ខេត្តតាកែវ ៖ កម្មករបុកគ្រឹះម្នាក់បានស្លាប់ និង២នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍រថយន្តស្ទូចសរសគ្រឹះ ហើយដងសន្ទូចក៏បានប៉ះនឹងខ្សែភ្លើង បណ្តាលឱ្យឆក់ជនរងគ្រោះទាំង៣នាក់តែម្តង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង១១និង២០នាទីព្រឹក ក្នុងភូមិត្រពាំងប្រិយ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។
លោកវរសេនីយ៍ឯកកប សេម អធិការនគរបាលស្រុកទ្រាំងបានអោយដឹងថា មុនពេលកើតហេតុនៅផ្ទះឈ្មោះអៀម សុីណា ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ បានជួលជាងមកធ្វើផ្ទះហើយជាងក៏ចាប់ផ្តើមចូលមកបុកគ្រិះបេតុង ដើម្បីសាងសង់ផ្ទះថ្ម តែជាអកុសល ខណៈពេលឡានស្ទូច បានស្ទូចសរសរបុកគ្រិះ ហើយដងសន្ទូចក៏បានប៉ះនឹងខ្សែភ្លើងក៏បានឆក់កម្មករចំនួន៣នាក់ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស២នាក់តែម្តង ។
លោកអធិការនគរបាលស្រុកបានបន្តទៀតថា ជនរងគ្រោះទាំង៣នាក់ ក្នុងនោះមាន ១-ឈ្មោះម៉ៃ សុីណា ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកបញា្ជឡានស្ទូច មានស្រុកកំណើត ភូមិតាខិណ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ បច្ចុប្បន្ន ស្នាក់នៅជាមួយថៅកែសង្កាត់ភ្លើងឆេះរទេះ ខណ្ឌ័កំបូល រាជធានីភ្នំពេញ ។
២-ឈ្មោះរាម ឡង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិគោកជ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ បច្ចុប្បន្ន ស្នាក់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ដុក រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិទេពអជូន ឃុំកោះខែល ស្រុកស្អ្អាង ខេត្តកណ្តាល ។ បច្ចុប្បន្ន រស់នៅភូមិឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ បានស្លាប់បាត់បង់ជីវិត ។
រីឯម្ចាស់គ្រឿងចក្រឈ្មោះ អ៊ុង អឿន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុកគ្រឹះផ្ទះ មានទីលំនៅភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌ័កំបូល រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ជនរងគ្រោះទាំងបីនាក់ខាងលើបានបើករថយន្តមានដងសន្ទូចមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3A8074(អ្នកបើករថយន្តនឹងបញា្ជគ្រឿងចក្រ) ដើម្បីមកបុកគ្រឹះផ្ទះរបស់ឈ្មោះ អៀម សុីណា លុះដល់វេលាម៉ោងកើតហេតុខាងលើ កម្មករទាំងបីនាក់មានឈ្មោះ ម៉ៃ សុីណា ជាអ្នកបញ្ជាដងសន្ទូចបានស្ទូចដងបុកគ្រឹះដាក់លើរថយន្តក្រោមខ្សែកាបធំ(ផ្លូវបេតុង១២៩B)ដោយកម្មករទាំពីរនាក់កាន់ដងបុកដាក់លើរថយន្តក៏ឆ្លងចរន្តអគ្គីសនីតាមដងសន្ទូច ឆក់ទាំងបីនាក់ស្លាប់០១នាក់ជាកម្មករនៅនឹងកន្លែងកើតហេតុ ។
រីឯពីរនាក់ទៀតម្នាក់ដឹងខ្លួនធម្មតា អ្នកបញា្ជដងសន្ទូច សម្រាកនៅក្លីនិកឯកជនក្រុងដូនកែវ ម៉ោងនេះនិយាយបានធម្មតាវិញហើយ។
បន្ទាប់ពីទទួលបានពត៌មានកម្លាំងផ្នែកជំនាញបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុដោយមានការចូលរួមពីក្រុមគ្រួសារសព អ្នកគ្រូពេទ្យ លោកមេឃុំ លោកមេភូមិ បានពិនិត្យកន្លែងកើតហេតុ ពិនិត្យសព នឹងជនរងគ្រោះដែលបានដឹងខ្លួនឡើងវិញ ហើយមានឃើញ ឆេះខ្លោចនៅបាតដៃទាំងបីនាក់។
សពជនរងគ្រោះបានប្រគល់អោយគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ