ត្មាតភ្លើង ឫស្តេចត្មាតមួយគូរ ត្រូវបានគេប្រទះឃើញនៅភូមិសាស្ត្រភូមិស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ នេះបើតាមការបញ្ជាក់របស់អង្គការជីវិតធម្មជាតិនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ ។
អង្គការនេះ បានអះអាងថា ការបង្ហាញខ្លួនសត្វត្មាតដ៏ស្រស់ស្អាត១គូរនេះ បានលើកទឹកចិត្តជាខ្លាំងដល់ក្រុមការងារអភិរក្ស ខណៈដែលសត្វនេះ គឺជាបក្សីកម្រមួយប្រភេទ ។
អង្គការនេះ បានបន្ថែមថា តាមលទ្ធផលជំរឿនឆ្នាំ២០២៣ កម្ពុជា មានវត្តមានត្មាត ៣ប្រភេទ គឺត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង សរុបចំនួន១៣២ក្បាល ។
សត្វត្មាតភ្លើង មានចំនួនតិចជាងគេ ពោលគឺក្នុងចំណោម១៣២ក្បាល គឺមានសត្វត្មាតភ្លើងតែ១៤ក្បាលតែប៉ុណ្ណោះ។ ហេតុនេះ ការកត់ត្រាបានសត្វត្មាតភ្លើង ចំនួន២ក្បាល ក្នុងដែនជម្រកសត្វព្រៃលំផាត់នេះ គឺមានសារៈសំខាន់ណាស់ និងជាសញ្ញានៃសេចក្តីសង្ឃឹមរបស់ក្រុមការងារអភិរក្ស ។
ត្មាតភ្លើង ជាបក្សីមួយប្រភេទ មានដងខ្លួនពណ៌ខ្មៅ ក្បាលត្រងោល និងជើងក្រហម ភ្លៅមានរោមពណ៌ស និងមានឆ្នូត.ស តាមបណ្ដោយកណ្ដាលស្លាប។
បក្សីប្រភេទនេះ ជាទូទៅរស់នៅតំបន់ព្រៃលំហរ ព្រៃរបោះ ហើយស៊ីសា.កស.ពសត្វជាអាហារ។ ត្មាតភ្លើងច្រើនបង្ហាញខ្លួននៅក្នុងភូមិសាស្ត្រខេត្ត៤ គឺខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី និងខេត្តរតនៈគីរី ហើយវាច្រើនបន្តពូជ ចាប់ពីខែតុលា ដល់ខែមេសា។
ត្មាតភ្លើង គឺជាបក្សីដែលមានភាពឆ្លាតវៃ ហើយពពួកសត្វត្មាតឯទៀត ពុំសូវហ៊ានប្រឈមត.ទល់នឹងវាឡើយ រីឯពេលវាស៊ីចំណី ក៏វាពុំដែលចុះមកដណ្តើមគេស៊ីពីគ្រាដំបូងដែរ វាច្រើនតែទុកពេលអោយត្មាតផ្សេងៗទៀតស៊ីមួយសន្ទុះសិន ទើបវាចុះមកស៊ីតាមក្រោយ ។
សត្វបក្សីប្រភេទនេះ អាចមានទម្ងន់ ចន្លោះពី៣,៥០ គ.ក្រ ដល់៦,៣០គ.ក្រ វាមានបណ្តោយដងខ្លួន ប្រមាណ០,៧៦ម ដល់ ០,៨៦ម និងមានប្រវែងពីចុងស្លាបម្ខាងទៅដល់ ចុងស្លាបម្ខាងទៀត២ម.ដល់២,៦០ម នៅពេលវាលាតសន្ធឹងស្លាបហើរ និងមានកម្ពស់របស់វាប្រមាណជា០,៦០ម ទៅ០,៧០ម ប៉ុណ្ណោះ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ