រាជធានីភ្នំពេញ ៖ ទីបំផុត តារាសម្តែងអ្នកនាង វ៉ាង ស្រីណូ បានសម្រាលកូនប្រកបដោយជោគជ័យហើយកាលពីពេលថ្មីៗ ខណៈពេលការទទួលបានចំណងដៃដ៏ធំមួយនេះ ត្រូវបានចាត់ទុកជាការជម្នះពីការរិះគន់របស់មហាជនដែលថា នាងមានកូនអត់ស្វាមី ។
ជាមួយរូបភាពនៅលើគ្រែជាមួយកូន នៅក្នុងមន្ទីរពេទ្យឯកជនមួយ ដែលបង្ហោះលើបណ្តាញសង្គម វ៉ាង ស្រីណូ បានភ្ជាប់ជាមួយនឹងសំណេរថា «ជំរាបសួរអុំពូមីងហ្វែនអូនទាំងអស់ អូនសម្រាលដោយសុវត្ថិភាពនឹងបានមកដល់ផ្ទះដ៏កក់ក្តៅរបស់អូនហើយ ម៉ាក់ៗអូនរវល់ជាមួយអូនណាស់ អត់បានផុសរូបអោយឃើញទើបតែបានផុស អុំពូមីងចាំមើលមុខអូនច្រើនណាស់ អរគុណអុំពូមីងសំរាប់រាល់ខមិនជូនពរអូនទាំងអស់ ។
យ៉ាងណា ការសម្រាលកូនលើកដំបូងរបស់ អ្នកនាង វ៉ាង ស្រីណូ នាពេលនេះ គេឃើញមានមិត្តភក្តិ បងប្អូនរបស់នាងជាបន្តបន្ទាប់ បានចូលទៅខំមិនដោយនាំគ្នាចូលរួមអបអរទៅកាន់រូបនាងផងដែរ ។
ជាការកត់សម្គាល់ នៅមុនពេលសម្រាលនាពេលនេះ តារាសម្តែងនាង វ៉ាង ស្រីណូ បានសារភាពថា កូននៅក្នុងផ្ទៃរបស់នាង គឺកើតឡើងដោយសារការចាក់មេជីវិត ដោយនាងមិនមានស្វាមីអ្វីនោះឡើយ ។
ការលើកបញ្ជាក់ពីតារាស្រីរូបនេះធ្វើឡើង បន្ទាប់ពីមហាជនមួយចំនួនបានជជីកពីការមានកូនរបស់នាងកើតឡើងដោយរៀបណា ក្នុងពេលដែលនាងមិនមានស្វាមី ខណៈពេលមានអ្នកខ្លះយល់ថា ការមានផ្ទៃពោះរបស់នាងគ្រាន់ជាការលេងសើច ។
ក្នុងសំណេរដែលបានលើកឡើងបង្ហោះតាមបណ្តាញសង្គម វ៉ាង ស្រីណូ បានលើកឡើងថា សូមអគុណបងប្អូនដែលបានខមិនអបអរសាទរព្រមទាំងជូនពរខ្ញុំនិងកូន ។
នាងបញ្ជាក់ថា មានអ្នកខមិនច្រើនណាស់សួរថា ខ្ញុំមានផ្ទៃពោះមែន ឬក៏លែង? នៅមានអ្នកខ្លះមិនទាន់ជឿ ហើយអ្នកខ្លះសួរថា ទំងន់តាមណាបើអត់មានប្តីផង ? អ្នកខ្លះសួរថា ទំនង់ហើយ មិចមិនដែលឃើញខ្ញុំបង្ហាញមុខប្តី ,,,? តើកូនក្នុងផ្ទៃប្រុសរឺស្រី ?
ចម្លើយ គឺនាងខ្ញុំមានផ្ទៃពោះមែន , ខ្ញុំអត់មានប្តីទេ ខ្ញុំនៅតែជាស៊ីងហ្គលដដែល អីឡូវខ្ញុំជា ស៊ីងហ្គលមាំមី ដូចខ្ញុំបានប្រាប់ចឹង! ។
នាងថា ខ្ញុំយកកូនតាមបែបវិទ្យាសាស្ត្រ (ចាក់មេជីវិត) ! ពេលនេះ អាយុផ្ទៃពោះ8ខែហើយ ! ចាប់
ផ្តើមតាំងគរ៌ពីខែមករាមក តែខ្ញុំមានសំណាងពពោះកូននេះមិនចាញ់ សុខភាពរឹងមាំ ខ្ញុំធ្វើដំណើរ ហោះហើរបានគ្រប់ប្រទេស ទាំងអាស៊ី អឺរ៉ុប អាមេរិច ។
នាងបន្ថែមថា ពេលមានផ្ទៃពោះ ខ្ញុំមានរីករាយ មិនបាក់ទឹកចិត្តដូចម្តាយពពោះមួយចំនួន ។ ខ្ញុំធ្វើការបានធម្មតា ឡាយលក់ធម្មតា បងប្អូនដែលមើលឡាយខ្ញុំទាំងអស់មើលមិនដឹងថា ខ្ញុំមានទំងន់ផង ! ។
វ៉ាង ស្រីណូ បញ្ជាក់ថា កូនក្នុងផ្ទៃ ជាកូនស្រី ! និងត្រូវសំរាលខែ09 ខាងមុខនេះ ! ដូចគំរោងដែលខ្ញុំធ្លាប់ប្រាប់ក្នុងសារពត៍មាន កាល3ឆ្នាំមុនថា ចង់បានកូនស្រីឆ្នាំរោង អីឡូវ បានសំរេចហើយ !
បើតាមអ្នកនាង វ៉ាង ស្រីណូ គ្រប់យ៉ាង គឺខ្ញុំមិនបានលាក់បាំង ឬកុហក់ឡើយ ខ្ញុំធ្លាប់បានប្រកាសពីគោលជំហរ និងបំណងប្រាថ្នា ខ្ញុំដល់បងប្អូនទាំងអស់មុនហើយ ! មានតែបងប្អូនខ្លះមិនបានចាំ ឬមិនចាប់អារម្មណ៍ តែហ្វែនអ្នកគំទ្ររខ្ញុំមួយចំនួនគាត់ចាំច្បាស់ !
នាងថា ខ្ញុំជាមនុស្សចូលចិត្តធ្វើអីបើកចំហរ មានទំនួលខុសត្រូវ និងជាមនុស្សវិជ្ជមាន! រឿងប្តី ខ្ញុំមិនដែលគិតថា ចង់បាន ហើយក៏ប្រាប់បងប្អូនតាមការពិតមិនលាក់បាំង អីឡូវខ្ញុំធ្វើអោយបងប្អូនឃើញហើយថា វាពិតមែនដូចអ្វីដែលខ្ញុំនិយាយ! ខ្ញុំជាមនុស្សម្ចាស់ការលើខ្លួនអែង ! ខ្ញុំមានក្តីសុខនឹងប្រើជីវិតឯករាជ្យបែបនេះ ព្រោះនេះជាសម័យស្ត្រីខ្លាំង ! ហើយសូមខ្ញុំលើកទឹកចិត្តដល់បងប្អូនស្ត្រីខ្មែរទាំងអស់អោយចេះផ្តល់តំលៃអោយខ្លួនអែង និងរឹងមាំឡើងកុំទន់ជ្រាយ រឿងអ្វីក៏ស្ត្រីអាចធ្វើបានដែរ ត្រូវជឿជាក់លើសមត្ថភាពរបស់ខ្លួន! កុំបាក់ទឹកចិត្ត ៕
ចែករំលែកព័តមាននេះ