រាជធានីភ្នំពេញ ៖ ចាប់តាំងពីសម័យរជ្ជកាលថាងមក ទីក្រុងក្វាងចូវនៃខេត្តក្វាងតុង គឺជាកំពង់ផែរបស់ប្រទេសចិន ដែលមានឈ្មោះល្បីល្បាញលើពិភពលោក ។ ពាណិជ្ជករបរទេសមួយចំនួនធំបានធ្វើដំណើរមកទីនេះតាមផ្លូវសូត្រសមុទ្រ ហើយគន្លងប្រវត្តិសាស្ត្រនៃពាណិជ្ជកម្មចិន និងបរទេសបានប្រសព្វគ្នានៅទីនេះ ។
ក្រោយពីប្រទេសចិនថ្មីត្រូវបានបង្កើតឡើងរៀងមក ខេត្តក្វាងតុង បានដើរតួនាទីជា «ច្រកពាណិជ្ជកម្ម» របស់ប្រទេសចិន ។ ដើម្បីទទួលបានរូបិយបណ្ណបរទេស និងបំពេញតម្រូវការបន្ទាន់ក្នុងការនាំចូលសម្ភារជាច្រើនប្រភេទ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដោយទ្រង់ទ្រាយធំ របស់ប្រទេសចិន ចាប់ពីខែតុលា ឆ្នាំ ១៩៥៥ ដល់ខែឧសភា ឆ្នាំ ១៩៥៦ ប្រព័ន្ធពាណិជ្ជកម្មជាមួយបរទេសរបស់ខេត្តក្វាងតុងបានរៀបចំកិច្ចប្រជុំផ្លាស់ប្តូរស្តីពីសម្ភារនាំចេញ ៣ លើក ដោយអាស្រ័យលើឧត្តមភាព នៃទីតាំងភូមិសាស្ត្ររបស់ខ្លួន ដែលស្ថិតនៅជាប់នឹងតំបន់ហុងកុង និងម៉ាកាវ ។ ក្រោមបរិការណ៍នេះ អតីតក្រសួងពាណិជ្ជកម្មជាមួយបរទេស និងអ្នកពាក់ព័ន្ធមកពីខេត្តក្វាងតុងគ្រោងនឹងរៀបចំពិព័រណ៍ទំនិញ នាំចេញថ្នាក់ជាតិនៅទីក្រុងក្វាងចូវ ។
កាលពីថ្ងៃទី ២៥ ខែមេសា ដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ១៩៥៧ ពិព័រណ៍ទំនិញនាំចេញនាំចូលចិនCanton Fair)លើកទី ១ ត្រូវបានប្រារព្ធឡើងជាផ្លូវការ ដែលមានតំបន់តាំងពិព័រណ៍ទំហំ ៩៦០០ ម៉ែត្រការ៉េ និងមានផលិតផល ១០,៩ ពាន់ប្រភេទត្រូវបានដាក់តាំងបង្ហាញក្នុងពិព័រណ៍នេះ ។
ពាណិជ្ជករបញ្ជាទិញចំនួន ១២២៣ នាក់ ដែលមកពីប្រទេស និងតំបន់ចំនួន ១៩ បានចូលរួមក្នុងពិព័រណ៍ និងបានសម្រេចនូវពាណិជ្ជកម្មនាំចេញទំហំ ១៧,៥៤ លានដុល្លារអាមេរិក ។ បច្ចុប្បន្ននេះ ពិព័រណ៍ទំនិញនាំចេញនាំចូលចិន បានក្លាយជាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិចម្រុះ ដែលមានប្រវត្តិសាស្ត្រយូរលង់ជាងគេ និងមានទ្រង់ទ្រាយធំបំផុតរបស់ប្រទេសចិន ហើយត្រូវបានគេប្រសិទ្ធនាមថាជា «ពិព័រណ៍លេខ ១ របស់ប្រទេសចិន» ។
គិតត្រឹមឆមាសទីមួយនៃឆ្នាំ ២០២៤ ព្រឹត្តិការណ៍ដ៏ធំនេះត្រូវបានរៀបចំធ្វើចំនួន ១៣៥ លើក ហើយបានបង្កើតឡើងនូវទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេស និងតំបន់ចំនួន ២២៩ លើពិភពលោក ដែលបានសម្រេចនូវទំហំពាណិជ្ជកម្មនាំចេញប្រមាណ ១,៥ ទ្រីលានដុល្លារអាមេរិក និងមានពាណិជ្ជករបរទេសជាង ៩,៣ លាននាក់ធ្លាប់បានចូលរួមក្នុងពិព័រណ៍នេះ ។ ពិព័រណ៍នេះបានរួមចំណែកយ៉ាងច្រើនក្នុងការបង្កើនការផ្លាស់ប្តូរផ្នែកពាណិជ្ជកម្ម និងការពង្រឹងចំណងមិត្តភាពរវាងប្រទេសចិន និងបណ្តាប្រទេស និងតំបន់នានាលើពិភពលោក ។
នៅឆ្នាំ ២០១៥ តំបន់សាកល្បងពាណិជ្ជកម្មសេរីចិន (ក្វាងតុង) ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងសិនជិន ហើយជាតំបន់មួយក្នុងចំណោមតំបន់ពាណិជ្ជកម្មសេរីក្រុមទី ២ ដែលទទួលបានការអនុម័តពីរដ្ឋាភិបាលចិន ។ លោក Johannes Jozef Bults សហគ្រិនជនជាតិហូឡង់ ដែលបានរស់នៅយ៉ាងយូរក្នុងតំបន់ពាណិជ្ជកម្មសេរីស៊ឺខូវ ឈីនហៃ ក្រុងសិនជិន បាននិយាយថា ជាមួយនឹងការបង្កើតតំបន់ សាកល្បងពាណិជ្ជកម្មសេរីនេះ លោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរនៃបរិយាកាសពាណិជ្ជកម្ម នៅពេលធ្វើពាណិជ្ជកម្មនាំចេញនាំចូល ។
លោកបានបញ្ជាក់ថា «ចាប់តាំងពីការចុះបញ្ជីពាណិជ្ជកម្ម ដើម្បីបង្កើតក្រុមហ៊ុនរហូតដល់ការធ្វើអាជីវកម្ម ស្ថាប័នរដ្ឋាភិបាលបានផ្តល់ការគាំទ្រលើគ្រប់វិស័យ ដែលក៏បាននាំមកនូវភាពងាយស្រួលយ៉ាងច្រើនដល់សហគ្រិនដែរ» ។
លោក គូ ឈីងយ៉ាង សាស្ត្រាចារ្យរងនៅវិទ្យាស្ថាន Lee Kuan Yew School of Public Policy នៃសាកលវិទ្យាល័យជាតិសឹង្ហបុរី បានបញ្ជាក់ថា សព្វថ្ងៃ ប្រទេសចិនកំពុងស្ថិតក្នុងដំណាក់កាលគន្លឹះនៃការអភិវឌ្ឍ ហើយលោកសង្ឃឹមថា ខេត្តក្វាងតុងនឹងបន្តផ្សព្វផ្សាយ និងអនុវត្តទៅតាមស្មារតីតស៊ូព្យាយាមរបស់អ្នកត្រួសត្រាយ ដែលប្រកបដោយក្តីក្លាហាន ខិតខំប្រឹងប្រែងដើម្បីស្វែងរកផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់សម្រាប់ប្រទេសចិន ។
ចាប់តាំងពីឆ្នាំ ២០២៤ មក «ផលិតភាពគុណភាពថ្មី» បានក្លាយជាពាក្យដែលតែងតែប្រើប្រាស់សម្រាប់ការរៀបចំផែនការអភិវឌ្ឍន៍ ក្នុងវិស័យផ្សេងៗនៅតំបន់នានា ក្នុងខេត្តក្វាងតុង ។ ខេត្តក្វាងតុងនឹងប្រកាន់ខ្ជាប់ នូវការចាត់ទុកសេដ្ឋកិច្ចជាក់ស្តែងជាគោល និងចាត់ទុកឧស្សាហកម្មផលិតកម្មជាមូលដ្ឋានគ្រឹះ កសាងប្រព័ន្ធឧស្សាហកម្មទំនើប ដែលកាន់តែមានសមត្ថភាពប្រកួតប្រជែងអន្តរជាតិ និងពន្លឿនការបង្កើតផលិតភាពគុណភាពថ្មី ។ ទន្ទឹមនឹងនេះដែរ ក្វាងតុង ក៏នឹងផ្តោតលើការកសាងតំបន់ឈូងសមុទ្រ ក្វាងតុង-ហុងកុង-ម៉ាកាវ បន្តខិតខំប្រឹងប្រែងដើម្បីជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ លើកកម្ពស់កម្រិតថ្នាក់នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបរទេស បង្កើនល្បឿននៃការវិនិយោគឧស្សាហកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសមុទ្រជាដើម ព្រមទាំងធ្វើឱ្យកាន់តែប្រសើរឡើង នូវច្រកទំនាក់ទំនងអន្តរជាតិ ទាំងលើផ្លូវសមុទ្រ ផ្លូវគោក និងផ្លូវអាកាស ហើយជំរុញការបើកទូលាយតំបន់ឈូងសមុទ្រលើវិស័យច្បាប់ បទប្បញ្ញត្តិ ការគ្រប់គ្រង និងស្តង់ដារឱ្យដើរតួនាទីនាំមុខគេ ។
ស្មារតីនៃការបើកចំហតាមផ្លូវសូត្រសមុទ្រ បន្តឈានទៅមុខឥតឈប់ឈរ ។ បច្ចុប្បន្ននេះ ក្វាងតុងបានក្លាយទៅជាគំរូដ៏ល្អនៃការធ្វើកំណែទម្រង់ និងបើកចំហរបស់ប្រទេសចិន និងជាច្រកបង្អួចសម្រាប់ពិភពលោកស្វែងយល់ និងចូលទៅក្នុងប្រទេសចិន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ