ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Google ត្រូវ​រុស្ស៊ីពិន័យ២០ដេស៊ីលានដុល្លារ ទំហំធំជាងតម្លៃសេដ្ឋកិច្ចពិភពលោកទាំងមូល

3 អាទិត្យ មុន

ប្រទេសរុស្ស៊ី ៖ តុលាការរបស់ប្រទេសរុស្សីបានពិន័យក្រុមហ៊ុន Google គិតជាទឹកប្រាក់សរុបចំនួន ២០ដេស៊ីលានដុល្លារអាមេរិក ($20 Decillion) ឬ សូន្យ៣៣ដងបន្ទាប់ពីលេខ២០…

ប្រទេសរុស្ស៊ី ៖ តុលាការរបស់ប្រទេសរុស្សីបានពិន័យក្រុមហ៊ុន Google គិតជាទឹកប្រាក់សរុបចំនួន ២០ដេស៊ីលានដុល្លារអាមេរិក ($20 Decillion) ឬ សូន្យ៣៣ដងបន្ទាប់ពីលេខ២០ ពាក់ព័ន្ធនឹងការបិទមាតិកា និងប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីលើកម្មវិធីយូធូប (YouTube) ខណៈចំនួនការពិន័យនេះ គឺច្រើនជាងទំហំសេដ្ឋកិច្ចពិភពលោកទាំងមូលទៅទៀត។ នេះបើយោងតាមវិមានក្រឹមឡាំងបានប្រាប់សារព័ត៌មាន NBC News កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មានរុស្ស៊ី RBC ការពិន័យគឺជាចំនួនសរុបដែលទាមទារដោយប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ីចំនួន ១៧ និងមាតិកាជាច្រើនផ្សេងទៀត ដែលត្រូវបានបិទពី YouTube ដែលជាវេទិកាវីដេអូដ៏ល្បីបំផុតរបស់ពិភពលោក និងគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក Google ។ មាតិកា និងប្រព័ន្ធផ្សព្វផ្សាយទាំងនោះត្រូវបានដឹងថាជាស្ថាប័នគាំទ្រប្រធានាធិបតីរុស្ស៊ី លោក វ្លាដឺមៀរ ពូទីន (Vladimir Putin) និងការឈ្លានពានលើអ៊ុយក្រែន។

ការពិន័យនេះត្រូវបានដំណើរជាលើកដំបូងក្នុងឆ្នាំ ២០២០ នៅពេលក្រុមហ៊ុន Google បានបិទមាតិកាជាកម្មសិទ្ធិរបស់មេទាហានស៊ីឈ្នួល Wagner Group លោក Yevgeny Prigozhin និង Oligarch Konstantin Malofeev។ ក្រោយមកទៀត YouTube បានបន្តបិទមាតិកា និងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបន្ថែមទៀត បន្ទាប់ពីការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែនឆ្នាំ ២០២២។

តុលាការបានបញ្ជាឱ្យ Google បើកមាតិការុស្ស៊ីឡើងវិញក្នុងរយៈពេល៩ខែ ដោយពិន័យប្រាក់ប្រហែល ១ពាន់ដុល្លារក្នុងមួយថ្ងៃ ហើយបន្ទាប់ពីរយៈពេលនោះ តួលេខនៃការពិន័យកើនឡើងរហូតដល់ ២០ដេស៊ីលានដុល្លារ។ សារព័ត៌មានរុស្ស៊ី RBC បន្តទៀតថា ទំហំនៃការពិន័យកើនឡើងទ្វេដងក្នុងមួយសប្តាហ៍សម្រាប់រាល់សប្តាហ៍នៃការមិនអនុលោមតាមច្បាប់ដោយគ្មានដែនកំណត់។

តួលេខនៃការពិន័យនេះ មិនត្រឹមតែលើសតម្លៃទីផ្សាររបស់ក្រុមហ៊ុន Google ដែលមានតម្លៃត្រឹមតែ២ទ្រីលានដុល្លារប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានចំនួនធំជាងទំហំនៃសេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិបានដាក់តម្លៃប្រហែល ១១០ទ្រីលានដុល្លារ គឺជាតួលេខដែលមានសូន្យត្រឹម១២ដងបន្ទាប់ពីលេខ១១០។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី TASS បានស្រង់សម្តីលោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបានថ្លែងថា លោកមិនអាចសូម្បីតែគិតចេញអំពីតួលេខនេះ ប៉ុន្តែការពិន័យនេះបានជំរុញឱ្យអ្នកគ្រប់គ្រងក្រុមហ៊ុន Google បង្កើនការយកចិត្តទុកដាក់។ ពាក់ព័ន្ធជុំវិញបញ្ហានេះក្រុមហ៊ុន Google មិនបានបញ្ចេញមតិជាសាធារណៈ ឬឆ្លើយតបទៅនឹងសំណើរបស់សារព័ត៌មាន BBC នៅឡើយទេ៕ ប្រភព ៖ NBC News, BBC និង Technology Innovation

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ