រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់តាមបណ្ដាញសង្គមផ្លូវការនៅព្រឹកនេះថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពសប្បាយរីករាយជាមួយការរក្សាបាននូវប្រពៃណី និងវប្បធម៌ជាតិយ៉ាងសម្បូរបែប បង្កើតស្នាមញញឹមដល់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី ។
ភាពជោគជ័យនេះអាចសម្រេចទៅបាន គឺដោយសារការចូលរួមចំណែកពីគ្រប់បណ្តាក្រុមការងារពាក់ព័ន្ធទាំងអស់ ជាពិសេសកងកម្លាំងគ្រប់ប្រភេទដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តធ្វើយ៉ាងណាធានាឱ្យបានសន្តិសុខ សុវត្ដិភាព និងសណ្តាប់ធ្នាប់សាធារណៈបង្កលក្ខណ:គ្រប់បែបយ៉ាង ដើម្បីបម្រើដល់ដំណើរការនៃព្រះរាជពិធីបុណ្យជាតិដ៏ធំមួយនេះឱ្យប្រព្រឹត្តទៅដោយភាពអធិកអធម និងសប្បាយរីករាយជាទីបំផុត ។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនសម្ដេចផ្ទាល់ សូមអរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការរៀបចំដំណើរប្រព្រឹត្តទៅនៃកម្មវិធី និងការបោសសម្អាតគ្រប់គ្រងអនាម័យ ធានាបាននូវសោភ័ណភាពល្អប្រណិត ។
ជាមួយគ្នានេះ សម្ដេចធិបតី ក៏សូមថ្លែងអរគុណដល់ក្រុមការងារសម្តែងសិល្បៈគ្រប់ប្រភេទក៏ដូចសិល្ប:ករ សិល្បៈការិនីទាំងអស់ ដែលបានផ្តល់នូវផ្ទាំងទស្សនីយភាពសប្បាយរីករាយ និងការរាំលេងកម្សាន្តគ្រប់ទីកន្លែងជូនដល់មហាជន ប្រកបដោយភាពស្រស់ស្រាយសប្បាយអឺងកង ៕
ចែករំលែកព័តមាននេះ