ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ក្រោយ​ភ្លៀង មេឃ​ស្រឡះ​» សំណុំរឿង​អ្នក​សារព័ត៌​មានឈ្មោះ ផាត់ ហ៊​ន ត្រូវ​បាន​ដោះស្រាយ​បញ្ចប់

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​យុត្តិធម៌ ឯកឧត្តម កើត រិ​ទ្ធ បាន​អំពាវនាវ​ឱ្យ​អ្នក​សារព័ត៌មាន​ទាំងអស់​ប្រកាន់ខ្ជាប់ នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ បន្ទាប់​ពី​សំណុំរឿង​អ្នក​សារព័ត៌​មានឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​យុត្តិធម៌ ឯកឧត្តម កើត រិ​ទ្ធ បាន​អំពាវនាវ​ឱ្យ​អ្នក​សារព័ត៌មាន​ទាំងអស់​ប្រកាន់ខ្ជាប់ នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ បន្ទាប់​ពី​សំណុំរឿង​អ្នក​សារព័ត៌​មានឈ្មោះ ផាត់ ហ៊​ន ត្រូវ​បាន​ដោះស្រាយ​បញ្ចប់ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម កើត រិ​ទ្ធ នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៤ បាន​លើក​ឡើង​ថា ក្នុង​ករណី​ដែល​មិន​អាច​ក្តាប់​ព័ត៌មាន​បាន​គ្រប់​ជ្រុងជ្រោយ សូម​សាកសួរ​ព័ត៌មាន​ទៅ​អ្នកនាំពាក្យ​របស់​ស្ថាប័ន​អយ្យការ និង ស្ថាប័ន​តុលាការ ដើម្បី​ចៀសវាង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន ដែល​ធ្វើ​អោយ​សាធារណជន មានការ​ភ័ន្ត​ច្រឡំ ។

ការ​អំពាវនាវ​របស់​រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ហេតុការណ៍​ថ្មី​ៗ​នេះ ពាក់ព័ន្ធ​នឹង​អ្នកកាសែត ផាត់ ហ៊​ន ហៅ ពូ ហ៊​ន បាន​ទទួលស្គាល់​ជា​សាធារណៈ នូវ​កំហុស​របស់​ខ្លួន ក្នុង​ការ​រាយការណ៍ ជា​ពិសេស​ការ​ប្រើប្រាស់​ភាសា​បង្ខូច​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​តុលាការ ផ្សាយ​ព័ត៌មាន និង​ធ្វើ​អត្ថាធិប្បាយ​ព័ត៌មាន ដោយ​ប្រើប្រាស់​ពាក្យ​សំដី​មិន​សមរម្យ ជេរ​ប្រមាថ​ចំពោះ​ស្ថាប័ន​តុលាការ ព្រមទាំង​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​បាន​ធ្វើ​អោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស នៃ​ស្ថាប័ន​តុលាការខេត្ត​កំពង់ចាម ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ បាន​ទទួល​សំបុត្រ​ពី​លោក ផាត់ ហ៊​ន ហៅ ពូ ហ៊​ន ដែល​បាន​សម្តែង​ការ​សោកស្តាយ​បំផុត​ចំពោះ​ទ​ង្វើ​របស់​គាត់​។ ឯកឧត្តម នេត្រ ភ​ក្តា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សម្របសម្រួល​កិច្ច​សន្ទនា​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី កើត រិ​ទ្ធ និង​ថ្នាក់ដឹកនាំ​វិស័យ​យុត្តិធម៌ ដើម្បី​ពិភាក្សា​គ្នា រក​ដំណោះស្រាយ​សម​ស្រប​បញ្ចប់​ករណី​នេះ ដោយ​ស្រុះស្រួល​គ្នា ក្រៅ​ប្រព័ន្ធ​តុលាការ ។

ជា​លទ្ធផល បណ្ដឹង​ប្រឆាំង​នឹង​លោក ផាត់ ហ៊​ន ត្រូវ​បាន​ដក​ចេញ ដោយ​បើកផ្លូវ​សម្រាប់​ការ​ផ្សះផ្សា ដើម្បី​លើកកម្ពស់​កិច្ចសហការ​ល្អ រវាង​ស្ថាប័ន​តុលាការ និង​ការ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន ។

ឯកឧត្តម រដ្ឋមន្ត្រី​យុត្តិធម៌ បាន​បង្ហាញ​ដោយ​សង្កត់ធ្ងន់​ថា ៖ «​ខ្ញុំ​សូម​អរគុណ​ចំពោះ​ឯកឧត្តម ប្រធាន​សាលាដំបូង​ខេត្តកំពង់ចាម ដែល​មានការ​យោគយល់​ខ្ពស់ យល់ព្រម​ដក​ពាក្យបណ្តឹង​របស់​ខ្លួន​វិញ​» ។

ឯកឧត្តម បាន​លើក​ឡើង នូវ​ពាក្យស្លោក «​ក្រោយ​ភ្លៀង មេឃ​ស្រឡះ​» ជា​ពាក្យប្រៀបធៀប​សម្រាប់​ភាព​ច្បាស់លាស់ នៃ​ទំនាក់ទំនង​ជាមួយ​អ្នក​សារព័ត៌មាន ជាមួយ​វិស័យ​យុត្តិធម៌ ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​អ្នក​សារព័ត៌មាន អនុវត្ត​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ដោយ​ប្រកាន់ខ្ជាប់ នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ដែល​ហៅ​ថា «​ជា​យន្ត​គាថា ការពារ​ខ្លួន ដ៏​សក្តិ​សិទ្ធិ​តាម​ផ្លូវច្បាប់​» ។

ជាង​នេះ​ទៅ​ទៀត ឯកឧត្តម កើត រិ​ទ្ធ បាន​អំពាវនាវ​ដល់​អ្នកនាំពាក្យ នៃ​ស្ថាប័ន​អយ្យការ និង​តុលាការ យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​សហការ​ផ្តល់​ព័ត៌មាន ចាំបាច់​នានា ក្នុង​ក្របខ័ណ្ឌ នៃ​ការ​ប្រកាន់ខ្ជាប់​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុង​ស្ថាប័ន​, ការ​មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ជីវិត​ឯកជន នៃ​បុគ្គល​ក្នុង​សំណុំរឿង និង​ការ​គោរព​គោលការណ៍​សម្ងាត់ នៃ​ចំណាត់ការ​នីតិវិធី​របស់​តុលាការ ដែល​ត្រូវ​បានការ​ពារ​ដោយ​ច្បាប់​ជា​ធរមាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ