆបោកនោះទេ តែនៅថ្ងៃកើតហេតុ ក្រុមជនឆបោក ដែលមានប្រុស០២នាក់ (ស្រី០៣នាក់) នេះ បានជិះរថយន្តដែលមានភិនភាគខាងលើ បានមកឈប់ខាងមុខតូបគាត់ រួចពួកគេចុះមកសួរនាំគាត់ ដើម្បីលក់អីវ៉ាន់ ។
អ្នកស្រី ទង សុវ័ន្ត បាននិយាយថា ពួកគេអះអាងថា ជាតំណាងក្រុមហ៊ុន«លីហួរ» មានលក់ទំនិញ ឬ លក់ផលិតផលគ្រប់ប្រភេទ ។ ក្នុងនោះ មានស្រាបៀរគ្រប់មុខ ជីកសិកម្មគ្រប់ប្រភេទ និងទំនិញជាច្រើនមុខទៀត ។ គាត់បន្តថា ពេលនោះ ស្ត្រីម្នាក់ និងបុរសម្នាក់ បានចុះពីរថយន្ត រីឯបុរសម្នាក់ និងស្ត្រី០២នាក់ទៀតមិនបានចុះទេ ។
គាត់ប្រាប់ថា ដោយឃើញសមាសភាពពួកគេ និងរថយន្តមានដឹកអីវ៉ាន់ខ្លះៗ គាត់ក៏ចរចារកទិញអីវ៉ាន់ខ្លះៗ ដើម្បីយកមកដាក់លក់ ។ នៅពេលនិយាយតម្លៃត្រូវគ្នា ស្ត្រីម្នាក់នោះ បានកត់មុខទំនិញនានា ដែលគាត់កុម្ម៉ង់ទិញចូលក្នុង«វិក្កយបត្រ»របស់គេ ដែលមានយីហោ«លីហួរ» ។ ជនរងគ្រោះរូបនេះ បាននិយាយបន្តថា ក្រោយកត់អស់មុខទំនិញ ស្ត្រីម្នាក់នោះបានបូកសរុបទឹកប្រាក់អស់ជាង៦,៨០លាន
រៀល ។
ត្រង់ចំណុចនេះ ជនរងគ្រោះបានបញ្ជាក់ថា នៅពេលគិតសរុបជាទឹកប្រាក់រួច ស្ត្រីរូបនេះ ហាក់ចាប់ផ្ដើមនិយាយបង្វែរ ទៅរឿងរង្វាន់លើកទឹកចិត្តអតិថិជនវិញម្ដង ។ ពេលនោះ ស្ត្រីម្នាក់នោះ បាននិយាយលូងលោមគាត់ដូច្នេះថា «ក្រុមហ៊ុននឹងថែមជូនហ្វ្រីនូវទូទឹកកកធំ០១គ្រឿង និងធុងកាហ្វេធំមួយទៀត ។
ចឹង បងស្រីយកលុយមកបង់ឲ្យគ្រប់ចំនួនមក ដើម្បីខ្ញុំថតវិក្កយបត្រនេះ ផ្ញើជូនក្រុមហ៊ុនឥឡូវនេះ ដើម្បីឲ្យក្រុមហ៊ុនគេដឹកទូទឹកកក និងធុងកាហ្វេមកឲ្យឥឡូវនេះ» ។
អ្នកស្រី សុវ័ន្ត បានបញ្ជាក់ត្រង់ចំណុចនេះថា ក្រោយនិយាយចប់ ស្ត្រីឆោបោកនោះ បានទះស្មារគាត់មួយដៃប្រាប់ឲ្យគាត់ទៅយកលុយមកឲ្យ ហើយគាត់ហាក់ដូចភាំងស្មារតី ក៏ងើបទៅយកលុយមករាប់ឲ្យស្ត្រីឆបោកនោះគ្រប់ចំនួន ។
ក្រោយពីទទូលលុយ ក្រុមជនទុច្ចរិតក៏បាននាំគ្នាឡើងរថយន្ត ដោយអះអាងថា ទៅយកអីវ៉ាន់មកឲ្យថែមទៀត តែពេលចេញទៅក៏បាត់ស្ងាត់ឈឹង សូម្បីទូរស័ព្ទដែលមានក្នុងវិក្កយបត្រក៏បិទគ្រប់ប្រព័ន្ធទៀត ទើបដឹងថា ក្រុមលក់ទំនិញទាំងនោះ ជាក្រុមឆបោក ។ ជនរងគ្រោះបានបញ្ជាក់បន្ថែមថា អីវ៉ាន់ដែលគាត់កុម្ម៉ង់ទិញនោះ បានដល់ដៃតែមួយចំនួនតូចប៉ុណ្ណោះ ។ គាត់បានប្រាប់ថា ក្រោយកើតហេតុមួយថ្ងៃ គាត់បានប្ដឹងទៅសមត្ថកិច្ចស្រុកបាណន់ហើយ ដើម្បីជួយអន្តរាគមស្វែងរកមុខសញ្ញាក្រុមជនទុច្ចរិកខាងលើនេះ តែរហូតមកដល់ពេលនេះ ហាក់គ្មានតម្រុយបន្តិចទេ ។
កោះសន្តិភាពបានទំនាក់ទំនងតាមទូរស័ព្ទទៅលោក ហេង បារាំង អធិការស្រុកបាណន់ ដែលទើបផ្លាស់ចូលកាន់តំណែងថ្មីៗនេះ ដើម្បីស្នើសុំការបំភ្លឺបន្ថែមជុំវិញករណីនេះ តែលោកមិនលើកទូរស័ព្ទឡើយ ។ នេះមិនមែនជាលើកទី១ទេ ដែលប្រជាពលរដ្ឋមានមុខរបរលក់ដូរតាមស្រុកស្រែចាញ់ល្បិចលកជនទុច្ចរិត ដែលជិះរថយន្តដើរលក់ទំនិញដោយអះអាងថា ខ្លួនជាតំណាងក្រុមហ៊ុននេះ ក្រុមហ៊ុននោះ ។ កន្លងមក ករណីឆបោកបែបនេះ តាមរយៈរថយន្តប្រភេទនេះ ធ្លាប់បោកប្រាស់ប្រជាពលរដ្ឋច្រើនករណីហើយ។ ដូចជា នៅស្រុកសំឡូត ស្រុករតនមណ្ឌលតាមបណ្ដាស្រុកនានា ជាប់ព្រំដែនប្រទេសថៃ តែពេលនេះ
ធ្លាយមកដល់ស្រុកបាណន់ហើយ ។
ជនរងគ្រោះតែងតែដាក់បណ្ដឹងជាបន្តបន្ទាប់ទៅកាន់សមត្ថកិច្ច តែរហូតមកដល់ពេលនេះ បទល្មើសនេះ ជិះរថយន្តប្រភេទនេះ នៅតែអាចដើរធ្វើសកម្មភាពយ៉ាងរលូនដដែល ។
ចែករំលែកព័តមាននេះ