ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ប្រធានសមាគម IDEA ៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអ្នកក្រៅប្រព័ន្ធឱ្យចូលទៅក្នុងប្រព័ន្ធកាន់តែច្រើន ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលទៅក្នុងប្រព័ន្ធកាន់តែច្រើនឡើង…

រាជធានីភ្នំពេញ ៖ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលទៅក្នុងប្រព័ន្ធកាន់តែច្រើនឡើង ស្របតាមយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ។ 

លោក វន់ ពៅ  ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ IDEA បានគូសបញ្ជាក់ថា ការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ គឺជាឱកាសថ្មីស្រឡាងមួយសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជាពិសេសអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃនិងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់បង្កើតជំនាញថ្មីមួយទៀត ក្រៅតែពីការលក់ដូរបន្តិចបន្តួចដែលមានប្រាក់ចំណូលទាប។ លោកវាយតម្លៃខ្ពស់ពីកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះថា ជាការលើកកម្ពស់ជីវភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ 

ប្រធានសមាគមរូបនេះ បានបន្ថែមថាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសក៏ជាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយដែលអាចកែប្រែជីវភាពរបស់ពលរដ្ឋដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅពេលអនាគតដ៏ខ្លីខាងមុខ ពីព្រោះជំនាញវិជ្ជាជីវៈដែលពួកគេទទួលបានជាឱកាសក្នុងការបង្កើតរបរថ្មីដែលមានប្រាក់ចំណូលសមរម្យជាងមុន។ លើសពីនេះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចផ្លាស់ប្តូមុខរបរថ្មី បានបន្ទាប់ពីបានសិក្សាជំនាញដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ។ 

លោក វន់ ពៅ សង្ឃឹមយ៉ាងមុតមាំថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូអនាគតបងប្អូនប្រជាពលរដ្ឋដែលជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះគឺជាការយកចិត្តទុកដាក់ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលមកលើអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកបានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមកទទួលយកឱកាសក្នុងការសិក្សាជំនាញដ៏សំខាន់មួយនេះដើម្បីផ្លាស់ប្តូជីវភាពអនាគតរបស់ពួកគេ ។ 

ចំណែកឯកឧត្តម យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET) របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ គឺបាននិងកំពុងដំណើរការរយៈពេល១ឆ្នាំហើយ ដោយកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលកម្លាំងជំនាញនៅកម្ពុជា និងកែប្រែអភិវឌ្ឍន៍សមត្ថភាពរបស់យុវជន និងពលរដ្ឋកម្ពុជា ។ 

នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសរូបនេះបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបានដំណើរការយ៉ាងរលូន និងទទួលបានពលរដ្ឋចុះឈ្មោះរៀនជំនាញរាប់ម៉ឺននាក់ក្នុងរយៈពេល១ឆ្នាំមកនេះ។ ដោយឡែកយុវជនសិក្សាជំនាញរបស់រាជរដ្ឋាភិបាលទាំងនោះបានទទួលការងារធ្វើសមរម្យ, កំពុងចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជននានាក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។   

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបានទទួលសិស្សចុះឈ្មោះចូលរៀនសរុបចំនួនជាង ៧មុឺននាក់នៅទូទាំងប្រទេស ។ យោងតាមលទ្ធផលក្នុងរយៈពេលមួយឆ្នាំ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ ក្នុងនោះនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេសក៏បានប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញជាបន្តបន្ទាប់ផងដែរ ។ 

ទន្ទឺមនះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ទ្រង់ទ្រាយធំ ក្នុងនោះអគ្គនាយកដ្ឋានជំនាញ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គ្រប់រាជធានី-ខេត្តបានចេញយុទ្ធនាការផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មិនត្រឹមតែនៅតាមខ្នងផ្ទះប្រជាពលរដ្ឋតាមគោលដៅនោះទេ ក៏ប៉ុន្តែក្រសួងក៏មានយុទ្ធនាការផ្សព្វផ្សាយនៅតាមទីតាំងសាធារណៈ តាមរយៈការចែកខិតប័ណ្ណ អំពីកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះផងដែរ ៕ អត្ថបទសហការ