ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​វិភាគ​ថា​ល្បែង​នយោបាយ​ចិន-អាមេរិក​នឹង​បន្ត​លេង​ជំនាន់​លោក​ត្រាំ

19 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​លោក​ត្រាំ​​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​លោក​បៃដិន និង​លោក​ស៊ី​ជីន​ពីង​នៅ​ឯ​ប្រ​ទេស​ប៉េរូ ជា​ទី​កន្លែង​ដែល​លោក​ទាំង​២​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អេ​ប៉ិច​ (APEC) និង​​​​ឆ្លៀត​ជួប​គ្នា​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​។ នៅ​ក្នុង​កិច្ច​ជំនួប​រយៈ​ពេល​២​ម៉ោង​នៅ​សណ្ឋា​គារ​ដែល​លោ​កស៊ី​ជីន​ពីង​ស្នាក់​នៅ​នោះ លោក​ទាំង​២​បាន​លើក​ឡើង​អំ​ពី​ប្រធាន​បទ​ជា​ច្រើន​​រួម​ទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​បទ​ល្មើស​ព័ត៌​មាន​វិទ្យា​, បញ្ហា​ពាណិជ្ជ​កម្ម​, បញ្ហា​តៃវ៉ាន់​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​លោក​ត្រាំ​​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​លោក​បៃដិន និង​លោក​ស៊ី​ជីន​ពីង​នៅ​ឯ​ប្រ​ទេស​ប៉េរូ ជា​ទី​កន្លែង​ដែល​លោក​ទាំង​២​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អេ​ប៉ិច​ (APEC) និង​​​​ឆ្លៀត​ជួប​គ្នា​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​។ នៅ​ក្នុង​កិច្ច​ជំនួប​រយៈ​ពេល​២​ម៉ោង​នៅ​សណ្ឋា​គារ​ដែល​លោ​កស៊ី​ជីន​ពីង​ស្នាក់​នៅ​នោះ លោក​ទាំង​២​បាន​លើក​ឡើង​អំ​ពី​ប្រធាន​បទ​ជា​ច្រើន​​រួម​ទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​បទ​ល្មើស​ព័ត៌​មាន​វិទ្យា​, បញ្ហា​ពាណិជ្ជ​កម្ម​, បញ្ហា​តៃវ៉ាន់​ និង​បញ្ហា​រុស្ស៊ី​។​​

លោក​ស៊ី​ជីន​ពីង​ថ្លែង​ថា​បញ្ហា​​​តៃវ៉ាន់​ បញ្ហា​​​ប្រជា​ធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​អភិវឌ្ឍ​ជាតិ​ជា​បន្ទាត់​ក្រហម​របស់​ចិន​ដែល​ប្រទេស​ដទៃ​មិន​ត្រូវ​ដើរ​កន្លង​ជា​ដាច់​ខាត​។ ចំណុច​ទាំង​នេះ​នឹង​បន្ត​អនុវត្ត​នៅ​ពេល​លោក​ត្រាំ​ឡើង​កាន់​អំណាច​។ លោក​​​ចង់​មាន​ន័យ​ថា​អាមេរិក​គួរ​កុំ​ដាក់​លក្ខ​ខណ្ឌ​លើ​​ទំនិញ​ចិន ឬ​​គួរ​បន្ធូរ​បន្ថយ​ និង​អនុញ្ញាត​ឱ្យ​ប្រទេស​ចិន​រីក​ចម្រើន​ទៅ​តាម​ឆន្ទៈ​របស់​ចិន​​​។ នេះ​ជា​ការ​លើក​ឡើង​របស់អ្នក​ជំនាញ​ខាង​ទំនាក់​ទំនង​រវាង​ចិន​ និង​​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភព​លោក​។

លោក​ត្រាំ​​​ត្រៀម​​​ដំឡើង​ពន្ធ​គយ​៦០%​ទៅ​លើ​ទំនិញ​របស់​ចិន​ដើម្បី​អនុវត្ត​ផែន​ការ​ «តម្កល់​ផល​ប្រយោជន៍​អាមេរិក​ជា​រឿង​ទី​១​»។ អ្នក​វិភាគ​ខាង​លើ​​​​​​កត់​សម្គាល់​ថា​​​នេះ​​ជា​លើកទី១​​​​ចាប់​តាំង​ពីក្រោយ​ការ​​បោះ​ឆ្នោត​នៅ​អាមេរិក​​ដែល​បង្ហាញ​ថា​លោក​ត្រាំ​ឈ្នះ​ឆ្នោត​ដែល​លោក​ស៊ី​ជីន​ពីង​និយាយ​ច្បាស់​ និង​លម្អិត​អំពី​អ្វី​ដែល​លោក​មិន​ពេញ​ចិត្ត​នៅ​ក្នុង​ទំនាក់​ទំនង​​​អាមេរិក-​ចិន​​។

លោក​ត្រាំ​ត្រៀម​ដាក់​មន្ត្រី​​ខ្លាំង​ៗ​​​ដើម្បី​កាន់​កាប់​ក្រសួងធំៗ​​។ ឧទាហរណ៍​​​លោក​តែង​តាំង​សមាជិក​ព្រឹទ្ធ​សភា​ឈ្មោះ​មារ៉ាកូ រូប៊ី​យ៉ូ (Marco Rubio) ជា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ និង​តែង​តាំង​សមាជិក​រដ្ឋ​សភា​ឈ្មោះ​ម៉ាយ​ វ៉ាល់​ (Mike Waltz) ជា​ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​។ លោក​ត្រាំ​ជា​អ្នក​ដែល​ឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ដំឡើង​ពន្ធ​គយ​ទៅ​លើ​ទំនិញ​ដែល​នាំ​ចូល​ពី​ប្រទេស​ដទៃ​។

ដូច្នេះ​ ចិន​ដឹង​ច្បាស់​ណាស់​ថា​នៅ​ពេល​លោក​ត្រាំ​ឡើង​កាន់អំណាច​ ទំនិញ​របស់​ចិន​នឹង​​រង​ផល​ប៉ះ​ពាល់​ពី​នយោបាយ​គាំ​ពារ​និយម​សេដ្ឋ​កិច្ច​នេះ​ជា​មិន​ខាន​ឡើយ​។ ហេតុ​នេះ ប្រទេស​ចិន​ក៏​មិន​មែន​ដំឡូង​មូល​នោះ​ដែរ​។ ចិន​​​ត្រៀម​ខ្លួន​ដើម្បី​គេច​ចេញ​ពី​សម្ពាធ​សេដ្ឋ​កិច្ច​នេះ​។ បើ​ការ​ដំឡើង​ពន្ធ​គយ​នេះ​ចាប់​អនុវត្ត​ពេល​ណា ចិន​នឹង​​ដាក់​ចេញ​នូវ​វិ​ធាន​ការ​ឆ្លើយ​តប​ភ្លាម​។​

នៅ​ក្នុង​​ជំនួប​ទ្វេ​ភាគី​រវាង​លោក​បៃដិន និង​លោក​ស៊ី​ជីន​ពីង​នោះ ក្រុ​ម​អ្នក​ជំនាញ​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ថា​កិច្ច​ប្រជុំ​នេះ​មាន​ចំណុច​ល្អ​​។ ឧទាហរណ៍ ថ្នាក់​ដឹក​នាំ​ទាំង​២​​យល់​ដូច​គ្នា​​ថា​​អ្នក​​សម្រេច​ចិត្ត​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេអ៊ែរ​គឺ​មនុស្ស​ មិន​មែន​បញ្ញា​សិប្ប​និម្មិត​ទេ​។ ទោះ​បី​បញ្ហា​នេះ​មិន​សូវ​សំខាន់​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ប្រទេស​ទាំង​២​យល់​ស្រប​គ្នា​អំពី​បញ្ហា​នុយ​ក្លេអ៊ែរ​។​

លោក​ស៊ី​ជីន​ពីង​ទៅ​ប្រទេស​ប៉េរូ​លើក​នេះ​អាច​ជា​ការ​បង្ហាញ​អំពី​ការ​ពង្រីក​​ឥទ្ធិ​ពល​របស់​ចិន​នៅ​ក្នុង​ទឹក​ដី​ដែល​ធ្លាប់​ទទួល​រង​ឥទ្ធិ​ពល​របស់​អាមេរិក​។ លោក​ទៅ​ប៉េរូ​ក្រៅ​ពីចូល​រួម​កិច្ច​ប្រជុំ​អេប៉ិច លោក​ក៏​បើក​សម្ពោធ​កំពង់​ផែ​របស់ចិន​នៅ​ឆាន​កាយ​​ផង​ដែរ​ (Chancay)។ លោក​ និង​លោក​បៃដិន​កំពុង​តែ​លេង​សន្លឹក​បៀរ​នយោបាយ​ជា​មួយ​គ្នា​នៅ​ក្នុង​សង្គ្រាម​ត្រជាក់​សម័យ​ថ្មី​។

នៅ​ក្នុង​ភាសា​ការ​ទូត ប្រទេស​ទាំង​២​មិន​ចង់​ប្រើ​ពាក្យ​សង្គ្រាម​ត្រជាក់​ទេ​។ ប៉ុន្តែ​នៅ​ក្នុង​ការ​អនុវត្ត​ជាក់​ស្ដែង​ ពួក​គេ​កំពុង​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​លើ​គ្រប់​វិស័យ​តាំង​ពី​នៅ​លើ​ភព​ផែន​ដី​រហូត​ដល់​នៅ​ក្នុង​ទី​អវកាស។ នេះ​ជា​ល្បែង​នយោបាយ​ដែល​ប្រ​ទេស​ទាំង​២​​ត្រូវ​លេង​ជា​បន្ត​ទៀត​នៅ​ពេល​លោក​ត្រាំ​ឡើង​កាន់​អំណាច​។ ខាង​លើ​នេះ​ជា​ការ​ប្រមើល​មើល​របស់​អ្នក​វិភាគ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ