ខេត្តក្រចេះ ៖ ការចម្លងទូកចំពោះក្មេងទៅសាលារៀននៅតែជាបញ្ហាប្រឈមចំពោះកុមារ ដែលមកពីគ្រួសារក្រីក្រ ខណៈពេលដែលក្មេងៗតូចត្រូវសុំទូកចម្លងគេឆ្លង ពេលទៅសាលារៀន និងចេញពីសាលារៀននោះ។
ជាការពិត បើតាមការលើកឡើងរបស់អ្នកចម្លងឃើញថា ប្រឈមជាមួយបញ្ហាច្រើន តែក្មេងៗដែលខិតខំប្រែងរៀនសូត្រទាំងនេះ មិនដែលចុះចាញ់ និងអាក់ខានរៀននោះឡើយ ទោះការធ្វើដំណើរលំបាកឆ្លងទឹក ឆ្លងព្រែកក៏ដោយ ។
គួរបញ្ជាក់ដែរថា ក្មេងៗដែលឆ្លងទឹកទៅសាសារៀនទាំងនេះ គឺនៅរស់នៅ ភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ដោយពួកគាត់តែងរងចាំទូករៀងរាល់ល្ងាចព្រឹក ដើម្បីធ្វើដំណើរទៅរៀន ដោយការសុំដោយសារអ៊ុំពូមីង ឬអ្នកដំណើរទូកឆ្លងកាត់។
តាមរយៈបទសម្ភាសន៍ជាមួយកម្មសារព័ត៌មានកោះសន្តិភាព លោក រឿន សុភណ្ឌ ដែលជាចម្លងទូកក្មេងៗចេញពីសាលារៀនថា កាលពីកន្លងទៅក្នុងរដូវវស្សា គឺក្មេងដែលឆ្លងទឹកទៅសាលារៀនជួបការលំបាកច្រើន ខណៈពេលដែលការចម្លងជួបឧបសគ្គលិចទូកកណ្តាលព្រែក តែមិនគ្រោះថ្នាក់ដល់អាយុជីវិតទេ ព្រោះពួកគាត់ចេះហែលទឹក ។
លោក រឿន សុភណ្ឌបន្តទៀតថា លោកពិតជាអាណិតស្រឡាញ់ក្មេងៗ ដែលពួកគាត់ស្រឡាញ់ការសិក្សា មិនខ្លាចការលិចទូក ពោលខណៈពេលគាត់ចង់ឆ្លងទឹកពេលចេញពីសាលារៀន ឬចង់ទៅសាលារៀននោះ ពួកគេតិចស្រែកហៅកងរំពងពេញព្រែក ។
លោក រឿន សុភណ្ឌបន្តទៀតថា ការចម្លងទូកនេះជាការងារស្ម័គ្រចិត្ត ដោយការចម្លងការពីកន្លងទៅ គឺជួបផលលំបាកខ្លះដែរដូចជា បញ្ហាលិចទូកចែវជាដើម ។ ដោយលោកបញ្ជាក់ថា ក្មេងៗដែលជិះទូក គឺពួកគាត់នៅមិនស្ងៀមប្រលែងគ្នា ដូច្នេះការលិចវារឿងដែលតែងកើតមាន តែលោកថា កាលលិចទូកកាលពីកន្លងទៅមិនមានបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ដោយពួកតោងមីកឈើ ឬចេះហែលទឹក ដើម្បីបញ្ជៀសគ្រោះថ្នាក់ដោយបញ្ហាលុងទឹក ។
លោក រឿន សុភ័ណ្ឌបន្តទៀតថា ការចម្លងទូកនេះចែវនេះមិនមានការទារកម្រៃអ្វីនោះទេ ពោលក្មេងៗដែលសុំទូកឆ្លងនេះមានជីវភាពមិនសូវធូរធារឡើយ ហើយបើចំពោះអ្នកដែលមានជីវភាពសមរម្យ គឺពួកគាត់ជិះទូកចម្លងម៉ាស៊ីនដែលមានសុវត្ថិភាពជាងនេះ ។
គួរបញ្ជាក់ដែរថា ទឹកព្រែកដែលប្អូនៗឆ្លងមានជម្រៅជ្រៅចម្ងាយខ្សែទឹកឆ្លង៥០ ទៅ៦០ម៉ែត្រ ដោយខែវស្សាចូលមកដល់អាចមានចម្ងាយរហូត ៧០ម៉ែត្រដែលកាន់តែពិបាកឆ្លងដោយមានទឹកហូរខ្លាំង និងពេលខ្លះអាចលិចទូកចម្លងទៀតនោះ ៕ ដោយ៖លីហួ គីមឆាយ
ចែករំលែកព័តមាននេះ