រាជធានីភ្នំពេញ៖ យុវជន សិស្សនិស្សិតដែលចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ លើកឡើងថា ពិព័រណ៍ការងារថ្នាក់ជាតិ ដែលត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាឱកាសមាស និងជាស្ពានចម្លងអនាគត សម្រាប់យុវជន សិស្សនិស្សិត សាធារណជន ក្នុងការស្វែងរកការងារធ្វើក្នុងក្តីស្រមៃ ខណៈកម្មវិធីពិព័រណ៍ថ្នាក់ជាតិឆ្នាំ២០២៤ នៅពេលនេះបានទាក់ទាញចំណាប់អារម្មណ៍ យុវជន សិស្សនិស្សិតរាប់ពាន់នាក់ មកទស្សនាត្រឹមថ្ងៃទីមួយ ។
យុវតី ទេព ដារ៉ាលីដា ជានិស្សិតរៀនជំនាញធនាគារ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ គឺជាកម្មវិធីដែលខ្លួនមានចំណាប់អារម្មណ៍ខ្លាំងបំផុត ពីព្រោះពិព័រណ៍រយៈពេលពីរថ្ងៃមួយនេះ បាននាំមកនូវឱកាសការងារច្រើនកន្លែង ដែលខ្លួនរំពឹងរងចាំជាយូមកហើយ ដើម្បីមានឱកាសក្នុងការដាក់ពាក្យធ្វើការនៅបណ្តាក្រុមហ៊ុនឯកជននានា ដែលខ្លួនពេញចិត្ត ។
យុវតីរូបនេះបន្ថែមថា ខ្លួនបានដាក់ពាក្យសុំចូលបម្រើការងារ នៅធនាគារ LOLC ហើយក្រុមហ៊ុនបានសម្ភាសន៍រូបគេភ្លាមៗនៅនឹងកន្លែងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ បន្ទាប់ពីបានដាក់ពាក្យត្រឹមតែរយៈពេល មិនប៉ុន្មាននាទីផង ។ យុវតីថារូបនេះថា ការដាក់ប្រវត្តិរូបសុំចូលបម្រើការងារ ហើយត្រូវបានសម្ភាសភ្លាមៗ ពីសំណាក់ក្រុមហ៊ុនឯកជន គឺមានអត្ថប្រយោជន៍ណាស់សម្រាប់យុវជន និងសិស្សនិស្សិត ពីព្រោះការធ្វើបែបនេះគឺផ្តល់ភាពងាយស្រួល ចំណាយពេលតិច ដោយមិនចាំបាច់ដាក់ពាក្យនៅក្រុមហ៊ុនផ្ទាល់ ។
ដូចគ្នានេះដែរ យុវតី ប៊ន់ ស្រីពេជ្រ ជានិស្សិតមកពីសកលវិទ្យាល័យធនធានមនុស្ស ក៏បានលើកឡើងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ គឺជាកម្មវិធីមួយដែលធ្វើឱ្យខ្លួន អាចស្វែងរកឱកាសការងារដែលខ្លួនស្រមៃ ហើយស្របតាមជំនាញសិក្សានៅមហាវិទ្យាល័យ ខណៈមានស្តង់ប្រកាសពីឱកាសការងារជាច្រើនកន្លែងពីសំណាក់ក្រុមហ៊ុនឯកជននៅពេលនេះ ។ សម្រាប់ថ្ងៃនេះដែរ យុវតីរូបនេះបានដាក់ប្រវត្តិរូបធ្វើការ នៅធនាគារ ABA ខណៈក្រុមហ៊ុនក៏បានធ្វើការសម្ភាសភ្លាមៗបន្ទាប់ពីដាក់ពាក្យនៅនឹងកន្លែងផងដែរ ។
ដោយឡែក យុវតី ម៉េងហាក់ លក្ខិណា ដែលជានិស្សិតមកពីសកលវិទ្យាល័យ CUS បានវាយតម្លៃខ្ពស់លើពិព័រណ៍ការងារ និងផលិតភាពជាតិ២០២៤ នេះ ហើយថាកម្មវិធីនេះគឺជាស្ពានចម្លង និងជាឱកាសមាសសម្រាប់យុវជន សិស្សនិស្សិត សាធារណជន ដែលកំពុងរៀន និងបញ្ចប់នៅមហាវិទ្យាល័យ ក្នុងការស្វែងរកឱកាសការងារ ដ៏សមស្របមួយសម្រាប់ខ្លួន ដើម្បីសម្រេចក្តីស្រមៃរបស់ពួកគេ ពីព្រោះពិព័រណ៍ការងារ បាននាំមកនូវឱកាសការងារជាច្រើនមុឺនកន្លែង ពីសំណាក់ក្រុមហ៊ុនឯកជនជារៀងរាល់ឆ្នាំ ។
យុវតីរូបនេះសង្ឃឹមយ៉ាងមុតមាំថា ពិព័រណ៍ការងារ និងផលិតភាពជាតិ នឹងបន្តធ្វើជារៀងរាល់ឆ្នាំ ហើយនឹងក្លាយទៅជាដៃគូ និងជាអ្នកប្រឹក្សាដ៏ល្អមួយសម្រាប់យុវជន សិសនិស្សិត សាធារណជននៅកម្ពុជា ក្នុងការស្វែងរកការងារធ្វើ ។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ កំពុងតែដំណើរការ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលានេះ នៅអគារពិព័រណ៍កោះពេជ្រ ។ បន្ថែមពីការរៀបចំនៅទីតាំងកោះពេជ្រផ្ទាល់ ពិព័រណ៍ការងារនេះក៏ត្រូវបានរៀបចំជា online ក្នុងពេលជាមួយគ្នានេះផងដែរ តាមរយៈគេហទំព័រ www.careerfair.nea.gov.kh ដែលអនុញ្ញាតឱ្យយុវជនរបស់យើង ដែលកំពុងរស់នៅ តាមបណ្តាខេត្តផ្សេងៗ ក៏អាចទទួលបាននូវឱកាសដូចគ្នា ក្នុងការដាក់ពាក្យស្នើសុំធ្វើការ និងធ្វើការសម្ភាស ជាមួយនឹងសហគ្រាស ក្រុមហ៊ុនដែលកំពុងមានតម្រូវការងារ នៅក្នុងពិព័រណ៍ការងារនេះ ដូចយុវជន ដែលមកផ្ទាល់ផងដែរ ។
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ លេខ Hotline 1297 ឬ 1286 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ