ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ហេង សួរ ចូលរួម​ទិវា​អន្តរជាតិ​អ្នកលក់ដូរ​តាម​ដងផ្លូវ ខួប​លើក​ទី ​១២

5 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ នា​ព្រឹក ថ្ងៃ​ទី ​១៣ ខែវិច្ឆិកា ឆ្នាំ ​២០២៤ ឯកឧត្តម ហេង…

រាជធានីភ្នំពេញ​ ៖ នា​ព្រឹក ថ្ងៃ​ទី ​១៣ ខែវិច្ឆិកា ឆ្នាំ ​២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ទិវា​អន្តរជាតិ​អ្នក​លក់ដូរ​តាម​ដងផ្លូវ ខួប​លើក​ទី​១២ ក្រោម​ប្រធានបទ “​គាំពារ​សង្គម​សម្រាប់​អ្នក​លក់ដូរ​តាម​ដងផ្លូវ ដើម្បី​អន្តរកាល​ប្រកបដោយ​យុត្តិធម៌ និង​សកម្មភាព​បរិស្ថាន​នៅ​កម្ពុជា​” ។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ សាន់​វេ រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​ប្រធាន និង​សមាជិក​នៃ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) រួម​និង​តំណាង​អង្គការ​អុក​ស្វា​ម (OXFAM) និង​តំណាង​មជ្ឈមណ្ឌល​អា​មេ​រិ​កាំ​ង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS) សរុប​ប្រមាណ ២០០​នាក់ ​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​មុខសញ្ញា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​បាន​ដាក់​ចេញ​នូវ​វិធានការ​និង​កម្មវិធី​គាំពារ​ឱ្យ​កាន់តែ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​អ្នក​ប្រកប​មុខរបរ និង​ធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ ទន្ទឹម​នេះ​រាជរដ្ឋាភិបាល​ក៏​បាន​និង​កំពុង​ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ ២០២៣-២០២៨ សំដៅ​ចូលរួម​កែ​លម្អ​ជីវភាព​ប្រជាជន និង​សេដ្ឋកិច្ច​កម្ពុជា​។

ឯកឧត្តម ហេង សួរ បាន​គូសបញ្ជាក់​ថា អ្នក​ប្រកប​មុខរបរ និង​ធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (​បុគ្គល​ស្វ័​យ​និ​យោជន៍​) បាន​និង​កំពុង​ទទួល​ការ​គាំពារ​យ៉ាង​ពេញលេញ​ទាំង​សន្តិសុខ​ផ្លូវ​កាយ និង​សន្តិសុខ​ផ្លូវចិត្ត ក៏​ដូច​ជា​សន្តិសុខ​សេដ្ឋកិច្ច​សម្រាប់​ជីវភាព​គ្រួសារ ពី​គោលនយោបាយ​គាំពារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពោល​គឺ​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២៣ រាជរដ្ឋាភិបាល​បាន​ប្រកាស​ដាក់​អនុវត្ត​ជា​ផ្លូវការ របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត ដែល​មាន​វិសាលភាព​អនុវត្ត​ចំពោះ​បុគ្គល​ស្វ័​យ​និ​យោជន៍ និង​អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. រួម​មាន​សហ​ព័ទ្ធ និង​កូន​ក្នុង​បន្ទុក​។

បន្ថែម​ពី​នេះ​ទៀត ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​ក៏​បាន​និង​កំពុង​លើកទឹកចិត្ត និង​ផ្តល់​ការ​គាំពារ​ដូច​ជា ការ​ផ្តល់​បណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល ជា​ពិសេស​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដោយ​ឥត​គិតថ្លៃ​ដែល​អ្នក​ប្រកប​មុខរបរ និង​ធ្វើការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក៏​អាច​ចូល​រៀន​ដើម្បី​ទទួល​បាន​ជំនាញ​មួយ​ពិតប្រាកដ​ក្នុង​ជីវិត​សម្រាប់​ប្រកប​មុខរបរ ឬ​ធ្វើ​ការងារ​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​សមរម្យ​ទៀត​ផង​។

ឯកឧត្តម ហេង សួរ ក៏​បាន​ស្នើ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​គាំទ្រ​ក្នុង​ការ​លើកកម្ពស់ និង​រួម​គ្នា​គិត រួម​គ្នា​ធ្វើ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ជូន​ប្រជាជន​កម្ពុជា​ដែល​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ៕ អត្ថបទសហការ