ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​ពិនិត្យ​ និង​ពិភាក្សា​លើ​សេចក្តី​ព្រាង «យុទ្ធសាស្ត្រ​ស្តី​ពី​ការ​រៀបចំ​សេវា​អេ​ឡិច​ត្រូ​និក​សម្រាប់​ធុរកិច្ច ២០២៥-២០២៨»

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិនិត្យ​ និង​ពិភាក្សា​លើ​សេចក្តី​ព្រាង “​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​រៀបចំ​សេវា​អេ​ឡិច​ត្រូ​និក​សម្រាប់​ធុរកិច្ច ២០២៥-២០២៨”…

រាជធានីភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិនិត្យ​ និង​ពិភាក្សា​លើ​សេចក្តី​ព្រាង “​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​រៀបចំ​សេវា​អេ​ឡិច​ត្រូ​និក​សម្រាប់​ធុរកិច្ច ២០២៥-២០២៨” ក្រោម​អធិបតីភាព ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ច និង​ធុរកិច្ច​ឌី​ជី​ថ​ល នា​ថ្ងៃ​ទី ១៣ ខែមករា ឆ្នាំ​ ២០២៥ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ។

កិច្ចប្រជុំ​នេះ​មាន​វត្តមាន​ចូលរួម​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាក់ព័ន្ធ​ជា​ច្រើន និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​តំណាង​ក្រសួង​ស្ថាប័ន​នានា ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ៗ​ជា​ច្រើន​រូប ​។ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ពិនិត្យ​ពិភាក្សា​លើ​ខ្លឹមសារ​សេចក្តី​ព្រាង “​យុទ្ធសាស្ត្រ​ស្តី​ពី​ការ​រៀបចំ​សេវា​អេ​ឡិច​ត្រូ​និក​សម្រាប់​ធុរកិច្ច ២០២៥-២០២៨” ដែល​បាន​រៀបចំ​ដោយ​ក្រុមការងារ​អន្តរក្រសួង​រៀបចំ​សេវា​អេ​ឡិច​ត្រូ​និក​សម្រាប់​ធុរកិច្ច​ ។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ លោក​ជំទាវ​ទេសាភិបាល បាន​លើក​ឡើង​ពី​សសរស្តម្ភ ៤ ក្នុង​ការ​គាំទ្រ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ដែល​ប្រទេស​អភិវឌ្ឍ​បាន​ប្រកាន់​យក​រួម​មាន i/- អត្តសញ្ញាណ​ឌី​ជី​ថ​ល ii/- ការ​អនុញ្ញាត​ និង​ការ​ព្រមព្រៀង iii/- ការ​ផ្លាស់​ប្តូរ​ទិន្នន័យ និង iv/- ប្រព័ន្ធ​ទូទាត់​ដែល​មាន​លទ្ធភាព​ធ្វើ​ប្រតិបត្តិការ​ឆ្លង​គ្នា​។ បន្ថែម​លើ​នេះ លោក​ជំទាវ​ក៏​បាន​ចែករំលែក​ទស្សនាទាន ទាក់ទង​នឹង​កិច្ចការ​មួយ​ចំនួន​ដែល​ក្រសួង​-​ស្ថាប័នរដ្ឋ​អាច​សហការ​ជាមួយ​វិស័យ​ឯកជន​បាន ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​សេវាកម្ម និង​និង​បាន​ស្នើ​ពិនិត្យ​លទ្ធភាព​បញ្ជាក់​ពី​គោលការណ៍​ណែនាំ​ច្បាស់លាស់​អំពី​ការ​បើក​លទ្ធភាព​អោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន​ក្នុង​ការ​អភិវឌ្ឍន៍​សេវា​អេ​ឡិច​ត្រូ​និ​ច​នៅ​ក្នុង​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ ។

ជា​រួម អង្គប្រជុំ​បាន​ពិភាក្សា​យ៉ាង​ផុលផុស​លើ​ខ្លឹមសារ​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​នេះ និង​បាន​លើក​ឡើង​សំណើ​ក៏​ដូច​ជា​សំណូមពរ​មួយ​ចំនួន សំដៅ​ពិនិត្យ​គ្រប់​ទិដ្ឋភាព​នៃ​ដំណើរការ​រៀបចំ​ឯកសារ​ដ៏​មាន​សារៈសំខាន់​នេះ​ ៕ អត្ថបទសហការ