ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Taylor Swift បុគ្គល​ដ៏​មាន​ឥទ្ធិពល​លើ​ពិភព លោក ប្រកាស​បោះ​ឆ្នោត​ឱ្យ​លោកស្រី ហារី​ស

1 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ កំពូល​តារាចម្រៀង ថេ​ល័​រ ស្វី​ហ្វ (Taylor Swift) បាន​ប្រកាស​នៅ​លើ​គណនី Instagram របស់​ខ្លួន…

សហរដ្ឋអាមេរិក ៖ កំពូល​តារាចម្រៀង ថេ​ល័​រ ស្វី​ហ្វ (Taylor Swift) បាន​ប្រកាស​នៅ​លើ​គណនី Instagram របស់​ខ្លួន ដើម្បី​គាំទ្រ​លោកស្រី កា​ម៉ា​ឡា ហារី​ស (Kamala Harris) ក្លាយជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។

ប្រភព​ពី​សារព័ត៌មាន​ធំ​ៗ​នៅ​លើ​ពិភពលោក រួម​ទាំង AFP និង CNN កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ ២០២៤ បានឱ្យ​ដឹង​ថា កញ្ញា ថេ​ល័​រ ស្វី​ហ្វ តារាចម្រៀង​អា​មេ​រិ​ក​ដ៏​ល្បី​លំដាប់​ពិភពលោក​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង​បាន​លើក​ឡើង​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​នយោបាយ​របស់​សហរដ្ឋអាមេរិក តាម​រយៈ​ការ​បញ្ចេញ​សារ​គាំទ្រ​លោកស្រី កា​ម៉ា​ឡា ហារី​ស សម្រាប់​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​។ នាង​ថែម​ទាំង​បាន​ហៅ​លោកស្រី ហារី​ស បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ថា «​មេដឹកនាំ​ដែល​មាន​អំណោយទាន​»​។

កញ្ញា ថេ​ល័​រ ស្វី​ហ្វ ដែល​ស្ថិត​ក្នុង​ចំណោម​បុគ្គល​ដ៏​មាន​ឥទ្ធិពល​របស់​ពិភពលោក បាន​បង្ហោះ​សារ​លើ​គណនី Instagram របស់​ខ្លួន​ថា «​ខ្ញុំ​នឹង​បោះ​ឆ្នោត​ឱ្យ​លោកស្រី កា​ម៉ា​ឡា ហារី​ស និង​លោក ធី​ម វ៉​ល (Tim Walz ដែល​ជា​បេក្ខភាព​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​) ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២៤»​។

តារាចម្រៀង​វ័យ​៣៤​ឆ្នាំ​រូប​នេះ​បន្ថែម​ថា «​ខ្ញុំ​បោះ​ឆ្នោត​ឱ្យ​លោកស្រី កា​ម៉ា​ឡា ហារី​ស ព្រោះតែ​លោកស្រី​ប្រយុទ្ធ​ដើម្បី​សិទ្ធិ និង​ជាមួយនឹង​មូលហេតុ​ដែល​ខ្ញុំ​ជឿ​ថា​ត្រូវការ​អ្នក​ចម្បាំង​ដើម្បី​ដណ្តើម​ជើងឯក​។ ខ្ញុំ​គិត​ថា លោកស្រី​គឺជា​អ្នកដឹកនាំ​ដែល​រឹង​មាំ និង​មាន​អំណោយទាន ហើយ​ខ្ញុំ​ជឿ​ថា យើង​អាច​សម្រេច​បាន​រឿង​ជា​ច្រើន​ទៀត​នៅ​ក្នុង​ប្រទេស​មួយ​នេះ ប្រសិនបើ​យើង​ត្រូវ​បាន​ដឹកនាំ​ដោយ​ភាព​ស្ងប់ស្ងាត់ និង​គ្មាន​ភាព​វឹកវរ​»​។

ការ​បង្ហោះ​សារ​គាំទ្រ​ដ៏​ភ្ញាក់ផ្អើល​នេះ ត្រូវ​បាន​មើលឃើញ​ថា គឺជា​ការ​រួមចំណែក​ដ៏​ធំ​មួយ​ផង​ដែរ សម្រាប់​ការ​ប្រជែង​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​របស់​លោកស្រី កា​ម៉ា​ឡា ហារី​ស ដោយសារ​តែ ថេ​ល័​រ ស្វី​ហ្វ ដូចដែល​គ្រប់​គ្នា​បានដឹង​ស្រាប់​ហើយ​ថា គឺជា​បុគ្គល​ដ៏​មាន​ឥទ្ធិពល​មួយ​រូប ដែល​មាន​អ្នកគាំទ្រ​រាប់រយ​លាន​នាក់ នៅ​លើ​ពិភពលោក​។ តួយ៉ាង តារាចម្រៀង​ម្ចាស់​បទ «Shake It Off» រូប​នេះ បច្ចុប្បន្ន​មាន​អ្នក​តាមដាន​លើ​បណ្តាញ​សង្គម​ទាំងអស់​សរុប​ជាង ៥៥០​លាន​នាក់ នៅ​លើ​ពិភពលោក ហើយ​ក្នុង​នោះ​អ្នកគាំទ្រ​នៅ​សហរដ្ឋអាមេរិក​ផ្ទាល់​ក៏​មាន​ចំនួន​ច្រើន​លាន​នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ