ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បើក​សិក្ខាសាលា ​ស្តី​ពី​ការ​ជំរុញ​ភាព​ជា​ដៃគូ​ រវាង​វិស័យ​សាធារណៈ និង​ឯកជន ​លើ​បរិវត្ត​កម្ម​ នៃ​ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បើក​សិក្ខាសាលា​ ស្តី​ពី​ការ​ជំរុញ​ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​ឯកជន​ លើ​បរិវត្ត​កម្ម​នៃ​ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ ដោយ​ផ្តោត​លើ​ចល័ត​ភាព ​នៃ​ជំនាញ​ប្រកបដោយ​ចីរភាព​…

រាជធានី​ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បើក​សិក្ខាសាលា​ ស្តី​ពី​ការ​ជំរុញ​ភាព​ជា​ដៃគូ​រវាង​វិស័យ​សាធារណៈ និង​ឯកជន​ លើ​បរិវត្ត​កម្ម​នៃ​ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ ដោយ​ផ្តោត​លើ​ចល័ត​ភាព ​នៃ​ជំនាញ​ប្រកបដោយ​ចីរភាព​ ។ សិក្ខាសាលា​នេះ​ធ្វើ​ឡើង​ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​និង​តំណាង​វិស័យ​ឯកជន និង​បណ្តា​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ​មក​ពី​ប្រទេស​អូស្ត្រាលី​ជា​ច្រើន​ស្ថាប័ន​ផង​ដែរ​ ។

ថ្លែង​នៅ​ក្នុង​អង្គ​សិក្ខាសាលា ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​គូសបញ្ជាក់​ថា សិក្ខាសាលា​នេះ​រៀបចំ​ឡើង ​ក្នុង​គោលបំណង​បន្ត​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​រដ្ឋ ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ TVET នៅ​កម្ពុជា​ប្រកបដោយ​និរន្តរភាព ចីរភាព ភាព​ធន់ និង​ផលិតភាព​ការងារ​ខ្ពស់ ជា​ពិសេស​ក៏​ជា​ឱកាសល្អ​មួយ ​សម្រាប់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ ក្នុង​វិស័យ​សាធារណៈ និង​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ក្នុង​វិស័យ​ឯកជន ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​បាន​ជួប​គ្នា ​ដើម្បី​ពិភាក្សា​ស្វែង​យល់​ពី​តម្រូវការ​ ​បញ្ហា​ប្រឈម​ ​និង​ធនធាន​ដែល​មាន​ស្រាប់​ នៅ​តាម​ស្ថាប័ន​ឬ​សហគ្រាស​នីមួយ​ៗ ​សម្រាប់​ស្វែងរក​ដំណោះស្រាយ និង​វិធីសាស្ត្រ​ល្អ​ៗ ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ភាព​ជា​ដៃគូ​នេះ​ ។

ឯកឧត្តម​រដ្ឋលេខាធិការ​បន្ត​ថា អង្គ​សិក្ខាសាលា​នេះ​ក៏​ដើម្បី​ពង្រឹង និង​ពង្រីក​កម្មវិធី​ស្ពាន​ចម្លង​បន្ត​ជំនាញ​, កម្មវិធី​សម​មូល​អប់រំ​កម្រិត​មូលដ្ឋាន​ តាម​អ៊ីនធឺណិត​, កម្មវិធី​ហ្វឹកហ្វឺន​កូនជាង​, កម្មវិធី​បណ្តុះបណ្តាល​ផ្លាស់​ប្តូរ​ជំនាញ​, កម្មវិធី​បណ្តុះបណ្តាល​បង្កើន​ជំនាញ​, កម្មវិធី​សិក្សា​ផ្អែក​លើ​ការងារ និង​កម្មវិធី​បណ្តុះបណ្តាល​តាម​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ​។ បន្ថែម​ពីលើ​នេះ ភាគី​ពាក់ព័ន្ធ​ក៏​អាច​ពិភាក្សា​គ្នា​លើ​កម្មវិធី​ធ្វើតេស្ត​ ទទួលស្គាល់​ការ​សិក្សា​ដែល​មាន​ពី​មុន និង​សមត្ថភាព​បច្ចុប្បន្ន ដើម្បី​បើក​ច្រក ​ក្នុង​ការ​ទទួលស្គាល់​ជំនាញ​ដល់​កម្លាំង​ពលកម្ម​ ដែល​មាន​ជំនាញ និង​អាច​បើក​ច្រក​កាន់តែ​ទូលំទូលាយ​ សម្រាប់​ការ​ទទួល​បានការ​បណ្តុះបណ្តាល ​ពេញ​មួយ​ជីវិត​ផង​ដែរ ​៕ អត្ថបទសហការ