ខេត្តស្វាយរៀង ៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង យីហោ KTVBWOW ដែលបង្កប់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្រុងបាវិត ដោយចាប់ខ្លួនជនជាតិវៀតណាម០៩នាក់ និងដកហូតគ្រឿងញៀន បានជាង២គីឡូក្រាម ។
ការបង្រាបនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ដូរ៉ា អង្គប្រទាន និងកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
បើតាមសមត្ថកិច្ចនគបាលខេត្ត លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការងទទួលបន្ទុកផែនប្រឆាំងការជួញដូគ្រឿងញៀនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងនៅរសៀលថ្ងៃទី៥ ខែតុលា ២០២៤ ថា កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំ ដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចហាងខារ៉ាអូខេ យីហោ KTVBWOW ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
កម្លាំងជំនាញបានចាប់ខ្លួន ជនសង្ស័យជនជាតិវៀតណាម ចំនួន០៩នាក់ ដកហូត និងចាប់យកសម្ភារវត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន ៖ ថ្នាំញៀនប្រភេទកេតាមីនទម្ងន់១១០៧.១៦ក្រាម, ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ីទម្ងន់ ១២៥២.១២ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៥.១៣ក្រាម សរុបសារធាតុញៀនទម្ងន់២៣៦៤.៤១ក្រាម (២គីឡូ៣៦៤.៤១ក្រាម), ទូរសព្ទដៃ០៩គ្រឿង, ម៉ូតូ០៣គ្រឿង, លិខិតឆ្លងដែន០៦ក្បាល, អត្តសញ្ញាណប័ណ្ណជនជាតិវៀតណាម ០៥សន្លឹក ព្រមទាំងឧបករណ៍សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់ ៕
ចែករំលែកព័តមាននេះ