រាជធានីភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ផ្ញើសារចូលរួមអបអរសាទរជូន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ! ។
ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរសាទរប្រកបដោយក្តីរំភើបឥតឧបមា គោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដែល សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងនាមជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់ ICAPP បាន ទទួលនូវ «ពានរង្វាន់សតវត្សអាស៊ី ICAPP» ដោយយោងទៅលើសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP លើកទី ៤២ ដែលបានអនុម័តក្នុងអំឡុងពេលមហាសន្និបាតលើកទី ១២ នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។
ការទទួលបាននូវ «ពានរង្វាន់សតវត្សអាស៊ី ICAPP» នេះ គឺពិតជាស័ក្តិសមបំផុតចំពោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេង ប្រកបដោយសមត្ថភាព បញ្ញាញាណ និងថាមពល បានបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ពង្រឹងខឿនសេដ្ឋកិច្ចជាតិ សេវាសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈការអនុវត្តដោយស្មារតីបុរេសកម្ម និងមុតស្រួច នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ជាពិសេសការចូលរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ ប្រជាជនកម្ពុជា និងការបន្តពូនជ្រំថែទាំយ៉ាងដិតដល់នូវ «សន្តិភាព និងស្ថិរភាពនយោបាយ» ប្រកបដោយប្រសិទ្ធភាព នៅគ្រប់ដំណាក់កាលទាំងអស់ ។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបីវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមបានសមប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ