ប្រទេសឥណ្ឌា ៖ បុគ្គលិកក្រុមហ៊ុនសាងសង់ផ្លូវម្នាក់ ដែលស្ថិតក្នុងផ្នែកមួយនៃគម្រោងផ្លូវល្បឿនលឿនដេលី-ម៉ុមបៃរបស់ប្រទេសឥណ្ឌា (Delhi-Mumbai Expressway) ត្រូវបានបណ្តេញចេញពីការងារ ក្រោយនិយាយថា សត្វកណ្តុរគឺជាដើមហេតុនាំឱ្យកើតមានជង្ហុកដ៏ធំមួយនៅកណ្តាលផ្លូវត្រង់ចំណុចទីក្រុងដុលសា (Dausa) នៅក្នុងរដ្ឋរ៉ាចាស្ថាន (Rajasthan) ភាគពាយ័ព្យប្រទេសឥណ្ឌា។
យោងតាមប្រភពពីសារព័ត៌មាន India Today កាលពីសប្តាហ៍មុនបានឱ្យដឹងថា បុគ្គលិកដែលត្រូវបណ្តេញពីការងារខាងលើ ដើមឡើយត្រូវបានអះអាងថា គឺជាអ្នកគ្រប់គ្រងផ្នែកថែទាំផ្លូវរបស់ក្រុមហ៊ុន KCC Buildcon។ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ពីរឿងនេះក្នុងលិខិតមួយទៅកាន់អាជ្ញាធរផ្លូវជាតិឥណ្ឌាថា ការលើកឡើងដ៏ហួសចិត្តដោយបុគ្គលិកវ័យក្មេងម្នាក់ ដែលគ្មានការយល់ដឹងអំពីបច្ចេកទេសទាក់ទងនឹងគម្រោងនេះឡើយ ហើយបានបញ្ជាក់ថា បុគ្គលិករូបនោះត្រូវបានបញ្ឈប់ពីការងារហើយ។ ក្រុមហ៊ុនបានបញ្ជាក់ក្នុងលិខិតមួយថា «បុគ្គលិករូបនោះមិនមែនជាអ្នកគ្រប់គ្រងផ្នែកថែទាំផ្លូវនោះទេ ហើយការអះអាងរបស់បុគ្គលរូបនោះ គឺមិនផ្អែកលើការយល់ដឹងផ្នែកបច្ចេកទេសឡើយ»។
គួររំលឹកថា មុនត្រូវបានបណ្តេញពីការងារ បុគ្គលិករូបនោះបានប្រាប់សារព័ត៌មាន India Today ថា ជង្ហុកដ៏ធំនៅកណ្តាលផ្លូវទំនងមកពីសត្វកណ្ដុរ ឬសត្វតូចៗមួយចំនួនផ្សេងទៀតបានកាយរន្ធ ហើយក្រោយមកធ្វើឱ្យទឹកជ្រាបចូល។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ បើតាមលោក បាវវី យ៉ាដាវ (Balveer Yadav) ដែលជាប្រធានគម្រោងផ្លូវល្បឿនលឿនទីក្រុងដូវសាបានអះអាងថា ការកើតមានជង្ហុកដ៏ធំកណ្តាលផ្លូវ ដោយសារតែទឹកហូរច្រោះដី មិនមែនដោយសារមកពីសត្វកណ្តុរនោះទេ។ លោកបន្តថា ពេលដែលអ្នកម៉ៅការទទួលបានព័ត៌មានពីបញ្ហានោះ គាត់បានចុះទៅបិទតំបន់នោះភ្លាម ហើយជង្ហុកនោះត្រូវបានជួសជុលរួចហើយ។
ផ្លូវល្បឿនលឿនដេលី-ម៉ុមបៃមានប្រវែង ១,៣៨៦គីឡូម៉ែត្រ គឺជាផ្លូវល្បឿនលឿនបំផុតរបស់ប្រទេសឥណ្ឌា ដែលត្រូវបានសាងសង់ឡើង ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងពីរពី២៤ម៉ោង មកនៅត្រឹម១២ទៅ១៣ម៉ោងប៉ុណ្ណោះ។ ផ្លូវល្បឿនលឿននេះឆ្លងកាត់រដ្ឋជាច្រើន រួមមាន ហារីយ៉ាណា (Haryana), រ៉ាចាស្ថាន (Rajasthan), ម៉ាដយ៉ា ប្រាដេស (Madhya Pradesh), ហ្គូចារ៉ាត (Gujarat) និងរដ្ឋម៉ាហារ៉ាស្ត្រា (Maharashtra)។
លោក នីទីន ហ្គាដការី (Nitin Gadkari) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនផ្លូវគោក និងផ្លូវហាយវេប្រទេសឥណ្ឌាបានធ្វើបច្ចុប្បន្នភាព កាលពីខែកក្កដាកន្លងទៅ ថា ៨០%នៃគម្រោងត្រូវបានបញ្ចប់ហើយ ដោយយ៉ាងហោចណាស់ត្រូវការរយៈពេល១ឆ្នាំបន្ថែមទៀត សម្រាប់ការបញ្ចប់ពេញលេញនៃផ្លូវល្បឿនលឿនដេលី-ម៉ុមបៃ៕ (ប្រភព ៖ India Today)
ចែករំលែកព័តមាននេះ