ខេត្តកំពត ៖ ទីបំផុត នាងកូនក្រមុំខ្មែរបានវេចលុយចំណងដៃជាង១ម៉ឺនដុល្លាររត់់ទាំងកណ្តាលអធ្រាត្រទៅបាត់ស្រមោល ទុកឱ្យកូនកំលោះជាជនជាតិចិននៅវិលវល់ ព្រោះមិនទាន់ទាំងបានផ្សំដំណេកផងក៏ជួបរាត្រីទឹកខ្មេះទៅវិញ ឯរោងការមិនទាន់ទាំងរុះផង ។
ហេតុការណ៍នេះ កើតឡើងតាំងពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ហើយរហូតមកដល់ពេលនេះ នៅមិនទាន់ដឹងថានាងកូនក្រមុំបាយ ! បាយ ! ដល់ណានោះទេ ឯកូនកំលោះជនជាតិចិនបានត្រឹមគ្រវីក្បាលដូចគោស្រាំងទិចប៉ុណ្ណោះ ។ កូនក្រមុំឈ្មោះ ភឿង ស៊ីនួន អាយុ២៣ឆ្នាំ និងកូនកំលោះជាជនជាតិចិនឈ្មោះ លីន យ៉ុងហឺ អាយុ៤០ឆ្នាំ បានរៀបការមានភ្លេងបុរាណ និងតន្ត្រីសម័យប្រគំកងរំពងនៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ។
អាពាហ៍ពិពាហ៍នេះ អាជ្ញាធរខេត្ត ស្រុក និងឃុំ មិនបានចេញលិខិតអាពាហ៍ពិពាហ៍ឱ្យគូស្រករមួយគូនេះរៀបការដោយស្របច្បាប់ទេ ដោយសារតែកូនកំលោះជាជនបរទេស ត្រូវតែធ្វើច្បាប់ច្រើនទៀត ដូចនេះហើយពិធីមង្គលការមួយនេះបានចេញសំបុត្រហៅភ្ញៀវឱ្យចូលរួម ដាក់ថា ពិធីភ្ជាប់ពាក្យទៅវិញ ។ រឿងរ៉ាវដែលកើតឡើងនេះត្រូវបានគេដឹងថា កូនក្រមុំបានវេចបង្វេច និងយកលុយចំណងដៃរត់បាត់ទាំងយប់ នៅសល់តែកូនកំលោះជាជនជាតិចិននោះ ។
ប្រជាពលរដ្ឋបាននាំគ្នានិយាយយ៉ាងផុលផុសថា កូនក្រមុំខ្មែរនេះមិនពេញចិត្តនឹងកូនកំលោះចាស់ ទើបកូនក្រមុំយកលុយទៅបាត់ ដោយមិនបានប្រាប់អ្នកណាមួយម៉ាត់ ខណៈភ្ញៀវជិតឆ្ងាយមិនទាន់ចេញអស់ពីរោងការ និងអ្នកផ្នួងមិនទាន់បានលុយជួល និងសម្ភារផ្សេងៗក្នុងមង្គលការក៏នៅជំពាក់គេ ។
ពិធីមង្គលការដែលមានកូនក្រមុំជាខ្មែរ និងកូនកំលោះជាជនជាតិចិននេះ គ្រាន់តែដាក់ថា ពិធីភ្ជាប់ពាក្យទេ តែអាចារ្យមេបាចាស់ទុំបានបង្វិលពពិល និងបាចផ្កាស្លា និងឱ្យព្រះថោងតោងស្បៃនាងនាគចូលក្នុងបន្ទប់ស្រេចបាច់អស់ហើយ ។ ប៉ុន្តែអ្វីដែលមានការភ្ញាក់ផ្អើលនោះ គឺនាងជាកូនក្រមុំបានលួចវេចលុយដែលជាលុយចំណងដៃចេញទៅបាត់ទាំងយប់អធ្រាត្រជាង១ម៉ឺននដុល្លារ ។
គេកំពុងឆ្ងល់ថា ហេតុអ្វីក៏នាងជាកូនក្រមុំធ្វើបែបនេះ ព្រោះសាងសង់ផ្ទះបានល្អស្អាតធំហើយខ្ពស់ សម្រាប់អ្នកជនបទស្រុកស្រែចម្ការលើសគេឯង ដែលកូនកំលោះចិនជាអ្នកចេញលុយឱ្យនោះ បែរជាជួបរាត្រីទឹកខ្មេះនៅទីបញ្ចប់ទៅវិញ ។
ពាក់ព័ន្ធនឹងរឿងមង្គលការកូនក្រមុំខ្មែររត់ចោលកូនកំលោះចិននេះ ភ្នាក់ងារកោះសន្តិភាពបានទាក់ទងតាមរយៈលេខទូរស័ព្ទទៅអ្នកស្រី ពេជ្រ ស្រី ដែលត្រូវជាម្ដាយកូនក្រមុំ កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ និងត្រូវបានប្រាប់ថា កូនកំលោះចិនមិនមែនចាស់ដូចគេថាទេ អាយុទើបតែ៤០ឆ្នាំប៉ុណ្ណោះ ។ ម្ដាយកូនក្រមុំបាននិយាយទៀតថា «កូនខ្ញុំមិនដឹងទៅជាមួយអ្នកណាទេ តែបើជ្រុលក្បាលក្រពើហើយ សុំឱ្យតែកូនស្រីយកលុយមកសងថ្លៃសម្អាងការផង ។ ខ្ញុំគ្មានលទ្ធភាពសងគេទេ បើយកលុយជាង១ម៉ឺនដុល្លារទៅបាត់ហើយនោះ» ។
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នោះដែរ ភ្នាក់ងារកោះសន្តិភាពបានមកជួបលោកស្រី លុយ មេឃុំកំពង់ត្រាចខាងកើត ទាក់ទងនឹងមង្គលការកូនកំលោះជនជាតិចិននេះ ។ លោកស្រីនិយាយថា គាត់មិនបានដឹងទេ ទាល់តែបាន២ថ្ងៃទៅហើយ ទើបគាត់ដឹង ។ ប៉ុន្តែខាងស្រីបានហៅសុទ្ធតែអ្នកមុខអ្នកការមកចូលរួម ។
តាមព័ត៌មានដែលកោះសន្តិភាពទទួលបានចុងក្រោយនេះថា កូនកំលោះចិនគេទារសំណងទាំងបណ្តាការនិងការជួយសាងសង់ផ្ទះវិញចំនួន២ម៉ឺន៥ពាន់ដុល្លារប៉ុណ្ណោះ ហើយបើមិនសងទេគេនឹងយកគ្រឿងចក្រមកវាយចោលវិញ ៕
ចែករំលែកព័តមាននេះ