ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក​ជំទាវ​បណ្ឌិត ជា សិរី ដឹកនាំ​គណៈប្រតិភូ​ ចូលរួម​ កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ ផ្នែក​សំណង់ និង​អចលនទ្រព្យ ផ្នែក​ឯកជន “​ក្រុម​ឌ​”

3 ថ្ងៃ មុន

រាជធានីភ្នំពេញ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ធនាគារជាតិ​នៃ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ផ្នែក​សំណង់ និង​អចលនទ្រព្យ ផ្នែក​ឯកជន…

រាជធានីភ្នំពេញ៖ លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ធនាគារជាតិ​នៃ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ផ្នែក​សំណង់ និង​អចលនទ្រព្យ ផ្នែក​ឯកជន “​ក្រុម​ឌ​” នៃ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន ដឹកនាំ​ដោយ​លោកអ្នកឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍ​លំនៅ​ឋាន​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២៥ នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រោម​អធិបតីភាព ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ​។

កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ ពី​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ (​ម្ចាស់​បុរី​) ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​តំណាង​មក​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ក្នុង​គោលបំណង​ពិភាក្សា​លើ​បញ្ហា​ប្រឈម​នានា​ ក្នុង​វិស័យ​សំណង់​និង​អចលនទ្រព្យ ជា​ពិសេស​ការ​ស្វែងរក​ដំណោះស្រាយ​ ចំពោះ​បញ្ហា​របស់​អតិថិជន​ដែល​ទិញ​ផ្ទះ​បង់​រំលស់ ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ (​ម្ចាស់​បុរី​)​ ។

អង្គប្រជុំ​ក៏​បាន​ពិភាក្សា​លើ​ការ​ស្វែងរក​លទ្ធភាព ​ក្នុង​ការ​ផ្ទេរ​អតិថិជន​ទាំងនោះ ​ទៅ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដែល​ជា​ទូទៅ​ផ្តល់​ជូន​ឥណទាន​ ដែល​មាន​អត្រា​ការ​ប្រាក់​ទាប​ជាង និង​មានការ​វាយតម្លៃ​លទ្ធភាព​សង​ត្រលប់​បាន​ល្អ​ប្រសើរ​ជាង ​។ កិច្ច​សម្របសម្រួល​នេះ​នឹង​ជួយ​ម្ចាស់​បុរី​ ដែល​ជាប់​គាំង​ទុន​បង្វិល បាន​ទទួល​ដើមទុន​មក​វិញ​ដើម្បី​បន្ត​ការ​អភិវឌ្ឍ​របស់​ពួក​គេ ហើយ​ក៏​នឹង​ជួយ​អតិថិជន​ឱ្យ​ទទួល​បាន​ឥណទាន​ទិញ​ផ្ទះ ​ពី​គ្រឹះស្ថាន​ធនាគារ ដែល​មានការ​ប្រាក់​ទាប​ជាង និង​មាន​រយៈពេល​សង​ត្រលប់ ​យូរ​ជាង​រហូត​ដល់​ទៅ ២៥​ឆ្នាំ ឬ ៣០​ឆ្នាំ ​។

ក្នុង​ឱកាស​នេះ លោក​ជំទាវ​បណ្ឌិត ជា សិរី បាន​លើក​ឡើង​ពី​ការ​បន្ធូរបន្ថយ​បទ​ប្បញ្ញត្តិ​មួយ​ចំនួន​នា​ពេល​កន្លង​មក ដើម្បី​ផ្តល់​លទ្ធភាព​ដល់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ​ក្នុង​ការ​ផ្តល់​លក្ខខណ្ឌ​អនុគ្រោះ​ដល់​អតិថិជន​ទទួល​ឥណទាន ដែល​រួម​មាន​ដូច​ជា​ការ​អនុញ្ញាត​ឱ្យ​រៀបចំ​ឥណទាន​ឡើង​វិញ ការ​ពន្យារ​រយៈពេល​សង​ត្រលប់ និង​ការ​សម្រួល​ក្នុង​ការ​ផ្តល់​ឥណទាន​ការ​ប្រាក់​ទាប ​សម្រាប់​អ្នកទិញ​ផ្ទះ​លើក​ដំបូង​ជាដើម ​។ លោក​ជំទាវ​ទេសាភិបាល​បាន​លើក​ឡើង​ថា ​នឹង​បន្ត​ផ្តល់​កិច្ច​សម្របសម្រួល​នានា​បន្ថែម​ទៀត ស្រប​តាម​ភាព​ចាំបាច់​ជាក់ស្តែង និង​បាន​ជំរុញ​ឱ្យ​អង្គប្រជុំ​លើក​ឡើង​ពី​កត្តា​ប្រឈម​ជាក់ស្តែង ដើម្បី​កំណត់​បញ្ហា​បាន​ត្រឹមត្រូវ​ផង​ដែរ​ ។

ឯកឧត្តម សាយ សំ​អាល់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ជា​ប្រធាន​អង្គប្រជុំ បាន​លើក​ឡើង​ពី​ការ​កំណត់​បញ្ហា​ត្រូវ​ចំណុច ​ចេញពី​កិច្ចប្រជុំ​នេះ​។ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ថា​នឹង​បង្កើត​ក្រុមការងារ ដែល​មាន​សមាសភាព​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​បន្ត​ធ្វើការ​លើ​បញ្ហា​ជាក់ស្តែង​នីមួយ​ៗ​ឱ្យ​បាន​លម្អិត សំដៅ​រក​ដំណោះស្រាយ​ឱ្យ​បាន​ឆាប់​ៗ ​៕ អត្ថបទសហការ