ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​ស.ពបុរសម្នាក់ច្រក​បាវទម្លា.ក់ចូលក្នុងជ្រោះ

6 ម៉ោង មុន
  • កំពង់ចាម

ខេត្តត្បូងឃ្មុំ ៖ សាកសព​​បុរស​ម្នាក់ត្រូវបានគេប្រទះឃើញ​ច្រកបាវ​ទម្លាក់ចូលក្នុងជ្រោះ នៅក្នុងឡូត៏កៅស៊ូមួយកន្លែង ត្រង់​ចំណុចភូមិដូងទី២ ឃុំត្រមូង ស្រុកមេមត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថ​កិច្ច និងជំនាញព្រហ្មទណ្ឌស្រុកព្រមទាំងជំនាញខេត្តចុះពិនិត្យ និងធ្វើការស្រាវជ្រាវរកមូលហេតុការពិតទៀតផង…

ខេត្តត្បូងឃ្មុំ ៖ សាកសព​​បុរស​ម្នាក់ត្រូវបានគេប្រទះឃើញ​ច្រកបាវ​ទម្លាក់ចូលក្នុងជ្រោះ នៅក្នុងឡូត៏កៅស៊ូមួយកន្លែង ត្រង់​ចំណុចភូមិដូងទី២ ឃុំត្រមូង ស្រុកមេមត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថ​កិច្ច និងជំនាញព្រហ្មទណ្ឌស្រុកព្រមទាំងជំនាញខេត្តចុះពិនិត្យ និងធ្វើការស្រាវជ្រាវរកមូលហេតុការពិតទៀតផង ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យកោះសន្តិភាពដឹងនារសៀលថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៤ ថា ដំបូងកម្លាំងឆ្នាំការពារចំការកៅស៊ូក្រុមហ៊ុនមេមត់ បានជិះម៉ូតូល្បាតតាមឡូត៏កៅស៊ូ ក៏ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់​ត្រូវគេច្រកបាវ​ កាលវេលាម៉ោងប្រហែល១និង៣០នាទីរសៀលថ្ងៃទី ៣១ តុលា ​ឆ្នាំ​២០២៤។ ភ្លាមៗនោះក៏បានរាយការណ៍មកកាន់លោកអធិការនគរបាលស្រុកមេមត់ និងរាយការណ៍បន្តមកលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ដោយឲ្យបង្កើតគណៈកម្មការចម្រុះមួយចុះពិនិត្យសាកសព។

តាម​ប្រភពដដែលបានបន្តឲ្យដឹងទៀតថា តាមរយៈការត្រួតពិនិត្យនៅលើផ្ទៃក្បាលនិងផ្ទៃមុខឃើញមានស្នាមកាប់ដោយវត្ថុរឹងចំនួន៣កន្លែងបណ្ដាលឲ្យមានឈាមហូរស្រោចពេញខ្លួនប្រាណ។ សូមបញ្ជាក់ថានៅកន្លែងកើតហេតុមិនឃើញមានវត្ថុតាងអ្វីបន្សល់ទុកគួរឲ្យកត់សម្គាល់នោះទេ។

តាមរយៈការពិនិត្យនិងធ្វើការស្រាវជ្រាវសពអ្នកស្លាប់ត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះផល្លា អូន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសាឡង់ទី១ ឃុំដា ស្រុកមេមត់។ តាមរយៈការស៊ើបសួរដល់មូលដ្ឋានកន្លែង​ជនរងគ្រោះ​រស់នៅបាន​ឱ្យ​ដឹងថា ជនរងគ្រោះ​១រូប​នេះតែងតែរពឹសដៃរពឹសជើងដើរបោចជ័រកៅស៊ូអ្នកភូមិតាមកន្លែងផ្សេងៗ តែមិនមានពាក្យបណ្ដឹងណាមួយមកសមត្ថកិច្ចនោះទេ មួយវិញទៀតជនរងគ្រោះ​១រូបនេះក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនទៀតផង។

បន្ទាប់ពីបានពិនិត្យសាកសពរួច កម្លាំងសមត្ថកិច្ចបានប្រគល់សពឱ្យទៅសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី។ ហើយរហូតមកដល់រសៀលថ្ងៃទី១វិច្ឆិកាសមត្ថកិច្ចមូលដ្ឋានស្រុកក៏ដូចខេត្តកំពុងតែបន្តធ្វើការស្រាវជ្រាវរកជនដៃដល់ ដែលបានកាប់ប្រហារសម្លាប់លើអ្នករងគ្រោះយ៉ាងសាហាវដូច្នេះ។ជាមួយនោះលោកឧត្តមសេនីយ៍ស្នងការក៏ដូចជាស្នងការរងទទួលផែនយុត្តិធម៌ បានកំពុងតែ​ដុត​ដៃដុតជើងលើករណីនេះដែលយកចិត្តទុកដាក់។

សមត្ថ​កិច្ចបញ្ជាក់ថា ករណីប្រទះឃើញ​​សពបុរសម្នាក់ត្រូវគេច្រកបាវ​នៅក្នុងជ្រោះនៅថ្ងៃទី៣១តុលា ២០២៤ វេលាម៉ោង១និង១០​នាទីរសៀល កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រមូង ថាបានប្រទះឃើញសាកសព ភេទប្រុស ស្លាប់នៅក្នុងជ្រោះ ស្ថិតនៅចំណុច ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ស្ថិតនៅភូមិដូងទី២ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ពេលទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការណ៍ជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងកម្លាំងជំនាញការិយាល័យ​បចេ្ចកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងលោកគ្រូពេទ្យមណ្ឌលសុខភាពត្រមូង បានចុះទៅដល់កន្លែងកើតហេតុ ឃើញសាកសពបុរសម្នាក់ស្លាប់ផ្កាប់មុខ ស្លៀកខោសាច់ក្រណាត់ជើងវែង ពាក់អាវសាច់ក្រណាត់ដៃវែង ពណ៌ខ្មៅ មានសភាពស្អុយហើម ច្រកក្នុង​បាវ​ពណ៍ខៀវមួយកំណាត់ខ្លួន(ក្បាលដល់ពោះ) និងស្នាមរបួសរួមមាន:

១. ស្នាមរយៈដាច់ស្បែកលើក្បាលប្រវែង ៥x៤សង់ទីម៉ែត្រ
២. ស្នាមរយៈដាច់ស្បែក និងបាក់ឆ្អឹងច្រមុះ និងមុខក្រោមភ្នែក ប្រវែង១៣សង់ទីម៉ែត្រ
៣. ស្នាមមុតលើត្រចៀកឆ្វេងចំងាយពីត្រចៀក៤សង់ទីម៉ែត្រ របួសដាច់ស្បែកដល់ឆ្អឹងក្បាលទំហំ ៥សង់ទីម៉ែត្រ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីទៀតទេ។

ក្នុងករណីនេះគឺជាអំពើឃាតកម្ម បន្ទាប់មកស្រាប់តែមានឈ្មោះ បួន ស្រីពេជ្រ ភេទស្រី អាយុ២៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសាឡង់១ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានអះអាងថា សពជនរងគ្រោះ ឈ្មោះ ផល្លា អូន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិសាឡង់១ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប្តីរបស់ខ្លួន ដែលបានបាត់កាលពីថ្ងៃទី២៧ តុលា ឆ្នាំ​២០២៤ ពេលដែលជិះម៉ូតូ ចេញពីផ្ទះទៅលួចបកជ័រកៅស៊ូគេ នៅចំណុចឡាំបោ (ដូងទី២) ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយត្រូវគេចាប់បាននៅពេលល្ងាច ដោយតេទូរស័ព្ទមកប្រាប់ប្រពន្ធឲ្យហៅលោកមេភូមិសាឡង់១ ឃុំដារ ទៅដោះស្រាយគ្នា រួចក៏បាត់ដំណឹងរហូត។ លុះដល់វេលារសៀលថ្ងៃទី៣១ តុលា ឆ្នាំ​២០២៤ ស្រាប់តែមានកម្លាំងសមត្ថកិច្ចនគរបាលស្រុកមេមត់ តេហៅឲ្យមកពិនិត្យសាកសព ទើបស្គាល់ថាជាប្តីរបស់ខ្លួនតែម្តង។

បន្ទាប់មកកម្លាំងយើងបានហៅឆ្មាំការពារក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ចំនួន៤នាក់ រួម​មាន​ ១-ឈ្មោះ គង់ ជឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិពងទឹក ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ២-ឈ្មោះ ភាន់ ឌីណា ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្ជាយ ឃុំជាំក្រវៀន ស្រុកមេមត់ខេត្តត្បូងឃ្មុំ។ ៣-ឈ្មោះ រិន សុខណា ភេទប្រុស អាយុ៦២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្លុងត្បូង ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ៤-ឈ្មោះ វ៉ាន់ សារ៉ាត់ ភេទប្រុស អាយុ៥៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្អំ ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកមេមត់ ។

ពេលសាកសួរចប់សព្វគ្រប់ ១-ឈ្មោះ ភាន់ ឌីណា ភេទប្រុស ២-ឈ្មោះ រិន សុខណា ភេទប្រុស
៣-ឈ្មោះ វ៉ាន់ សារ៉ាក់ ភេទប្រុស ពុំមានពាក់ព័ន្ធនឹងករណីខាងលើ ត្រូវបានឲ្យត្រឡប់ទៅផ្ទះវិញ ចំណែកឈ្មោះ គង់ ជឿន ភេទប្រុស ធ្វើតេស្តទឹក​នោម​លទ្ធផល(វិជ្ជមាន)និងអាចមានការពាក់ព័ន្ធនឹងករណីខាងលើ ត្រូវបានឃាត់ខ្លួន តាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ និងបានការអនុញ្ញាតពីលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ ថ្ងៃទី៣១ តុលា ២០២៤ វេលាម៉ោង៨និង១៨នាទីយប់ ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ