ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តើអាណាព្យាបាលអាចសម្គាល់ និងដោះស្រាយអាការៈតានតឹងផ្នែកអារម្មណ៍របស់កុមារដោយរបៀបណា ?

3 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ អារម្មណ៍​តានតឹង ឬ​ស្ត្រេ​ស មិនមែន​កើតឡើង​តែ​នៅ​លើ​មនុស្ស​ធំ​នោះ​ទេ កុមារ​ក៏​កើត​មាននូវ​អារម្មណ៍​នេះ​ដែរ ដោយ​អាច​បណ្តាល​មក​ពី​សង្គម ការ​សិក្សា បញ្ហា​នៅ​ក្នុង​គ្រួសារ ឬ​សកម្មភាព​ប្រចាំ​ថ្ងៃ​ផ្សេង​ៗ…

រាជធានីភ្នំពេញ ៖ អារម្មណ៍​តានតឹង ឬ​ស្ត្រេ​ស មិនមែន​កើតឡើង​តែ​នៅ​លើ​មនុស្ស​ធំ​នោះ​ទេ កុមារ​ក៏​កើត​មាននូវ​អារម្មណ៍​នេះ​ដែរ ដោយ​អាច​បណ្តាល​មក​ពី​សង្គម ការ​សិក្សា បញ្ហា​នៅ​ក្នុង​គ្រួសារ ឬ​សកម្មភាព​ប្រចាំ​ថ្ងៃ​ផ្សេង​ៗ ​។ ដូច្នេះ តើ​ឪពុក​ម្តាយ អាណាព្យាបាល អាច​សម្គាល់​យ៉ាងដូចម្តេច​នៅ​ពេល​កូន​ៗ ​មាន​អាកា​រៈ​តានតឹង​ផ្នែក​អារម្មណ៍ ? ហើយ​ត្រូវ​មាន​វិធីសាស្ត្រ​ដោះស្រាយ​ដោយ​របៀប​ណា ?

ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី “​វិធីសាស្ត្រ​គ្រប់គ្រង​ភាព​តានតឹង ​ដោយ​អាកប្បកិរិយា​របស់​កុមារ​” នៅ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ កាលពី​ចុង​ស​ប្តា​ហ៍​នេះ អ្នកស្រី អ៊ុ​ក សូ​នី​តា អ្នកជំនាញ​អប់រំ​កុមារ​តូច និង​ជា​នាយិកា​សិក្សាធិការ កម្មវិធី​ភាសាបរទេស នៃ​បណ្តាញ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ បាន​បង្ហាញ​ចំណុច​ចំនួន​៦ ដែល​ឪពុក​ម្តាយ ​អាណាព្យាបាល អាច​កត់សម្គាល់​ពី​អាកា​រៈ ពេល​ដែល​កូន​ៗ​មាន​អារម្មណ៍​តានតឹង ដើម្បី​អាច​ជួយ​ទៅ​ដល់​ពួក​គេ​បាន នោះ​គឺ ៖

១. កុមារ​ផ្លាស់​ប្តូរ​អាកប្បកិរិយា ៖ បើ​តាម​អ្នកស្រី អ៊ុ​ក សូ​នី​តា ទាក់ទង​នឹង​ការ​ផ្លាស់​ប្តូរ​អាកប្បកិរិយា គឺ​មាន​ច្រើន​ដូច​ជា កុមារ​ក្រ​គេង ពេល​ក្រោក​មក​មាន​សភាព​អស់កម្លាំង គេង​មិន​គ្រប់គ្រាន់ ផ្លាស់​ប្តូរ​ការ​ញ៉ាំ​អាហារ ផ្លាស់​ប្តូរ​ទំនាក់ទំនង ដោយពេល​ខ្លះ​មិន​ចង់​និយាយ​ស្តី​អ្វី​ជាដើម ​។

២. សញ្ញា​ផ្លូវ​អារម្មណ៍ ៖ នេះ​គឺជា​អាកា​រៈ​មួយ​ដែល​បង្ហាញ​ថា កូន​មាន​បញ្ហា​ស្ត្រេ​ស​ផង​ដែរ ដូច​ជា​ផ្លូវ​អារម្មណ៍​របស់​គេ​ផ្លាស់​ប្តូរ​ញឹកញាប់ ពេល​ខ្លះ​កើតទុក្ខ ពេល​ខ្លះ​រីករាយ​ជ្រុល ​។

៣. អាកា​រៈលើ​រាង​កាយ ៖ ទាក់ទង​នឹង​អាកា​រៈលើ​រាង​កាយ​នេះ បើ​តាម​លោកស្រី សូ​នី​តា កុមារ​ដែល​មាន​អារម្មណ៍​តានតឹង អាច​ឧស្សាហ៍​ឈឺក្បាល ឈឺពោះ ឬ​បញ្ហា​ផ្សេង​ដែល​អត់​ជាក់លាក់ ដូច​ជា​ឈឺដៃ ឈឺ​ជើង​ជាដើម ​។

៤. ការ​រៀនសូត្រ ៖ កុមារ​អាច​មិនសូវ​ផ្ចង់អារម្មណ៍​នៅ​ក្នុង​ការ​រៀន អត់​ចង់ទៅ​សាលា លែង​ចាប់អារម្មណ៍​ទៅ​លើ​សកម្មភាព​ផ្សេង​ៗ​នៅ​សាលារៀន ​។

៥. បង្ហាញ​អាកប្បកិរិយា​មិន​ធ្លាប់​មាន ៖ កុមារ​មួយ​ចំនួន​អាច​នឹង​បង្ហាញ​អាកប្បកិរិយា​ដែល​គេ​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក ជា​ឧទាហរណ៍​ដូច​ជា កុមារ​នោម​ដាក់​ពូក តាម​ស្អិត​ជាមួយ​ម្តាយ​ឪពុក មិន​ចង់​ឱ្យទៅ​ធ្វើ​ការងារ​ជាដើម​ ។

៦. សញ្ញា​ដកថយ ៖ កុមារ​ដែល​មាន​អារម្មណ៍​តានតឹង ឬ​ស្ត្រេ​ស ពួក​គេ​តែង​បង្ហាញ​អាកា​រៈចង់​នៅ​តែឯង ស្ងប់ស្ងាត់ អត់​ចង់​នៅ​ជាមួយ​មិត្តភក្តិ អត់​មាន​ចំណាប់អារម្មណ៍​ទៅ​លើ​អ្វី​ទាំងអស់ ពោល​គឺ​ពី​មុន​គាត់​ធ្លាប់​សប្បាយ​ក្នុង​ការ​ចូលរួម តែ​គាត់​បែរជា​ដកថយ​ទាំងអស់ លែង​អារម្មណ៍ នេះ​គឺជា​សញ្ញា​បញ្ជាក់​ថា គាត់​មាន​ភាព​តានតឹង​កើតឡើង ​។

តើ​ឪពុក​ម្តាយ ​អាណាព្យាបាល ត្រូវធ្វើ​ដូច​ម្តេច នៅ​ពេល​មាន​បញ្ហា​នេះ​កើតឡើង​ទៅ​លើ​កូន​ៗ ?
បើ​តាម​អ្នកស្រី អ៊ុ​ក សូ​នី​តា នៅ​ពេល​ឪពុក​ម្តាយ អ្នក​អាណាព្យាបាល សង្កេត​ឃើញ​ថា​កូន​ៗ​មាន​បញ្ហា​នៃ​ភាព​តានតឹង គឺ​អាច​ដោះស្រាយ​តាម​វិធី​ចំនួន​ ៧​ ចំណុច រួម​មាន ​៖

ទី​១) ​ឪពុក​ម្តាយ​ត្រូវធ្វើ​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​ដល់​កូន ដោយ​ឱ្យ​គេ​និយាយ​ពី​បញ្ហា​ដែល​បាន​កើតឡើង ហើយ​ស្តាប់ និង​យល់​ពី​ពួក​គេ ដោយ​មិន​ត្រូវ​ដាក់បន្ទុក ឬ​ឱ្យ​លក្ខខណ្ឌ​ទៅ​កូន​ឡើយ ​។

ទី​២) ទទួលស្គាល់​អារម្មណ៍​របស់​កូន ដោយ​មិន​មានការ​រិះគន់ ពោល​គឺ​ត្រូវ​ស្តាប់​កូន​ដោយ​ការ​យកចិត្តទុកដាក់ ហើយ​ត្រូវ​ផ្តល់​នូវ​ការ​គាំទ្រ​ដល់​ពួក​គេ ដោយ​និយាយ​ពាក្យ​ល្អ​ៗ ​។

ទី​៣) បង្រៀន​កូន​ៗ​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង

ទី​៤) រៀបចំ​កាលវិភាគ​ប្រចាំ​ថ្ងៃ​ឱ្យ​បាន​ជាប់លាប់ ឧទាហរណ៍​ដូច​ជា កូន​ចាប់ផ្តើម​ងើប​ពី​គេង​នៅ​ម៉ោង​៧​ព្រឹក ញ៉ាំ​អាហារ​នៅ​ម៉ោង​៧​កន្លះ ហើយ​ជូន​កូន​ទៅ​រៀន​នៅ​ម៉ោង​៨ ហើយ​ចប់​មក​វិញ​នៅ​១១ ហើយ​ថ្ងៃ​សៅរ៍​អាទិត្យ មាន​ពេលវេលា​សម្រាក លម្ហែកាយ ពោល​គឺ​ត្រូវ​ឱ្យ​មាន​ពេលវេលា​ជាក់លាក់​សម្រាប់​គាត់ ​។

ទី​៥) លើកទឹកចិត្ត​កូន​ៗ​ឱ្យ​ចូលរួម​នៅ​ក្នុង​សកម្មភាព​លំ​ហាត់ប្រាណ ដើម្បី​កាត់​បន្ថយ​ស្ត្រេ​ស ដូច​ជា​លេង​បាល់ លេង​កីឡា ក៏​ដូច​ជា​គូ​រូប​ជាដើម ​។

ទី​៦) ឪពុក​ម្តាយ អាណាព្យាបាល​ត្រូវធ្វើ​ជា​គំរូ​ដល់​កូន​ៗ ឧទាហរណ៍ បើសិនជា​ឪពុក​ម្តាយ​ចង់ឱ្យ​កូន​ៗ​ធ្វើ​លំ​ហាត់ប្រាណ ឬ​ធ្វើ​សមាធិ រៀន​ដកដង្ហើម ទាល់តែ​ឪពុក​ម្តាយ​ធ្វើ​លំ​ហាត់ប្រាណ ឬ​ធ្វើ​សមាធិ​ក​ដែរ ​។

ហើយ​ចំណុច​ទី​៧) ដែល​ជា​ចំណុច​ចុង​ក្រោយ ប្រសិនបើ​ឪពុក​ម្តាយ អាណាព្យាបាល​មើលឃើញ​ថា ករណី​តានតឹង​អារម្មណ៍ ឬ​ស្ត្រេ​ស​របស់​កូន​ៗ​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​មិន​អាច​ដោះស្រាយ​បាន​តាម​រយៈ​ការ​ធ្វើ​លំ​ហាត់ប្រាណ ការ​ធ្វើ​សមាធិ ការ​ដើរ​កម្សាន្ត សូម​ឪពុក​ម្តាយ អាណាព្យាបាល​ស្វែងរក​ជំនួយ​ពី​អ្នក​ដែល​អាច​ជួយ​គាត់​បាន​ដូច​ជា​គ្រូពេទ្យ​ជាដើម​ ។

យ៉ាងណា​ក៏​ដោយ ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ ដើម្បី​ឱ្យ​កូន​ៗ​ចៀស​ផុត​ពី​បញ្ហា​តានតឹង​អារម្មណ៍ បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី អ៊ុ​ក សូ​នី​តា គឺ​ភាព​ជា​គំរូ​របស់​ឪពុក​ម្តាយ ពោល​បើ​ចង់ឱ្យ​កូន​មាន​ភាព​រីករាយ ឪពុក​ម្តាយ​ត្រូវ​តែ​ធ្វើ​ជា​គំរូ​នាំ​ឱ្យ​មាន​ភាព​រីករាយ នៅ​ពេល​ឪពុក​ម្តាយ​មាន​ភាព​រីករាយ នោះ​នឹង​ធ្វើ​ឱ្យ​កូន​ៗ​រីករាយ​ដូច​គ្នា​ដែរ​ ៕ អត្ថបទសហការ