រាជធានីភ្នំពេញ ៖ យុវជនវៀតណាម និងយុវជនកម្ពុជា (ស.ស.យ.ក) មានគម្រោងសាងសង់មជ្ឈមណ្ឌលមួយ ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនយុវជនកម្ពុជានិងកសាងអគារទីស្តីការរបស់ ស.ស.យ.ក ដើម្បីទុកជានិមិត្តរូប បង្ហាញពីទំនាក់ទំនងសាមគ្គីភាពរឹងមាំរវាងប្រទេសទាំង២ កម្ពុជា និងវៀតណាម ។
នេះតាមការបញ្ជាក់អោយដឹងពីលោក ង្វៀន មិញជៀត (Nguyen Minh Triet) លេខាគណៈមជ្ឈឹមសហភាពយុវជនកុម្មុយនីស្ត ហូជីមិញ និងជាប្រធានសហភាពនិស្សិតវៀតណាម ក្នុងជំនួបសម្តែងការគួរសមជាមួយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ។
លោក ង្វៀន មិញជៀត បានមានប្រសាសន៍លើកឡើងថា យុវជនវៀតណាម និងយុវជនកម្ពុជា (ស.ស.យ.ក) មានគម្រោងសាងសង់មជ្ឈមណ្ឌលមួយ ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនយុវជនកម្ពុជា និងកសាងអគារទីស្តីការរបស់ ស.ស.យ.ក ដែលគម្រោងនេះ នឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយើងអាចធ្វើកិច្ចការងារនេះឲ្យក្លាយជារូបរាង ដើម្បីទុកជានិមិត្តរូប បង្ហាញពីទំនាក់ទំនងសាមគ្គីរឹងមាំរវាងប្រទេសទាំង២ កម្ពុជា និងវៀតណាម ។
ក្នុងឱកាសនោះដែរ លោក ង្វៀន មិញជៀត ក៏បានវាយតម្លៃខ្ពស់ពីការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ ភាពរីកចម្រើន នៃទំនាក់ទំនងរវាងយុវជនកម្ពុជា និងយុវជន នៃប្រទេសវៀតណាម ។
លោក ង្វៀន មិញជៀត បានបន្តថា ការមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ ក្រុមយុវជនរបស់វៀតណាម បានពិភាក្សាការងារមួយចំនួនជាមួយយុវជនរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើន នូវភាពរឹងមាំដើរលឿនទៅមុខ។ បន្ថែមពីនេះ យើងបានដាក់គោលដៅសហប្រតិបត្តិការថ្នាក់មជ្ឈិមនិងបន្តកិច្ចសហប្រតិបត្តិការ នៅថ្នាក់មូលដ្ឋានបន្ថែមទៀត។ យុវជនវៀតណាម និងយុវជនកម្ពុជា បានប្រាស្រ័យទាក់ទងទំនាក់ទំនងគ្នាបានយ៉ាងល្អ។បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំប្រទេសកម្ពុជា ជាស្រទាប់យុវជនបន្តវេន ដែលមានសមត្ថភាព ដែលយើងនឹងបន្តិចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា កម្ពុជា និងប្រទេសវៀតណាមគឺជាអ្នកជិតខាងមានភូមិផងរបងជាមួយគ្នា យើងបានរួមសុខ រួមទុក្ខជាមួយគ្នាជាយូរណាស់មកហើយ។ កម្ពុជាក៏មានប្រវត្តិជួយទៅដល់ប្រទេសវៀតណាម ហើយប្រទេសវៀតណាមក៏មានប្រវត្តិជួយមកដល់កម្ពុជា ដូចគ្នា។ ប្រទេសយើងទាំង២ បានរួមសុខទុក្ខជាមួយគ្នា ហើយយើងនឹងបន្តការអភិវឌ្ឍប្រទេសរៀងៗខ្លួន ឲ្យមានការរីកចម្រើនដូចគ្នា ដោយប្រទេសវៀតណាម មានចក្ខុវិស័យ ធ្វើឲ្យប្រទេសរបស់ខ្លួន ក្លាយជាប្រទេសអភិវឌ្ឍន៍ ក្លាយជាប្រទេសជាអ្នកមាននៅឆ្នាំ២០៤៥។ ចំណែកឯ ប្រទេសកម្ពុជាយើងវិញក៏មានចក្ខុវិស័យធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេស អភិវឌ្ឍន៍ ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ។
លោកអភិបាលបន្តទៀតថា ថ្នាក់ដឹកនាំជំនាន់មុន បានបន្សល់ទុកនូវអ្វីៗ ល្អជាច្រើនសម្រាប់យុវជនជំនាន់ក្រោយ ដើម្បីឲ្យយុវជនជំនាន់ក្រោយបន្តទំនាក់ទំនង សហប្រតិបត្តការកាន់តែមានភាពរឹងមាំបន្ថែមទៀត រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ទៅថ្ងៃអនាគត ៕
ចែករំលែកព័តមាននេះ