បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋរាប់ម៉ឺននាក់មកលេងកម្សាន្តនៅផ្សារទឹកពុះបរិវេណកាស៊ីណូក្បែរព្រំដែន ក្នុងឱកាសបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែអកអំបុក កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រុងប៉ោយប៉ែត ។
ជាក់ស្តែង ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានប្រជាពលរដ្ឋបានមកលេងកម្សាន្តនៅបរិវេណកាស៊ីណូផ្សារទឹកពុះមានរាប់ម៉ឺននាក់ រហូតតាមដងផ្លូវត្រូវបានស្ទះចរាចរណ៍អ្នកមកលេងកម្សាន្តដូចជា នាំសាច់ញាតិទៅអង្គុយលេងមើលការបាញ់កាំជ្រួច និងទិញនំចំណីហូបជាលក្ខណៈគ្រួសារ និងឃើញភ្ញៀវជាតិ និងអន្តរជាតិបានទៅលេងកម្សាន្ត ។
លោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យប្រាប់ថា ៖ ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រដ្ឋបាលខេត្តបន្ទាយមានជ័យ
បានរៀបចំការប្រណាំងទូក(ង)រយៈពេល២ថ្ងៃ នៅថ្ងៃទី២៦ ដល់២៧ ខែតុលា ឆ្នាំ២០២៤ នៅក្រោយសាកលវិទ្យាល័យជាតិមានជ័យដងស្ទឹងសិរីសោភ័ណ និងបណ្តែតប្រទីបចំនួន៣៩គ្រឿង នៅដងស្ទឹងសិរីសោភ័ណ ចាប់ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អកអំបុក និងសំពះព្រះខែពិធីសម្រក់ទៀន នៅទីតាំងសួនតេជោ ឈ្នះឈ្នះក្រុងសិរីសោភ័ណ ។
លោកបានបញ្ជាក់ថា ៖ ជាក់ស្តែងនៅរាត្រីដែលរៀបចំបណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នៅក្រុងសិរីសោភ័ណមានភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តមានចំនួន៤២.៣៥៤នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន៤២.៣៤៧នាក់ និងនៅផ្សារទឹកពុះមានភ្ញៀវរាប់ម៉ឺននាក់ទៅលេងកម្សាន្តនៅបរិវេណកាស៊ីណូក្រុងប៉ោយប៉ែត ៕
ចែករំលែកព័តមាននេះ