ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ការ​លើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម​ ក្នុងស្រុក ដើម្បី​ភាព​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី ​២៣ ខែវិច្ឆិកា ឆ្នាំ ​២០២៤ ៖ ធនាគារ មេ​យ​ប៊ែ​ង សហការ​ជាមួយ…

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី ​២៣ ខែវិច្ឆិកា ឆ្នាំ ​២០២៤ ៖ ធនាគារ មេ​យ​ប៊ែ​ង សហការ​ជាមួយ គម្រោង Feed the Future Cambodia Harvest III (​គម្រោង​ហា​វែ​ស III) ក្រោម​ជំនួយ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ កម្មវិធី​ហិរញ្ញប្បទាន​សម្រាប់​សហគ្រិន​នាំ​ចេញ ដែល​ផ្តល់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ ដ៏​សម​ស្រប​សម្រាប់​ការ​នាំ​ចេញ ក្នុង​គោលបំណង​លើក​ស្ទួយ​សហគ្រាស​ធុន​តូន និង​មធ្យម​ក្នុងស្រុក ក្នុង​ការ​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ ​។ កម្មវិធី​ហិរញ្ញប្បទាន​សម្រាប់​សហគ្រិន​នាំ​ចេញ​នេះ ក៏​ត្រូវ​បាន​ដាក់​បញ្ចូល គម្រោង​ធានា​ឥណទាន និង​កម្មវិធី​កសាង​សមត្ថភាព និង​ជំនាញ សម្រាប់​សហគ្រាស​ធុន​តូន និង​មធ្យម ក្រោម​កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារ មេ​យ​ប៊ែ​ង ជាមួយ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) ​។

កិច្ច​សហប្រតិបត្តិការ​នេះ មាន​គោលបំណង​លើកកម្ពស់​ការ​ប្រកួតប្រជែង របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក លើ​ឆាក​អន្តរជាតិ ដើម្បី​ជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ពង្រឹង​វត្តមាន​របស់​ប្រទេស​កម្ពុជា លើ​ទីផ្សារ​អន្តរជាតិ​។ ការ​ផ្តល់​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ ដែល​មាន​ដូច​ជា កម្ចី​សម្រាប់​ជា​ទុន ហិរញ្ញប្បទាន​សម្រាប់​ការ​នាំ​ចេញ ទីផ្សារ​រូបិយប័ណ្ណ​បរទេស​ចំនួន​២១​ប្រភេទ​ដែល​មាន​អត្រា​ប្រកួតប្រជែង ដំណោះស្រាយ​ផ្ទេរ និង​ទទួល​ប្រាក់ និង​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ដែល​សុទ្ធសឹងតែ​ជា​ដំណោះស្រាយ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​ការ​ជំនះ​ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ និង​បន្ត​កំណើន លើ​ទីផ្សារ​អន្តរជាតិ​។ ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ហិរញ្ញប្បទាន​សម្រាប់​សហគ្រិន​នាំ​ចេញ​នេះ ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ប្រទេស​កម្ពុជា ដោយ​ផ្តល់​នូវ​មធ្យោបាយ​ដ៏​សម​ស្រប​សម្រាប់​ឱ្យ​ពួក​គេ​ពង្រីក​ប្រតិបត្តិការ បង្កើន​ប្រាក់​ចំណូល និង​ធានា​ការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ ​។

លោក រ័​ត្ន សោភ័ណ នាយក​ប្រតិបត្តិ និង​នាយក​ប្រចាំ​ប្រទេស របស់​ធនាគារ មេ​យ​ប៊ែ​ង ខេ​ម​បូ​ឌា មាន​ប្រសាសន៍​ថា​៖ «​កម្មវិធី​ហិរញ្ញប្បទាន​សម្រាប់​សហគ្រិន​នាំ​ចេញ គឺជា​ដំណោះស្រាយ​យ៉ាង​សំខាន់​សម្រាប់​សហគ្រាស​ក្នុងស្រុក ដែល​មាន​គោលបំណង​ពង្រីក​ការ​នាំ​ចេញ​របស់​ខ្លួន ទាំង​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ដែល​ខ្លួន​កំពុង​មាន​វត្តមាន​ស្រាប់ ឬ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ថ្មី​។ តាម​រយៈ​ការ​គាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ជម្នះ​ឧបសគ្គ​លើ​ផ្នែក​ហិរញ្ញវត្ថុ ភាព​ជា​ដៃគូ​ចម្រុះ​ភាគី​នេះ​នឹង​ចូលរួម​ជំរុញ​កំណើន​អាជីវកម្ម​បុគ្គល ក៏​ដូច​ជា​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ឱ្យ​កាន់តែ​មាន​ភាព​ទូលំទូលាយ​»​ ។

«​សហគ្រាស​ធុន​តូច និង​មធ្យម ប្រៀប​បាន​ដូច​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​កម្ពុជា ហើយ​តាម​រយៈ​ការ​ជួយ​គាំទ្រ​ពួក​គេ ដើម្បី​ឱ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​ទីផ្សារ​នាំ​ចេញ កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​រួមចំណែក​ក្នុង​ការ​បង្កើត​ការងារ ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​ពង្រឹង​ជំហរ​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រកួតប្រជែង​នៅ​ក្នុង​តំបន់​អាស៊ាន និង​ទីផ្សារ​សាកល​។ គំនិត​ផ្តួចផ្តើម​នេះ​ក៏​បាន​សបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ធនាគារ មេ​យ​ប៊ែ​ង ក្នុង​នាម​ជា​ធនាគារ​អាស៊ាន​ឆ្នើម​ជាងគេ​នៅ​ប្រទេស​កម្ពុជា និង​ឈានមុខ​គេ​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់​» ​។

ស្រប​តាម​បេសកកម្ម​របស់ គម្រោង​ហា​វែ​ស III ដែល​ជា​គម្រោង​រយៈពេល​ប្រាំ​ឆ្នាំ របស់​ទីភ្នាក់ងារ​ជំនួយ​អា​មេ​រិ​ក USAID ផ្តោត​លើ​ការ​ជំរុញ​កំណើន​ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន​ក្នុង​វិស័យ​កសិកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ប្រទេស​កម្ពុជា កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​គាំទ្រ​ដល់​ការ​ធ្វើ​ពិពិធ​កម្ម ការ​អភិវឌ្ឍភាព​ធន់ និង​ការ​ប្រកួតប្រជែង​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ប្រទេស​កម្ពុជា​។ តាម​រយៈ​ការ​ចូលរួម​សហការ​ពី​ដៃគូ​ក្នុង​វិស័យ​ឯកជន និង​អ្នក​ពាក់ព័ន្ធ​សំខាន់​ៗ គម្រោង​នេះ​មាន​គោលបំណង​ពង្រឹងសមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​រួមចំណែក ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ក៏​ដូច​ជា​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ​។

លោក នី​មី​ស ហ្សា​វឺ​រី ប្រធាន​គម្រោង​ហា​វែ​ស III មាន​ប្រសាសន៍​ថា «​ជាមួយនឹង​ដំណោះស្រាយ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ថ្មី​នេះ យើង​អាច​ផ្តល់​ឱ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​នូវ​ដើមទុន​ចាំបាច់​ដើម្បី​គ្រប់គ្រង​ចំណាយ​ផលិតកម្ម វិនិយោគ​លើ​ការ​បង្កើន​គុណភាព និង​បំពេញតម្រូវការ​បញ្ជា​ទិញ​ពី​អន្តរជាតិ​។ ដំណោះស្រាយ​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ប្រកបដោយ​ប្រសិទ្ធភាព គឺ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​សហគ្រាស​ក្នុងស្រុក​ទាំងនេះ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​ផ្សា​ភ្ជាប់​គម្លាត​លំហូរ​សាច់ប្រាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អនុញ្ញាត​ឱ្យ​ពួក​គេ​ប្រកួតប្រជែង​កាន់តែ​មាន​ប្រសិទ្ធភាព ដោយ​ជួយ​សម្រួល​ដល់​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទាន់​ពេលវេលា ក៏​ដូច​ជា​ពង្រីក​ទីផ្សារ​នាំ​ចេញ​របស់​ពួក​គេ​។ ទាំងអស់​គ្នា យើង​អាច​ធានា​ថា​សហគ្រាស​ទាំងនេះ​មិន​ត្រឹមតែ​មាន​ធនធាន​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មានចំណេះ​ដឹង និង​ជំនាញ​ដែល​ចាំបាច់ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ទីផ្សារ​ជា​សាកល​។ ភាព​ជា​ដៃគូ​នេះ​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​សក្តានុពល​នាំ​ចេញ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​របស់​ប្រទេស​កម្ពុជា​»​ ។

រួម​ជាមួយនឹង​ហិរញ្ញប្បទាន​សម្រាប់​សហគ្រិន​នាំ​ចេញ ធនាគារ មេ​យ​ប៊ែ​ង CGCC និង គម្រោង​ហា​វែ​ស III ក៏​បាន​ប្រកាស ”​កម្មវិធី​កសាង​សមត្ថភាព និង​ជំនាញ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (BCC) ឆ្នាំ​២០២៤ និង​ឆ្នាំ​២០២៥” ដែល​ជា​គំនិត​ផ្តួចផ្តើម​ដ៏​លេចធ្លោ​មួយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំពេញបន្ថែម​នូវ​ជំនាញ និង​ចំណេះដឹង​សំខាន់​ៗ ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ​។ ចាប់តាំងពី​ការ​បង្កើត​កម្មវិធី​នេះ​ឡើង​ក្នុង​ឆ្នាំ ២០២១ កម្មវិធី BCC បាន​ផ្តល់​ការ​បណ្តុះបណ្តាល​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​រាប់រយ​នាក់ លើ​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ធ្វើ​អាជីវកម្ម បច្ចេកទេស និង​បច្ចេកវិទ្យា​ទំនើប​ផ្សេង​ៗ​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម ​។ ដោយ​ផ្អែក​លើ​ភាព​ជោគជ័យ​របស់​កម្មវិធី​នេះ កម្មវិធី BCC ថ្មី​នេះ​នឹង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​លើ​ប្រធានបទ​សំខាន់​ៗ ដែល​ទាក់ទង​នឹង ដំណោះស្រាយ​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ និង​ផែនការ​យុទ្ធសាស្ត្រ ដែល​ផ្តល់​ដោយ​អ្នកជំនាញ​ដែល​មាន​បទ​ពិសោធ​ជា​ច្រើន​ឆ្នាំ​ក្នុង​ផ្នែក​គណនេយ្យ ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​ជាដើម​ ។ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ផ្តល់​ជូន​សហគ្រិន នូវ​ការ​យល់​ដឹង បទ​ពិសោធ​ជាក់ស្តែង និង​ជំនាញ​ដែល​ចាំបាច់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ ក៏​ដូច​ជា​បង្កើន​សក្តានុពល​នៃ​កំណើន​អាជីវកម្ម​របស់​ពួក​គេ ​។

លោក ណូ លី​ដា អគ្គនាយក CGCC មាន​ប្រសាសន៍​ថា​៖ «​កម្មវិធី BCC ផ្តល់​ជូន​សហគ្រិន និង​ម្ចាស់​អាជីវកម្ម​នូវ​ជំនាញ និង​ចំណេះដឹង​សំខាន់​ៗ ដែល​គាំទ្រ​ពួក​គាត់​ឱ្យ​ទទួល​បាន​ហិរញ្ញប្បទាន ដើម្បី​ពង្រីក​អាជីវកម្ម​។ តាម​រយៈ​កម្មវិធី​នេះ យើង​អាច​គាំទ្រ​ពួក​គាត់ ក្នុង​ការ​បង្កើន​ចំណេះដឹង​ហិរញ្ញវត្ថុ ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​ការ​ប្រកួតប្រជែង​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ កម្មវិធី​នេះ គឺជា​ជំហាន​ដ៏​សំខាន់ ស្រប​តាម​ចក្ខុវិស័យ​រួម​គ្នា​របស់​យើង​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ប្រកបដោយ​ភាព​ធន់ និង​ថាមវន្ត ដែល​រួមចំណែក​យ៉ាង​សំខាន់​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ លើស​ពី​នេះ គំនិត​ផ្តួចផ្តើម​នេះ ត្រូវ​បាន​គាំទ្រ​ដោយ គម្រោង​ធានា​ឥណទាន របស់ CGCC ដែល​ផ្តល់​នូវ​ដំណោះស្រាយ ចំពោះ​បញ្ហា​ខ្វះ​ទ្រព្យ​ធានា ដែល​ជា​បញ្ហា​ប្រឈម​ចម្បង​មួយ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​។ តាម​រយៈ​ការ​បន្ធូរបន្ថយ​តម្រូវការ​ទ្រព្យ​ធានា យើង​អាច​ចូលរួម​បង្កើន​លទ្ធភាព​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន ដែល​អនុញ្ញាត​ឱ្យ​ពួក​គាត់ ទទួល​បាន​ទុន​ចាំបាច់ សម្រាប់​កំណើន​អាជីវកម្ម​ប្រកបដោយ​ចីរភាព​» ​។

កិច្ច​សហប្រតិបត្តិការ​រវាង ធនាគារ មេ​យ​ប៊ែ​ង គម្រោង​ហា​វែ​ស III និង​CGCC បាន​និង​កំពុង​កសាង​ប្រព័ន្ធ​អេកូ​ដ៏​រឹង​មាំ​សម្រាប់​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​ពួក​គេ​រីក​ចម្រើន​ទាំង​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក និង​លើ​ឆាក​អន្តរជាតិ​។ តាម​រយៈ​គំនិត​ផ្តួចផ្តើម​ដ៏​ចាំបាច់​ទាំងនេះ ដែល​រួម​មាន​៖ ដំណោះស្រាយ​ហិរញ្ញវត្ថុ កម្មវិធី​ពង្រឹងសមត្ថភាព និង​ការ​កាត់​បន្ថយ​តម្រូវការ​ទ្រព្យ​ធានា​តាម​រយៈ​យន្តការ​ធានា​ឥណទាន សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម នឹង​អាច​ទទួល​បាន​នូវ​ធនធាន​គ្រប់គ្រាន់ ក៏​ដូច​ជា​ចំណេះដឹង និង​ទំនុកចិត្ត ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួក​គេ និង​ឈាន​ទៅ​រក​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​ ។

ភាព​ជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​ដ៏​រឹង​មាំ​នេះ បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​រួម​គ្នា​ក្នុង​ការ​គាំទ្រ និង​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រកបដោយ​ភាព​ធន់ បរិ​យា​បន្ន និង​កា​រត​ភ្ជាប់​ជាស​កល​។ គំនិត​ផ្តួចផ្តើម​រួម​គ្នា​រវាង ធនាគារ មេ​យ​ប៊ែ​ង គម្រោង​ហា​វែ​ស III និង​CGCC នឹង​រួមចំណែក​ជា​មូលដ្ឋាន​គ្រឹះ សម្រាប់​ការ​អភិវឌ្ឍ​រិ​ស័​យ​ធុរកិច្ច​កម្ពុជា ដែល​ជា​ចំណែក​យ៉ាង​សំខាន់​សម្រាប់​សេដ្ឋកិច្ចជាតិ ក៏​ដូច​ជា​ការ​លើកកម្ពស់​វត្តមាន​របស់​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ ៕ អត្ថបទសហការ