ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិភព​លោក​ស្វាគមន៍​បទ​ឈប់​បា.ញ់​រវាង​អ៊ី​ស្រា​អែល និង​ហេស​បូឡា

16 ម៉ោង មុន

ទី​ក្រុង​បេរូត៖ ​ថ្នាក់​ដឹក​នាំ​ប្រទេស​នា​នា​​ទូទាំង​ពិភព​លោក​បាន​​ស្វាគមន៍​​យ៉ាង​កក់​ក្ដៅ​បំផុត​ចំពោះ​​​បទ​ឈប់​បាញ់​រវាង​អ៊ី​ស្រា​អែល និង​​ហេស​បូឡា​នៅ​​​​លីបង់​។ ​ប្រជា​ជន​លីបង់​ក៏​មាន​ចិត្ត​សប្បាយ​រីក​រាយ​​ណាស់​ដែរ​ដោយ​សេចក្ដី​សង្ឃឹម​ថា​​សន្តិ​ភាព​​​នឹង​កើត​មាន​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​។​ ​តំបន់​ព្រំ​ដែន​ដែល​ធ្លាប់​តែ​​ឮ​ស្នូរ​គ្រាប់​កាំ​ភ្លើង​រាល់​ថ្ងៃ​​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ព្រំ​ដែន​សន្តិ​ភាព​។​ បទ​ឈប់​បាញ់​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​​​បារាំង​ និង​អាមេរិក​ និង​ដែល​បាន​ឯក​ភាព​គ្នាពី​សំណាក់​ភាគី​ជម្លោះ​អ៊ីស្រាអែល និង​ហេស​បូឡា​នោះចាប់​ផ្ដើម​ចូល​ធរមាន​នៅ​ព្រឹក​ថ្ងៃ​ពុធ​។ គេ​ឃើញ​ថា​ប្រជា​ជន​លីបង់​ដែល​ធ្លាប់​រត់​លូន​កាត់​គ្រាប់​កាំ​ភ្លើង​ដើម្បី​គេច​ចេញ​ពី​ការ​ប្រយុទ្ធ​គ្នា​…

ទី​ក្រុង​បេរូត៖ ​ថ្នាក់​ដឹក​នាំ​ប្រទេស​នា​នា​​ទូទាំង​ពិភព​លោក​បាន​​ស្វាគមន៍​​យ៉ាង​កក់​ក្ដៅ​បំផុត​ចំពោះ​​​បទ​ឈប់​បាញ់​រវាង​អ៊ី​ស្រា​អែល និង​​ហេស​បូឡា​នៅ​​​​លីបង់​។ ​ប្រជា​ជន​លីបង់​ក៏​មាន​ចិត្ត​សប្បាយ​រីក​រាយ​​ណាស់​ដែរ​ដោយ​សេចក្ដី​សង្ឃឹម​ថា​​សន្តិ​ភាព​​​នឹង​កើត​មាន​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​។​ ​តំបន់​ព្រំ​ដែន​ដែល​ធ្លាប់​តែ​​ឮ​ស្នូរ​គ្រាប់​កាំ​ភ្លើង​រាល់​ថ្ងៃ​​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ព្រំ​ដែន​សន្តិ​ភាព​។​

បទ​ឈប់​បាញ់​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​​​បារាំង​ និង​អាមេរិក​ និង​ដែល​បាន​ឯក​ភាព​គ្នាពី​សំណាក់​ភាគី​ជម្លោះ​អ៊ីស្រាអែល និង​ហេស​បូឡា​នោះចាប់​ផ្ដើម​ចូល​ធរមាន​នៅ​ព្រឹក​ថ្ងៃ​ពុធ​។ គេ​ឃើញ​ថា​ប្រជា​ជន​លីបង់​ដែល​ធ្លាប់​រត់​លូន​កាត់​គ្រាប់​កាំ​ភ្លើង​ដើម្បី​គេច​ចេញ​ពី​ការ​ប្រយុទ្ធ​គ្នា​ ជា​ពិសេស​ អ្នក​​នៅ​តាម​ព្រំ​ដែន ចាប់​ផ្ដើម​វិល​ត្រឡប់​ចូល​ផ្ទះ​សម្បែង​វិញ​ជា​បណ្ដើរ​ៗ​ហើយ​។

​គេ​​ស្ដាប់​ឮ​​មតិ​យោបល់ ឬ​ការ​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​បទ​ឈប់​បាញ់​នោះ​។ ប្រតិ​កម្ម​ជា​ដំបូង​គេ​ចេញ​ពី​ប្រទេស​អាមេរិក​ដែល​ជា​មេ​ចំណែក​ដ៏​ធំ​​នៅ​ក្នុង​ដំណើរ​ការ​ចរ​ចា​គ្នា​។ លោក​បៃដិន​ និង​លោក​​ម៉ាក្រុង​សង្ឃឹម​ថា​បទ​ឈប់​បាញ់​នេះ​នឹង​ជួយ​ការ​ពារ​ប្រជា​ជន​អ៊ីស្រាអែល​ពី​ការ​វាយ​ប្រហារ​របស់​ក្រុម​ហេស​បូឡា​ ហើយ​នឹង​រក្សា​ភាព​ស្ងប់​ស្ងាត់​រយៈ​ពេល​យូរ​អង្វែង​។

អាមេរិក​ និង​បារាំង​នឹង​ខិត​ខំ​ពង្រឹង​ការ​អនុវត្ត​​កិច្ច​ព្រម​ព្រៀង​​ ហើយ​នឹង​ដឹក​នាំ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​អន្តរ​ជាតិ​ដើម្បី​កសាង​កង​ទ័ព​ជាតិ​ជា​ផ្លូវ​ការ​​​​សម្រាប់​រដ្ឋាភិបាល​​លីបង់​ ខណៈ​ដែល​សព្វ​ថ្ងៃ​នេះ​កង​ទ័ព​រដ្ឋាភិបាល​ទន់​ខ្សោយ​ខ្លាំង​ដល់​ថ្នាក់​ក្រុម​ហេស​បូឡា​ដែល​​ជា​ចលនា​ប្រដាប់​អាវុធ​​​ឧទ្ទាម​ និង​មិន​ផ្លូវ​ការ​ហាក់ បែរ​ជា​​មាន​ប្រៀប​លើស​លប់​ជាង​កង​ទ័ព​រដ្ឋា​ភិបាល​។​

លោក​បៃដិន​ស្វាគមន៍​ដំណឹង​នៃ​បទ​ឈប់​បាញ់​នេះ​ ហើយ​​លោក​​សង្ឃឹម​ថា​កិច្ច​ព្រម​ព្រៀង​រវាង​អ៊ី​ស្រា​អែល​ និង​ក្រុម​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា​ក៏​អាច​នឹង​កើត​មាន​នៅ​​ក្នុង​ពេល​អនាគត​ផង​ដែរ​។ លោក​ម៉ាក្រុង​ក៏​សង្ឃឹម​ដូចគ្នា​ផង​ដែរ​។ លោក​ថា​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល និង​ហេស​បូឡា​ក៏​អាច​ជា​ច្រក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​បិទ​បញ្ចប់​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​ផង​ដែរ​។

​នៅ​អ៊ីស្រាអែល លោក​ណឺតាន់​យ៉ាហ៊ូ​អរគុណ​លោក​បៃដិន​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ឱ្យ​មាន​បទ​ឈប់​បាញ់​។ លោក​បាន​ថ្លែ​ង​តាម​ទូរ​ស័ព្ទ​ប្រាប់​លោក​បៃដិន​ថា​លោក​សូម​រក្សា​សិទ្ធិ​ចាត់​វិធាន​ការ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​តាម​កិច្ច​ព្រម​ព្រៀង​។ លោក​ថ្លែង​ថា​បទ​ឈប់​បាញ់​អាច​នឹង​មាន​សុពល​ភាព​យូរ​កម្រិត​ណា​អាស្រ័យ​ទៅ​លើ​ព្រឹត្តិ​ការណ៍​ដែល​កើត​ឡើង​នៅ​ប្រទេស​លីបង់​។

នៅ​​​លីបង់​ នាយក​រដ្ឋ​មន្ត្រី​ប្រទេស​នេះ​ចាត់​ទុក​បទ​​ឈប់​បាញ់​នេះ​ជាការ​បោះ​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​ស្ដារ​ស្ថិរ​ភាព​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​។ នាយក​រដ្ឋ​មន្ត្រី​លីបង់ លោក​មីកាធី​ អរគុណ​ប្រទេស​បារាំង និង​អាមេរិក​ដែល​ជួយ​ជ្រោម​ជ្រែង​នៅ​ក្នុង​រឿង​នេះ។ លោក​សង្កត់​ធ្ងន់​ថា​រដ្ឋាភិបាល​សូម​ប្ដេជ្ញា​បង្កើន​វត្ត​មាន​នៃ​កង​ទ័ព​ជាតិ​របស់​ខ្លួន​នៅ​តំបន់​ខាង​ត្បូង​។

​​ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​-គាំទ្រ​ដ៏​ធំ​បំផុត​របស់​ក្រុម​ហេស​បូឡា​ និង​ហាម៉ាស់​ អ៊ីរ៉ង់​ក៏​ប្រកាស​ស្វាគមន៍​បទ​ឈប់​បាញ់​នេះ​​ដែរ​។ អ៊ី​រ៉ង់​ចាត់​ទុក​ថា​នេះ​ការ​បិទ​បញ្ចប់អំពើ​​ឈ្លាន​ពាន​របស់​អ៊ីស្រាអែល​ទៅ​លើ​​លីបង់​។ អ៊ីរ៉ង់​​​ថា​ខ្លួន​នឹង​បន្ត​គាំទ្រ​​​ចំពោះ​រដ្ឋា​ភិ​បាល​លីបង់​ និង​ចលនា​តស៊ូ​របស់​ប្រទេស​នេះ​ដើម្បី​សិទ្ធិ​សេរី​ភាព​។​ នេះ​បើ​យោង​តាម​ការ​​ប្រកាស​របស់​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​។​

ក្រៅ​ពី​តួ​អង្គ​សំខាន់​ៗ​ដូច​រៀប​រាប់​ខាង​លើ​នេះ​នៅ​មាន​ប្រទេស​ជា​ច្រើន​ទៀត​ក៏​សម្ដែង​ការ​អប​អរ​សាទរ​ផង​ដែរ​។ ក្នុង​នោះ​មាន​ប្រទេស​សិង្ហ​បុរី, ចិន, កាតារ, ហ្សាក់ដង់,​ ប៉ាឡេស្ទីន, អាល្លឺម៉ង់, អង់​គ្លេស, សហ​ភាព​អឺរ៉ុប និង​​អង្គ​ការ​សហ​ប្រជា​ជាតិ​។ គួរ​កត់​សម្គាល់​ថា​បទ​ឈប់​បាញ់​នេះ​អាច​សម្រេច​ទៅ​បាន​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​ណឺតាន់​យ៉ាហ៊ូ​ត្រូវ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​ចេញ​ដីកា​ចាប់​ខ្លួន។ គេ​មិន​ទាន់​​ដឹង​ថា​តើ​ព្រឹត្តិ​ការណ៍​ទាំង​២​នេះ​​អាច​នឹង​មាន​ទំនាក់​ទំនង​​គ្នា​ដែរ​ឬ​ទេ​៕​​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ