ខេត្តកំពង់ធំ ៖ ការបញ្ជូនកូនមករៀន មិនត្រឹមតែជាកាតព្វកិច្ចរបស់មាតាបិតាគ្រប់រូបនោះទេ តែក៏ដូចជា ការសន្សំប្រាក់ឱ្យកូន ហើយក៏ជាការរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិយើងសម្រាប់រយៈពេលវែង ។ នេះជាប្រសាសន៍របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងពិធីសម្ពោធអគារសិក្សា ១ខ្នង ៥បន្ទប់ នៅសាលាបឋមសិក្សាកំពង់ថ្ម ស្ថិតក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ។
លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងពីការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត កសាងសមិទ្ធផលជាច្រើននៅក្នុងខេត្តកំពង់ធំ ពីសំណាក់ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយស នៃធនាគារជាតិនៃកម្ពុជា និងជាអតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ (ដោយឯកឧត្តម បានទទួលមរណៈភាពកាលពីចុងខែតុលាកន្លងទៅ) ដែលក្នុងនោះ មានការកសាងអគារសិក្សាជាច្រើន ទាំងបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដូចដែលមានក្នុងរបាយការណ៍ ខណៈបច្ចុប្បន្ន ក្នុង ១ឃុំ យ៉ាងហោចណាស់ក៏មាន អនុវិទ្យាល័យ ១ដែរ ហើយឃុំខ្លះ មានដល់ទៅ ២ ។ ដូច្នេះ ក្មួយៗ មិនបាច់ធ្វើដំណើរទៅរៀនឆ្ងាយពីផ្ទះទៀតទេ ។
នៅក្នុងខណះនោះដែរលោកជំទាវបណ្ឌិត បានអបអរសាទរចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីខែតុលា ឆ្នាំ២០២៤ ដែលនៅស្រុកសន្ទុក មានបេក្ខជនប្រឡងជាប់ជាស្ថាពរ ចំនួន ៥២៧រូប កើនឡើងប្រមាណ ១៦% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះវិទ្យាល័យកំពង់ថ្ម មានក្មួយៗចំនួន ៣រូប ស្រី ២រូប ទទួលបាននិទ្ទេស A ។ លទ្ធផលប្រសើរដែលសម្រេចបានទាំងនេះ គឺអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងទាំងរាជរដ្ឋាភិបាល គណៈដឹកនាំសាលា មាតាបិតាសិស្ស និងសិស្សផ្ទាល់ខ្លួន លើការពង្រឹងការសិក្សាតាំងពីថ្នាក់ បឋមសិក្សាឡើងទៅ ដែលមានគុណភាពកាន់តែល្អជាលំដាប់ ។
លោកជំទាវបណ្ឌិតបានបន្តថា÷សាលាបឋមសិក្សាកំពង់ថ្ម គឺជាថ្នាលសិក្សាមូលដ្ឋានមួយដ៏សំខាន់ ដែលបានចូលរួមចំណែក សម្រេចបានលទ្ធផលខាងលើនេះ តាមរយៈការពង្រឹងការបណ្តុះបណ្តាលដល់ក្មួយៗសិស្សានុសិស្ស របស់យើង ដែលជាទំពាំងស្នងឬស្សីជំនាន់ក្រោយប្រកបដោយគុណភាព ហើយនាពេលនេះ ថ្នាក់ដឹកនាំនិងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា បានជួយជួសជុលអគារសិក្សា ១ខ្នង ៥បន្ទប់ ដែលទទួលរងនូវការខូចខាតយ៉ាងដំណំ ឆ្លើយតបនឹងសំណូមពររបស់សាលា ដោយលោកជំទាវ បានសម្រេចឱ្យជួសជុលកែលម្អ ទ្វារ បង្អួច ចាក់សាប ជួសជុលដំបូល និងលាបថ្នាំ ឡើងវិញ ព្រមទាំងផ្តល់តុសិស្សថ្មី ចំនួន ៥០តុ បន្ថែម សម្រាប់ធានានិរន្តរភាពនៃការសិក្សា។ បន្ទាប់ពីការកែលម្អជាស្ថាពរ ក្មួយៗ អាចផ្តោតលើការសិក្សាបានកាន់តែល្អថែមទៀត ប្រកបដោយសុវត្ថិភាព និងភាពស្រស់ស្រាយ ធ្វើឱ្យក្មួយៗ ចង់បន្តការសិក្សាទៅមុខឱ្យបានវែងឆ្ងាយ ។
លោកជំទាវទេសាភិបាល បានបញ្ជាក់ថា ការបញ្ជូនកូនមករៀន មិនត្រឹមតែជាកាតព្វកិច្ចរបស់មាតាបិតាគ្រប់រូបនោះទេ តែក៏ដូចជាការសន្សំប្រាក់ឱ្យកូន និងជួយស្រោចស្រង់ជីវភាពឱ្យរួចផុតពីភាពក្រីក្រដោយប្រសិទ្ធភាពផងដែរ ដូចពាក្យស្លោកមួយពោលថា៖ «ការសិក្សាគឺជាស្ពានឆ្ពោះទៅអនាគត ចង់មានថ្ងៃស្អែក ទាល់តែរៀបចំពីថ្ងៃនេះ»។
លើសពីនេះ ការបញ្ជូនកូនមករៀន ក៏ជាការរួមចំណែកកសាង និង អភិវឌ្ឍសង្គមជាតិយើងសម្រាប់រយៈពេលវែង ដោយសារក្មួយៗដែលកំពុងសិក្សានាពេលនេះ នឹងក្លាយជាសសរទ្រូងដ៏រឹងមាំប្រកបដោយគុណភាពនៅក្នុងវិស័យនានា ហើយក្មួយៗក៏អាចក្លាយជាថ្នាក់ដឹកនាំ នាពេលអនាគតទៀតផង ដោយក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះ ស្ត្រីបានទទួលតំណែង និងការទទួលខុសត្រូវកាន់តែសំខាន់ទាំងវិស័យសាធារណៈ និងឯកជន ។
ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត ជា សិរីបានលើកទឹកចិត្តឱ្យ មាតា បិតា និងអាណាព្យាបាល ទាំងអស់ត្រូវបញ្ជូនកូនចៅមកសាលារៀន ជួយលើកទឹកចិត្ត និងបង្កលក្ខណៈឱ្យកូន ៗបានបន្តការសិក្សា ទាំងកូនប្រុស និងកូនស្រី ជាពិសេស ការបញ្ជូនកុមារីមកសាលារៀន ដើម្បីទទួលបានការសិក្សាអប់រំឱ្យបានពេញលេញ ដោយសារស្ត្រី ពិតជាដើរតួនាទីសំខាន់ណាស់ ក្នុងការអភិវឌ្ឍសង្គមខ្មែរយើង ក៏ដូចជាលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ៕ សហការ
ចែករំលែកព័តមាននេះ