ទីក្រុងម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានបញ្ចេញប្រតិកម្មតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មានដែលថាក្រុមបស្ចិមប្រទេសគួរពិចារណាផ្ដល់អាវុធនុយក្លេអ៊ែរទៅឱ្យអ៊ុយក្រែន។ អ្នកនាំពាក្យរុស្ស៊ី លោកស្រីម៉ារីយ៉ាសាខារ៉ូវ៉ (Maria Zakharova) ថ្លែងថាបើពួកគេធ្វើដូច្នេះមែនជាគំនិតឆ្កួតលេលាសុទ្ធសាធ។ លោកស្រីថ្លែងបន្តទៀតថាដោយសារតែរុស្ស៊ីចង់ទប់ស្កាត់មិនឱ្យទង្វើបែបនេះកើតមានឡើងហ្នឹងហើយទើបបានជារុស្ស៊ីលើកកងទ័ពវាយចូលប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០២២។
ការថ្លែងដូច្នេះបន្ទាប់ពីកាសែតញូយ៉កថាមស៍ចុះផ្សាយថាមន្ត្រីរដ្ឋាភិបាលលោកខាងលិចខ្លះយល់ថាលោកបៃដិនគួរបញ្ជូនអាវុធនុយក្លេអ៊ែរទៅឱ្យអ៊ុយក្រែនលេងគ្នាមួយអស់ដៃជាមួយរុស្ស៊ីមុនពេលលោកបញ្ចប់តំណែងនៅខែមករា ឆ្នាំ២០២៥។ លោកស្រីម៉ារីយ៉ាថ្លែងថាដើម្បីបំណងល្អទាំងអស់គ្នា រដ្ឋាភិបាលដែលមានគំនិតទទួលខុសត្រូវខ្ពស់ត្រូវតែធានាឱ្យបានថាសេណារីយោនេះនឹងមិនកើតឡើងជាដាច់ខាត។ បើកើតឡើង លោកស្រីចាត់ទុកថាជានយោបាយធ្វើអត្តឃាតខ្លួនឯងតែម្ដង។
នៅពេលអ្នកសារព័ត៌មានសួរនាំអំពីបញ្ហានេះ លោកស្រីម៉ារីយ៉ាឆ្លើយតបថានោះជាគំនិតឆ្កួតលេលា។ វាជាគំនិតដ៏ឆ្កួតសុទ្ធសាធតែម្ដងបើសិនក្រុមបស្ចិមប្រទេសចង់ពង្វក់រដ្ឋអំណាចនៅអ៊ុយក្រែនឱ្យធ្វើតាមការនឹកឃើញរបស់ខ្លួន។ លោកស្រីយល់ថារដ្ឋាភិបាលទីក្រុងកៀវយកបញ្ហានេះធ្វើជាការឃោសនាបំប៉ោងសភាពការណ៍ដើម្បីបានជំនួយបន្ថែមពីលោកខាងលិច។
លោកស្រីព្រមានថាបើបណ្ដោយឱ្យអ៊ុយក្រែន និងចៅហ្វាយរបស់គេប្រព្រឹត្តទង្វើដែលគ្មានការទទួលខុសត្រូវបែបនេះ ពិភពលោកច្បាស់ជាដើរដល់មាត់ជ្រោះមរណៈហើយ។ កាលពីថ្ងៃអង្គារ វិមានក្រឹមឡាំងថ្លែងថាបើសិនក្រុមបស្ចិមប្រទេសពិតជាពិគ្រោះគ្នាអំពីគម្រោងផ្ដល់អាវុធនុយក្លេអ៊ែរទៅឱ្យអ៊ុយក្រែនមែន នោះជាទង្វើដែលគ្មានការទទួលខុសត្រូវទាល់តែសោះ។
លោកឌីមីទ្រី មេតវេដេវ (Dmitri Medvedev) ដែលអតីតប្រធានាធិបតីរុស្ស៊ី ហើយបច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខជាតិផងដែរនោះបានព្រមានថាបើបស្ចិមប្រទេសបញ្ជូនអាវុធនុយក្លេអ៊ែរទៅឱ្យអ៊ុយក្រែនមែនមានន័យស្មើនឹងពួកគេរួមគ្នាវាយប្រហាររុស្ស៊ីដោយអាវុធនេះហើយ។ ដូច្នេះរុស្ស៊ីទុកធ្វើអ្វីទៀត។ ត្រូវតែចាត់វិធានការឆ្លើយតបដោយអាវុធនុយក្លេអ៊ែរតែម្ដង។
តាមពិត អ៊ុយក្រែនធ្លាប់មានអាវុធនុយក្លេអ៊ែរនៅក្នុងដៃកាលពីអតីតកាលដោយទទួលបានពីសហភាពសូវៀតក្រោយពេលសូវៀតដួលរលំកាលពីឆ្នាំ១៩៩១។ ក្រោយមក អ៊ុយក្រែនប្រគល់អាវុធនុយក្លេអ៊ែរទាំងអស់ទៅឱ្យសូវៀតវិញក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៩៤ដែលមានឈ្មោះថា «អនុស្សារណៈប៊ុយដាប៉ែស» (Budapest Memorandum)។ ជាថ្នូរត្រឡប់មកវិញ អ៊ុយក្រែនទទួលបានការធានាផ្នែកសន្តិសុខជាតិពីរុស្ស៊ី អាមេរិក និងអង់គ្លេស។
ប៉ុន្តែការធានានេះបានត្រឹមតែជាការសន្យាតែប៉ុណ្ណោះ។ ក្រោយមក អ៊ុយក្រែនប្រហែលជាស្ដាយក្រោយ និងខកចិត្តមិនតិចទេ។ លោកហ្សេឡិនស្គីធ្លាប់និយាយជាច្រើនដងហើយថាដោយសារកិច្ចព្រមព្រៀងនោះធ្វើឱ្យអ៊ុយក្រែនរស់នៅគ្មានសន្តិសុខទាល់តែសោះ។ លោកថ្លែងថាដោយសារមូលហេតុនេះហើយទើបបានជាលោកស្នើសុំយ៉ាងទទូចដើម្បីចូលជាសមាជិកអង្គការណាតូ៕
ចែករំលែកព័តមាននេះ