វិស័យអចលនទ្រព្យនៅកម្ពុជា នៅក្នុងឆ្នាំនេះ និងឆ្នាំក្រោយ ប្រហែលជានៅតែបន្តស្ថិតនៅក្នុងស្ថានភាពអាប់អួរដដែល ខណ:ដែលជន្ទុលសំខាន់ៗផ្សេងទៀតនៃសេដ្ឋកិច្ចនឹងងើបឡើងវិញលឿនជាង នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ។ វាត្រូវការចាយពេលបន្ថែមទៀត ទម្រាំវាអាចស្តារឡើងវិញ…
វិស័យអចលនទ្រព្យនៅកម្ពុជា នៅក្នុងឆ្នាំនេះ និងឆ្នាំក្រោយ ប្រហែលជានៅតែបន្តស្ថិតនៅក្នុងស្ថានភាពអាប់អួរដដែល ខណ:ដែលជន្ទុលសំខាន់ៗផ្សេងទៀតនៃសេដ្ឋកិច្ចនឹងងើបឡើងវិញលឿនជាង នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ។
វាត្រូវការចាយពេលបន្ថែមទៀត ទម្រាំវាអាចស្តារឡើងវិញ ដូចនៅក្នុងស្ថានភាពមុនពេលនៃការរីករាលដាលដោយសារតែការមេរោគកូវីដ១៩ ។ មកដល់ពេលនេះ តម្លៃដី តម្លៃផ្ទះ និងតម្លៃខុនដូរសឹងតែគ្រប់គម្រោង ប្រសិនបើចង់លក់ដាច់ គឺមានតែបញ្ចុះតម្លៃ ហើយសំខាន់កន្លែងខ្លះសូម្បីតែបញ្ចុះតម្លៃដល់ទៅ៥០ភាគរយក្រោមទីផ្សារ ហើយក៏ដោយក៏វានៅតែពិបាកលក់ចេញផងដែរ ។
វិស័យនេះ បានរងនូវដំបងធ្ងន់ៗដោយផលនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន ការរីករាលដាលនៃកូវីដ១០ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សង្គ្រាមអ៊ីស្រាអែល និងហ៉ាម៉ាស់នៃប៉ាឡេស្ទីន ហើយនឹងលទ្ធភាពនៃសង្គ្រាមអ៊ីស្រាអែល និងអ៊ីរ៉ង់ ។
នៅក្នុងស្ថានភាពនេះ នៅពេលដែលធ្វើដំណើរទីណា គឺឃើញមានតែសេចក្តីប្រកាសលក់ផ្ទះ លក់ដី ប៉ុន្តែសកម្មភាពនៃការទិញលក់ គឺស្ងប់ស្ងាត់ខ្លាំងរហូតដល់ប្រជាពលរដ្ឋ និងឈ្មួញកណ្តាលមួយចំនួនបានលើកឡើងថា អចលនទ្រព្យកម្ពុជា គឺកំពុងតែស្ថិតនៅក្នុងស្ថានភាពអ្នកលក់ច្រើន តែអ្នកទិញតិចខ្លាំងមែនទែន ។
កន្លែងខ្លះ ដែលគេមិនចង់ទិញ សូម្បីតែបញ្ចុះតម្លៃយ៉ាងណាក៏គេមិនត្រូវការដោយសារពលរដ្ឋទូទៅពិបាករកលុយ ហើយអ្នកដែលមានលុយភាគច្រើន គេអោយលុយទុកមិនធ្វើសកម្មភាព ហើយគេចាំតែស្ទូច តែកន្លែងណាដែលគេត្រូវការកន្លែងដែលគេគិតថា ត្រូវប៉ាន់ ។ នៅក្នុងស្ថានភាពបែបនេះ អ្នកវិភាគខ្លះបានលើកឡើងថា វិស័យអចលនទ្រព្យនៅកម្ពុជាអាចនឹងត្រូវចាយពេលយ៉ាងហោចណាស់ក៏៣ទៅ៥ឆ្នាំទៀតដែរ ទម្រាំអាចវិលមកកាន់ស្ថានភាពដែលមានលក្ខណៈដូចជា នៅក្នុងចុងឆ្នាំ២០១៩ មុនពេលនៃការរីករាលដាលនៃមេរោគកូវីដ១៩ ។
វិស័យអចលនៈទ្រព្យជាវិស័យមូលដ្ឋាននៃកំណើនមួយរបស់កម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវិស័យនេះ ត្រូវការស៊ីពេលច្រើនជាងគេ ។ វិស័យនេះ វានៅរង់ចាំកម្រើកក្រោយគេបង្អស់ ពោល គឺក្រោយវិស័យ សេវាកម្ម ក្រោយទេសចរណ៍ ក្រោយកសិកម្ម ក្រោយឧស្សាហកម្ម ។
តាមការព្យាករណ៍ថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង ៦,0% សម្រាប់ឆ្នាំ ២០២៥ ។ ការព្យាករណ៍បែបនេះ ដោយសារតែការស្ទុះងើបឡើងវិញ នៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុងជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ។
វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្តហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេសកំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជា ។ ជារួម កម្លាំងចលករទាំងនេះ កំពុងនាំមកនូវស្ថានភាពល្អប្រសើរសម្រាប់ឆ្នាំ២០២៤ ព្រមទាំងពង្រឹងមូលដ្ឋានសម្រាប់កំណើន រឹងមាំនៅឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ទៀត ប៉ុន្តែរបាយការណ៍នេះអត់រំពឹងទុកទេនៅលើវិស័យអចលនទ្រព្យ ។
របាយការណ៍នេះ គូសបញ្ជាក់ថា កំណើននៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរបានងើបឡើងវិញ ប្រមាណ១៦,៩% ឆ្នាំលើឆ្នាំក្នុងឆមាសទី១ ឆ្នាំ ២០២៤ បន្ទាប់ពីបានធ្លាក់ចុះ១៨,៦% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ។ កំណើនការនាំចេញផលិតផលកមន្តសាលដទៃទៀត បានថយមកត្រឹម១,៣% ឆ្នាំលើឆ្នាំ នៅក្នុងឆមាសទី១ ពី២១,២% ដែលសម្រេចបានក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ ។
ការនាំចូលសម្ភារៈ និងឧបករណ៍សំណង់បានកើនឡើង២៣,៣% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ប៉ុន្តែមូលហេតុមិនមែនដោយសារតែកម្រើកដោយអចលនទ្រព្យឡើយ គឺដោយសារសំណង់ជំរុញដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈប៉ុណ្ណោះ ។ វិស័យកសិកម្មត្រូវបានព្យាករថា នឹងកើនឡើង១,២% ក្នុងឆ្នាំ២០២៤ និង១,៣% ក្នុងឆ្នាំ ២០២៥ ។ វិស័យសេវាកម្មត្រូវបានព្យាករថា នឹងកើនឡើង៥,៤% នៅឆ្នាំ២០២៤ មុនថយមកកម្រិត៥,២% នៅឆ្នាំ២០២៥ ។ ការព្យាករនេះ ត្រូវបានគាំទ្រដោយការកើនឡើង ២២,៧% ឆ្នាំលើឆ្នាំនៃការមកដល់របស់ភ្ញៀវទេសចរក្នុងឆមាសទី១ ឆ្នាំ២០២៤ ។
លំហូរវិនិយោគពីបរទេសបានបន្តកើតមាន បើទោះជាបានថយបន្តិចមកត្រឹម២ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៤ ពី២,១ពាន់លានដុល្លារក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន ។ លំហូរវិនិយោគនេះត្រូវបានគាំទ្រ ដោយកំណើនទុនទៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ ខណៈពេលដែលលំហូរវិនិយោគទៅក្នុងវិស័យហិរញ្ញវត្ថុ មានការថយចុះគួរឲ្យកត់សម្គាល់ ទំនងជាដោយសារប្រាក់ចំណេញទាបនៃវិស័យធនាគារ ។
ហានិភ័យដែលអាចកើតមានសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានេះ រួមមានកំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុកក្នុងប្រទេសធំៗដូចជា សាធារណរដ្ឋប្រជាមានិតចិន អឺរ៉ុប និងសហរដ្ឋអាមេរិក បំណុលឯកជនខ្ពស់ការប្រែប្រួលថ្លៃប្រេងឥន្ធនៈសកល និងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារអាកាសធាតុអាក្រក់ ។ ទីផ្សារអចលនទ្រព្យ ត្រូវការពេលសមស្រប ដើម្បីងើបឡើងវិញបន្ទាប់ពីប៉ះទង្គិចខ្លាំងហើយធ្ងន់ដូចសព្វថ្ងៃ ។ តាមបទពិសោធន៍បញ្ហាវិស័យអចលនទ្រព្យកម្រើកម្តងៗ ក្រោយពេលត្រូវព្រនង់ គឺចាយពេលពី៣ទៅ៥ឆ្នាំ ជាក់ស្តែងបញ្ហាអចលនទ្រព្យនៅកម្ពុជា ដែលស្រុតចុះ កាលពីឆ្នាំ២០០៨ គឺអូសបន្លាយដល់ឆ្នាំ២០១២ទើបងើបឡើងវិញ ។
ក្រៅពីកម្ពុជា នៅហុងកុង និងតំបន់ដែលជួបបញ្ហាវិបត្តិសេដ្ឋកិច្ច នៅឆ្នាំ១៩៩៧ អូសបន្លាយដល់ឆ្នាំ២០០២ ទើបស្ថានភាពប្រសើរឡើងវិញដែរ ។ នៅពេលនេះមិនថា តែនៅកម្ពុជានោះទេ នៅវៀតណាម នៅថៃ នៅហុងកុង នៅចិន សហរដ្ឋអាមេរិក គឺសុទ្ធតែមានបញ្ហាទាំងអស់ ខណៈដែលការផ្គត់ផ្គង់មានច្រើន តែតម្រូវការមានតិច ដែលនាំឲ្យគម្រោងអចលនទ្រព្យចាល់នៅលើទីផ្សារ ហើយផ្អែកតាមស្ថានភាពនេះ វិស័យអចលនទ្រព្យនៅកម្ពុជាអាចនឹងត្រូវការចាយពេលយ៉ាងហោចណាស់ ដល់ឆ្នាំ២០២៨ ឬយូរជាងនេះទើបអាចស្តារមកវិញត្រឹមមុនពេលនៃការរីករាលដាលនៃកូវីដ១៩ ៕
ចែករំលែកព័តមាននេះ