ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួនជាង ៦មុឺនកន្លែងសម្រាប់ឆ្នាំ ២០២៥

2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងនៅថ្ងៃទី ១៨…

រាជធានីភ្នំពេញ ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ មកនេះថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាហារូបការណ៍ផ្នែកកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំ ២០២៥ ចំនួន ៦៧ ៣០០ កន្លែង ។ ការផ្តល់អាហារូបករណ៍នេះ គឺស្ថិតនៅក្នុងក្របខណ្ឌនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា អាហារូបករណ៍ចែកចេញជាពីរប្រភេទ ទី ១ ៖ កម្មវិធីបណ្តុះបណ្តាលរយៈពេលវែងដែលមានប្រភេទ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ៣, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ២, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ។ និងទី ២ ៖ អាហារូបករណ៍ក្នុងកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី ដែលជាប្រភេទអាហារូបករណ៍មូលនិធិជាតិបណ្តុះបណ្តាលដើម្បីកាត់បន្ថយភាពក្រីក្រ ។ 

ឯកឧត្ត បានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ រហូតមកដល់ពាក់កណ្តាល ឆ្នាំ ២០២៤ នេះកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជនយ៉ាងសកម្មនៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ។ ឯកឧត្តម បន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមយ៉ាងផុសផុល ជាងនេះទៀតក្រុមការងារក៏បានចុះផ្សព្វផ្សាយផ្ទាល់ទៅដល់មូលដ្ឋានប្រជាពលរដ្ឋធ្វើយ៉ាងណាកៀរគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះឱ្យបានកាន់តែច្រើន ។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអនុវត្តតាមអភិក្រមរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺ «រៀនឱ្យចប់ រៀនឱ្យចេះ ឱ្យមានការងារធ្វើ» ។

ឯកឧត្តមបានអំពាវនាវដល់យុវជនដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សូមរួសរាន់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានដែលនៅក្បែរមូលដ្ឋានរបស់ខ្លួន ។ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅតែទទួលការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភដដែល ។

គិតត្រឹមដើមខែតុលា ឆ្នាំ ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានយុវជនចុះឈ្មោះចូលសិក្សាជំនាញសរុបចំនួនជាង ៨ ម៉ឺននាក់ (ស្រីចំនួនជាង ៣,២ ម៉ឺននាក់) ។ ក្នុងចំណោមសិស្សដែលបានចុះឈ្មោះចូលរៀនជំនាញសរុប ក្នុងនោះសិស្សបានបញ្ចប់ការសិក្សាមានចំនួនជាង ១ មុឺននាក់ ។ យុវជនសិក្សាជំនាញរបស់រាជរដ្ឋាភិបាលទាំងនោះបានទទួលការងារធ្វើសមរម្យ, មួយចំនួនចេញប្រកបមុខរបរផ្ទាល់ខ្លួន និងខ្លះទៀតកំពុងចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជននានាក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

សម្រាប់សាកសួរព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ប្រព័ន្ធទូរសព្ទ Hotline ឥតគិតថ្លៃ លេខ ១២៨៦  ឬ ១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕ អត្ថបទសហការ