ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍ ​“​សាទរ​កម្ពុជា​” ​បង្ហាញ​ពី​កម្ពុជា ជា​សង្គម​មួយ​ប្រកបដោយ​ភាព​រស់​រវើក ប្លែកនៃ​អត្តសញ្ញាណ និង​វឌ្ឍនភាព

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន​ចាត់​ទុក​កម្មវិធី “​សាទរ​កម្ពុជា​” ជា​ព្រឹត្តិការណ៍​សាទរ​ដល់​សង្គម​មួយ​ប្រកបដោយ​ភាព​រស់​រវើក បង្ហាញ​វិសេសភាព…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន​ចាត់​ទុក​កម្មវិធី “​សាទរ​កម្ពុជា​” ជា​ព្រឹត្តិការណ៍​សាទរ​ដល់​សង្គម​មួយ​ប្រកបដោយ​ភាព​រស់​រវើក បង្ហាញ​វិសេសភាព ភាព​ប្លែក នៃ​អត្តសញ្ញាណ និង​តម្កើង​វឌ្ឍនភាព នៃ​ប្រទេស​កម្ពុជា ហើយ​ការ​រៀបចំ​កម្មវិធី​នេះ គឺជា​ចរិត​មហាជន ដែល​មានការ​ចូលរួម​ពី​គ្រប់​ស្រទាប់​ទាំងអស់ ។

ការ​លើក​ឡើង​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បែប​នេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី នៃ​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ទីស្តីការក្រសួង​ព័ត៌មាន ដើម្បី​ត្រៀម លក្ខណៈ​សម្រាប់​ការ​ផ្សព្វផ្សាយ កម្មវិធី​សាទរ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ ធ្នូ ឆ្នាំ​២០២៤ ដែល​ជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ។

ឯកឧត្តម នេត្រ ភក្ត្រា បាន​ជំរុញ​ដល់​ក្រុមការងារ​បច្ចេកទេស​ថត​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា ទូរទស្សន៍ BTV និង Best Solution រួម​សហការ​ក្នុង​ការ​ធ្វើ​យ៉ាងណា​ថត​ឱ្យ​បាន នូវ​គ្រប់​ទិដ្ឋភាព​សំខាន់​ៗ ប្លែក​ៗ ពី​ព្រឹ​ត្ត​ការណ៍​សាទរ​កម្ពុជា ហើយ​ផ្សាយ​ជា​រួម​ឱ្យ​បាន​ស្អាត ច្បាស់​ល្អ​ទាំងអស់​គ្នា ដើម្បី​ឱ្យ​សាធារណជន​ទាំង​ក្នុង និង​ក្រៅប្រទេស​បាន​ទស្សនា​ទាំងអស់​គ្នា ។

ក្នុង​ឱកាស​នោះ ឯកឧត្តម សុខ សប្បាយ​ណា សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​.) និង​ជា​សមាជិក​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍ «​សាទរ​កម្ពុជា​» ឬ «Celebrating Cambodia» បាន​ជម្រាប​ជូន​ថា ការ​ត្រៀម​រៀបចំ សាទរ​កម្ពុជា គឺជា​គំនិត​ផ្តួចផ្តើម​ឡើង​ដោយ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អស់​រយៈពេល ៧​ឆ្នាំ​មក​ហើយ ទើប​សម្រេច​រៀបចំ​ឡើង​នា​ចុងឆ្នាំ​២០២៤ ខាង​មុខ​នេះ ។

ឯកឧត្ដម​បន្ដ​ថា «​ព្រឹត្តិការណ៍​សាទរ​កម្ពុជា​» នឹង​រៀបចំ​ជា​លើក​ដំបូង ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នា​រាត្រី​ឆ្លង​ឆ្នាំ​សកល នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២៤ ឆ្លង​ចូល​ឆ្នាំ​២០២៥ ។

ឯកឧត្ដម​បាន​បញ្ជាក់​បន្ថែម​ថា ព្រឹត្តិការណ៍​នេះ នឹង​មាន​ក្បួន​ដង្ហែ បែប​វប្បធម៌​ប្រពៃណី តន្ត្រី​ប្រជាប្រិយ ក្បួន​ដង្ហែ​សាទរ​កម្ពុជា រួម​ទាំង​កម្មវិធី​កម្សាន្ត​ចម្រុះ​ជា​ច្រើន​ទៀត អម​ជាមួយ​ទីងមោង គោម​យក្ស​ដ៏​ធំ ពោង​យក្ស និង ទស្សនីយភាព​ជា​ច្រើន ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​រៀបចំ​ឡើង​នៅ​បរិវេណ​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង រាជធានី​ភ្នំពេញ ។

សូម​ជម្រាប​ជូន​ថា កម្មវិធី «​សាទរ​កម្ពុជា​» ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ក្នុង​គោលបំណង​ផ្សារ​ភ្ជាប់​ប្រជាជន​ទៅ​សង្គម​ជាតិ​ទាំងមូល ដែល​ក្នុង​នោះ តាម​រយៈ​ការ​រៀបចំ​ព្រឹត្តិការណ៍ និង​កម្មវិធី​នានា ហើយ​ជា​ការ​បង្ហាញ​ក្នុង​នាម​ជា​ប្រជាជាតិ​មាន​អាយុកាល​ដ៏​យូរលង់ នៅ​ថ្ងៃនេះ​កម្ពុជា​កំពុង​ឈរ​ដោយ​មោទនភាព ពោរពេញ​ដោយ​ក្តី​សង្ឃឹម និង​មាន​ភាព​ជឿជាក់​រួម​គ្នា​ឆ្ពោះទៅ​កាន់​អនាគត​ដ៏​រុងរឿង​របស់​ជាតិ​យើង ។

ព្រឹ​ត្ត​ការណ៍​នេះ ផ្តល់​ជា​វេទិកា និង​ឱកាស​ដល់​គ្រប់​កោសិកា គ្រប់​ស្រទាប់វណ្ណៈ គ្រប់​សហគមន៍ និង​មជ្ឈដ្ឋាន​ផ្សេង​ៗ នៃ​សង្គម បង្ហាញ​នូវ​មោទនភាព​ចំពោះ​អត្តសញ្ញាណ​របស់​ខ្លួន និង​ជា​ពិសេស​ចំពោះ​អត្តសញ្ញាណ​ជាតិ​ជា​រួម​ដែល​ជា​អ្វី​ធ្វើ​ឱ្យ​ខ្លួន​យើង​មាន​មោទនភាព ក្រោម “​ទង់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​” ដោយ​ការ​រួបរួមសាមគ្គី ឯកភាព​ទៅ​ជា​កម្លាំង​ជាតិ​តែ​មួយ ។ ទន្ទឹម​នេះ បង្កើន​មនោសញ្ចេតនា​រវាង​ប្រជាជន និង​នៃ​ប្រជាជាតិ​កម្ពុជា ទោះ​នៅ​ក្នុង​ប្រទេស ឬ​នៅ​ឯនាយ​សមុទ្រ ក្នុង​ការ​អបអរសាទរ ក្នុង​នាម​ជាម​ហា​គ្រួសារ​ខ្មែរ​តែ​មួយ នៅ​ក្រោម​ទង់ជាតិ​តែ​មួយ ហើយ​ដែល​មាន​អនាគត​តែ​មួយ​ដើម្បី​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ